សៀមរាប និង​ព្រះ​សីហ​នុ ជា​ខេត្ត​ប្រកួតប្រជែង​សក្ដានុពល​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ

រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា​វិស័យ​អចលនទ្រព្យ​កំពុង​មាន​សន្ទុះ​ងើបឡើង​ស្ទើរតែ​គ្រប់​ផ្នែក​ទាំង​សំណង់ និង​ដីធ្លី ។ ទោះបី​យ៉ាងណា ខេត្ត​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ ។ បច្ចុប្បន្ន​នេះ​មាន​ខេត្ត​ចំនួន​ពីរ​អាច​និយាយ​ថា ជា​ខេត្ត​ប្រកួតប្រជែង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នោះ គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា ៖ « ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​វិនិយោគ និង​សកម្មភាព​វិនិយោគ​ដូច​ខេត្តសៀមរាប​ដែរ ព្រោះ​ខេត្ត​ទាំង​ពីរ​នេះ​ជា​តំបន់​ដែល​មានការ​ទាក់ទាញ​ទេសចរណ៍​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​ការ​វិនិយោគ​ក្នុង​តំបន់​ទាំង​ពីរ​នេះ​មាន​ទាំង​ប្រយោល និង​ផ្ទាល់ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « ខេត្ត​កំពង់សោម ជា​ខេត្ត​ប្រដំ​ត្រសង​គ្នា​ជាមួយនឹង​ខេត្តសៀមរាប និង​ជា​ខេត្ត​ដែល​ទាក់ទាញ​ខ្លាំង ព្រោះ​វា​ជា​តំបន់​មាន​ឆ្នេរសមុទ្រ​ស្រស់​ស្អាត និង​បាន​ហុច​សក្ដានុពល​វិនិយោគ​ខ្ពស់​ទៅ​អ្នក​វិនិយោគ​សម្រាប់​វិនិយោគ​ផ្ទាល់ និង​ប្រយោល​។ ការ​វិនិយោគ​ផ្ទាល់​របស់​គាត់​ហ្នឹង គឺ​តាម​រយៈ​ការ​វិនិយោគ​អគារ​អា​ផាត់​មែន អូ​តែ​ល ដែល​ការ​វិនិយោគ​ភាគច្រើន​ជា​ការ​វិនិយោគ​រយៈពេល​ខ្លី » ។

លោក​បន្ថែម​ថា ៖ « ដោយសារ​តែ​ប្រជាជន​កម្ពុជា​បាន​ងើប​ផុត​ពី​និទណ្ឌភាព​ក្រីក្រ ភាគច្រើន​ចូល​ដល់​កម្រិត​មធ្យម​ដែល​ធ្វើ​ឱ្យ​ជីវភាព​បាន​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់ និង​ធ្វើ​ឱ្យ​តម្រូវការ​ផ្ទះសម្បែង​ពី​សំណាក់​ប្រជាពលរដ្ឋ​កើនឡើង ។ មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ ខុន​ដូ​ជា​ច្រើន​បានក​កើតឡើង ហើយ​ដូច​យើង​ឃើញ​ស្រាប់ នៅ​ខេត្ត​ព្រះ​សីហ​នុ គម្រោង​ខុន​ដូ​មួយ​ចំនួន​បាន​កើត​ឡើងជា​បន្តបន្ទាប់ ។ ការ​កកើត​នៃ​ខុន​ដូ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ វា​ជា​ការ​បំពេញតម្រូវការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ខ្មែរ និង​បរទេស ។ ដូច​យើង​បានដឹង​ស្រាប់​ហើយ ពេល​មានបុណ្យ​ទាន​ម្ដង​ៗ​រក​ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​ស្នាក់​មិន​បាន អីុ​ចឹ​ង​ហើយ​នៅ​ពេល​ដែល​មាន​ខុន​ដូ អ្នកមាន​ជីវភាព​ធូរធា គាត់​អាច​ទិញ​ទុក​សម្រាប់​សម្រាកលំហែ ឬ​សម្រាប់​ទទួលភ្ញៀវ​នៅ​ពេល​មានបុណ្យ​ធំ​ៗ ជាដើម » ។

លោក​បញ្ជាក់​ថា ៖ « នៅ​បណ្ដា​ប្រទេស​រីក​ចម្រើន​ជឿនលឿន តំបន់​មាត់សមុទ្រ គឺជា​ប្រភព​កន្លែង​ទាក់ទាញ​បំផុត​សម្រាប់​ការ​វិនិយោគ ជា​ពិសេស ការ​វិនិយោគ​ជា​កន្លែង​លំហែកាយ ការ​រស់នៅ និង​កន្លែង​កម្សាន្ត ប៉ុន្តែ​សម្រាប់​តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ក៏​ពុំគួរ​ដាក់​ទុន​វិនិយោគ​ច្រើន​ពេក​ដែរ ព្រោះ​កម្រិត​នៃ​ចំណូល​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នៅ​មាន​កម្រិត​នៅឡើយ » ។

ចំណែក​លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​មួយ​ដែល មាន​ច្រក​កំពង់​ផែ​ដ៏​សំខាន់ រាល់​ទំនិញ​ចេញចូល​ក្រៅប្រទេស​ភាគច្រើន​ត្រូវ​ឆ្លងកាត់​តាម​តំបន់​នេះ ។ មិនតែប៉ុណ្ណោះ ខេត្ត​ព្រះ​សីហ​នុ ក៏​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​បរទេស ដោយ​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សម្រាប់​ភ្ញៀវ​ចេញចូល​ផង​ដែរ » ។

លោក ឌឹ​ត ច​ណ្ណា បន្ត​ថា ៖ « ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ភាគច្រើន យើង​សង្កេត​ឃើញ​ថា វិស័យ​ទេសចរណ៍​ខ្លាំង​ជាងគេ ក្នុង​នោះ​មាន​ដូច​ជា​សណ្ឋាគារ និង​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ ក្រៅពី​នោះ វិស័យ​ឧស្សាហកម្ម ក៏​ជា​ចំណាប់​មួយ​សម្រាប់​អ្នក​វិនិយោគ​នៅ​តំបន់​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ ដោយឡែក សម្រាប់​ខុន​ដូ ក៏​មាន​លេច​ចេញ​នូវ​គម្រោង​មួយ​ចំនួន និង​គ្រោង​មាន​ខុន​ដូ​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ​នេះ » ។

លោក​បន្ថែម​ទៀត​ថា ៖ « ក្រៅពី​ខេត្ត​ព្រះ​សីហ​នុ​និង​ភ្នំពេញ ខេត្តសៀមរាប​ក៏​ជា​ខេត្ត​មាន​សក្ដានុពល​វិនិយោគ​មួយ​ដែរ​នៅ​ពេល​បច្ចុប្បន្ន និង​នៅ​ពេល​អនាគត ដោយសារ​តែ​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​ដ៏​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត កំពង់សោម គឺជា​គោលដៅ​វិនិយោគ​ខ្លាំង​ជាង​សៀមរាប ព្រោះ​មាន​កំពង់​ផែ និង​ជា​ខេត្ត​ដែល​អាច​ទទួលយក​ប្រេងឥន្ធនៈ​នៅ​ពេល​ខាង​មុខ » ។

គួរ​បញ្ជាក់​ថា ថ្មី​ៗ​នេះ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​បាន​ដឹកនាំ​ក្រុមហ៊ុន​ភ្នាក់ងារ និង​អ្នក​វិនិយោគ​មួយ​ចំនួន​ទៅ​សិក្សា និង​វាយតម្លៃ​អំពី​សក្ដានុ​ពល​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ៕