គណបក្ស​មាន​អាសនៈ​ទាំងពីរ​ពិភាក្សាគ្នា​ពី​ច្បាប់​សហជីព​

​មន្ត្រី​បក្ស​កាន់អំណាច​និង​មន្ត្រី​គណបក្សប្រឆាំង នឹង​ជួបជុំគ្នា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ច្បាប់​ស្តីពី សហជីព នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ស្អែក​នេះ​។ នេះបើតាម​សេច​ក្កី​ជួន​ដំណឹង​របស់​រដ្ឋសភា ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ។

​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដែល​កើតចេញពី​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង នឹង​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់ លើ​សេចក្តីព្រៀងច្បាប់ ស្តីពី​សហជីព ដោយ​ប្រព្រឹត្តទៅ​នៅ វិមាន​រដ្ឋសភា នា​ថ្ងៃទី​៤ ខែមករា ឆ្នាំ២០១៦ ។ ការជួប​ជុំគ្នា​រវាង​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក សមាជិការ​រដ្ឋសភា បាន​ចួប​និង​ស្តាប់​យោបល់​ពី​តំណាង​សហជីព​ប្រមាណ​ជាង​៣០ នាក់ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​។

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ មាន​៧​ជំពូក និង​១០០​មាត្រ ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត និង​បញ្ជូន​ទៅកាន់​រដ្ឋសភា កាល​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ ។ មេ​សហជីព​មួយចំនួន ធ្លាប់​អះអាងថា ប្រសិនបើ​ច្បាប់​សហជីព​ត្រូវបាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​ការកែប្រែ នោះ​ស្ថាប័ន​សហជីព អាច​នឹង​ដួលរលំ ដោយសារតែ​ភាព​រឹតត្បិត​នៃ​ច្បាប់​នេះ​។

​ដោយមាន​ការស្នើសុំ​ពី​សំណាក់​សហជីព ទៅកាន់​ស្ថាប័ន​នីតិបញ្ញត្តិ រួមទាំង​គណបក្សប្រឆាំង ឲ្យ​ជួយ​ទប់ស្កាត់​ការ​អនុ​ប័ត​ច្បាប់​នេះ គណបក្ស​ទាំងពីរ ក៏​សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច កាលពី​ថ្ង​ទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​៕