1​ភាគ​5 នៃ​ការ​ផ្ទេរ​ប្រាក់​មក​កាន់​ក្រុង​ហូ​ជី​មិ​ញ គឺ​សំដៅ​វិស័យ​អចលនទ្រព្យ

ប្រទេស​វៀតណាម ៖ អគ្គនាយករង​នៃ​ធនាគារ​រដ្ឋ​វៀតណាម សាខា​ក្រុង​ហូ​ជី​មិ​ញ លោក Nguyen Hoang Minh មាន​ប្រសាសន៍​ថា ៖ « ប្រមាណ​ជា​២១,៦% នៃ​បរិមាណ​ទឹកប្រាក់​១​ប៊ី​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន ឬ​ផ្ញើ​បញ្ចូល​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឬ​កើនឡើង​០,៨% » ។

លោក​អគ្គនាយក​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា ៖ « ចំនួន​ទឹកប្រាក់​ដែល​ផ្ទេរ ឬ​ផ្ញើ​ពី​បរទេស​មក​កាន់​ទីក្រុង​ហូ​ជី​មិ​ញ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ចំនួន​៥,៥​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ» ។

លោក​បន្ត​ថា ៖ « ប្រសិនជា​វិស័យ​អចលនទ្រព្យ​របស់​ក្រុង​នេះ​នៅ​តែ​បន្ត​ទទួល​បាន​ភាគរយ​ដូច​គ្នា​នេះ​២១,៦% ការ​ផ្ទេរ​ប្រាក់​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា នឹង​សម្រេច​បាន​ខ្ទង់​ជា​១,២​ប៊ី​លាន​ដុល្លារ​ឯណោះ » ។

លោក Nguyen Hoang Minh ត្រូវ​បាន​កាសែត Thanh Nien ដកស្រង់​សម្តី​ថា ៖ « ការ​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​មក​វិស័យ​អចលនទ្រព្យ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា នឹង​កើនឡើង​នៅ​ថ្ងៃ​អនាគត ស្រប​ពេល​ច្បាប់​លំនៅ​ឋាន​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​រួចរាល់ ដែល​នឹង​លើកទឹកចិត្ត​ដល់​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស នៅ​ក្នុង​ការ​តម្រង់​ទិស​ដៅ​មក​កាន់​វៀតណាម ក៏​ដូច​ជា​ធ្វើ​ឲ្យ​វា​មាន​ភាព​ងាយស្រួល​ជាង​មុន​សម្រាប់​ជនបរទេស​ក្នុង​ការ​ទិញ​ផ្ទះ​នៅ​ប្រទេស​នេះ » ។
ចំណែក​ធនាគារពិភពលោក​បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​មួយ​ថា វៀតណាម​បាន​ទទួល​នូវ​ការ​ផ្ទេរ​ប្រាក់​ចូល​ប្រទេស​សរុប​ចំនួន​១២,២៤៨​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។

ដូច្នេះ​ប្រទេស​វៀតណាម គឺជា​អ្នក​ទទួល​ប្រាក់​ផ្ញើ​ពី​បរទេស​ធំ​ជាងគេ​បំផុត​ទី​១១ នៅ​លើ​ពិភពលោក និង​លំដាប់​ទី​៣ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក តាម​ពីក្រោយ​ចិន និង​ហ្វ៊ី​លី​ពី​ន ៕