អន្តរក្រសួង ប្រកាស​លើ​ប្រាក់ចំណូល ពីការ​ពិន័យ​ច្បាប់ចរាចរណ៍​ ផ្លូវគោកថ្មី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការ ជាមួយក្រសួងមហាផ្ទៃ ចេញនូវ សេចក្ដីប្រកាសអន្តរ ក្រសួងរួមគ្នាមួយស្ដីពី ការគ្រប់គ្រងប្រាក់ចំណូល ដែលបានពីការ ពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ស្ដី ចរាចរណ៍ផ្លូវគោក ដែលមាន ១៦ប្រការ។

ក្នុងចំណោម១៦ប្រការនោះ មានចំណុចខ្លះនៃប្រការទី១បានសរសេរថា ការប្រមូលចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាសមត្ថកិច្ចរបស់មន្រ្តីនគបាលចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ។ ចំណែកប្រការ១០វិញមានចំណុចមួយសរសេរថា ៖ អនុញ្ញាតឲ្យក្រសួងមហាផ្ទៃ កាត់ទុកប្រាក់ចំណូល ចំនួន ៩៦% នៃប្រាក់ចំណូលដែលបានប្រមូលបានពីការពិន័យចំពោះអំពើល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចាត់ចែងបើកផ្ដល់ជូនបណ្តាអង្គភាពគោលដៅ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចមានប្រកាសក្នុង ប្រការ៧ នៃប្រកាសអន្តរក្រសួងនេះ។

ចំណុចខ្លះក្នុងប្រការ១២ សរសេរថា ៖ ការបើកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្រ្តីរាជការនៃក្រសួងទាំងពីរ និងមន្រ្តីរាជការសាលាជម្រះក្ដី ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ ដោយឈរលើគោលការណ៍ សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ ។

ប្រការ១៤សរសេរថា៖ការទូទាត់ប្រាក់រង្វាន់លើកទឹកចិត្ត ត្រូវអនុវត្តន៍តាមនីតិវិធី ដូចជាផ្នែកចំណូល ក្រសួងមហាផ្ទៃត្រូវធ្វើសំណើសុំកត់ត្រាចំណូល និងធ្វើសលាកប័ត្រចំណូលថវិការជាតិនូវចំនួនទឹកប្រាក់ ដែលបានបុរេប្រទាន រួចបញ្ជូនកមអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ។

ក្រសួងមហាផ្ទៃត្រូវធ្វើសំណើសុំទូទាត់ចំណាយប្រាក់រង្វាន់លើកទឹកចិត្ត និងធ្វើអាណត្តិបើកប្រាក់ ដោយចុះចំនួនទឹកប្រាក់ស្មើនិងចំនួនទឹកប្រាក់បុរេប្រទាន ដែលបានចុះនៅក្នុងសលាកប័ត្រចំណូលថវិការជាតិ។

សូមជំរាបថា សេចក្ដីប្រកាសអន្តរ ក្រសួងរួមគ្នាមួយស្ដីពី ការគ្រប់គ្រងប្រាក់ចំណូល ដែលបានពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីចរាចរណ៍ផ្លូវគោក ដែលមាន ១៦ប្រការនេះ ចុះហត្ថលេខាដោយសម្តេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមអូនព័ន្ឋ មុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះកាលពីថ្ងៃទី២៩ធ្នូឆ្នាំ២០១៥កន្លងទៅ៕