គ​.​ជ​.​ប ជម្រុះ​បេក្ខភាព​អគ្គលេខា និង​អគ្គ​រង យកតែ​១៥​រូប នៅ​ថ្ងៃ​អង្គារ

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​បន្ត​នីតិវិធី​ចម្រាញ់​រើស​បេក្ខជន​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​តែ​១៥​រូប នៅ​ថ្ងៃ​អង្គារ​ទី​៥​មករា​។​

​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប ) នឹង​ពិនិត្យ​ឯកសារ​បេក្ខជន​ដែល​ដាក់​ពាក្យសុំ​សម្រាប់​តួនាទី​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នៅក្នុង​ស្ថាប័ន​មួយ​នេះ​។​

​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា គ​.​ជ​.​ប នឹង​ប្រជុំ​ជម្រុះ និង​រក្សាទុក​បេក្ខភាព​តែ​ចំនួន​១៥​រូប​តែប៉ុណ្ណោះ​នៅ​ថ្ងៃ​អង្គារ​ខាងមុខ សម្រាប់​សម្រេច​ចុងក្រោយ​។​

​លោក ហង្ស ពុទ្ធា ដែលជា​សមាជិក​គ​.​ជ​.​ប ផង​នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​នៅ​ថ្ងៃ​អង្គារ​នោះ យើង​នឹង​រក្សាទុក​បេក្ខភាព​តែ​១៥​រូប ទាំង​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​។ ក្រោយពី​យើង​ទទួលបាន​អ្នក​ទាំង​១៥​រូប​ហើយ យើង​នឹង​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​ទាំង​៩​រូប ដើម្បី​ពួកគាត់​កំណត់​ថ្ងៃ​ប្រជុំ​រើស​បេក្ខជន​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​តែម្តង​»​។

​សម្រាប់​លោក ហង្ស ពុទ្ធា លទ្ធផល​នឹង​អាច​គេ​ដឹង​មិន​ហួស​ពី​ថ្ងៃទី​១៥​ខែមករា​ឡើយ​។​

​គួររម្លឹកថា មាន​បេក្ខជន​ជាង​២០​រូប ក្នុងនោះ​ក៏មាន​លោក​ទេព នីថា ដែលជា​អគ្គលេខាធិការ​បច្ចុប្បន្ន បានដាក់​ពាក្យ​ស្នើ​សម្រាប់​តួនាទី​អគ្គលេខាធិការ គ​.​ជ​.​ប និង​ជាង​៨០​រូប​ផ្សេងទៀត​សម្រាប់​ដំណែង​អគ្គលេខាធិការរង​។​

​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លក្ខខណ្ឌ​ដែល​បេក្ខជន​អាចដាក់​ពាក្យ​ក្នុង​តំណែង​ទាំងពីរ​នេះ​បាន ត្រូវមាន​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​តែមួយគត់ ក្នុង​រយៈពេល​បំពេញការងារ ។ បេក្ខជន​ត្រូវមាន​អាយុ​យ៉ាងតិច ៣០ ឆ្នាំ គិតដល់​ថ្ងៃ​តែងតាំង មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់ពី​ឧ​ត្ត​ម​សិក្សា​ឡើងទៅ មានបទពិសោធន៍​ការងារ​យ៉ាងតិច ៥ ឆ្នាំ​។ ជាង​នេះ​បេក្ខជន មិន​ត្រូវជា​សហព័ទ្ធ ឬ​ញាតិ​លោហិត ឬ​ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី ១ របស់​ប្រធាន អនុប្រធាន​គណបក្សនយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ​៕