បង្ក្រាប​ករណី​គ្រឿងញៀន​ទាំង​យប់​នៅ​ខណ្ឌមានជ័យ​ ចាប់ខ្លួន​ជនសង្ស័យ​១០​នាក់​និង​ថ្នាំ​ញៀន​៣​កញ្ចប់

រាជធានី​ភ្នំពេញ ៖​ កម្លាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៦ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជាក់ស្តែង​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នា​ត និង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​១០​នាក់ និង​ដកហូត​ថ្នាំ​ញៀន​បាន​៣​កញ្ចប់ ។

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១០​នាក់​មិន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ពី​អត្តសញ្ញាណ​ឡើយ ដោយ​បច្ចុប្បន្ន​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ គឺ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បើក​ការ​ស្រាវជ្រាវ​តាមដាន​រហូត​ទទួល​តម្រុយ​ច្បាស់​ពី​ទីតាំង​ពួន​សម្ងំ​លាក់ខ្លួន​របស់​ជន​ទាំង​១០​នាក់ ទើប​សុំ​ការ​សហការ​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ។ ក្នុង​ការ​ប្រតិបត្តិការ​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​អាវុធហត្ថ​បាន​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​តូច និង​ឧបករណ៍ ក៏​ដូច​ជា​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ ៕