វិស័យ​អចលនទ្រព្យ​របស់​ចិន​នឹង​សម្រេច​បាន​កំណើន​ខ្សោយ​ក្នុង​ឆ្នាំ​2016

ប្រទេស​ចិន ៖ យោង​តាម​អង្គការ​ស្រាវជ្រាវ​អចលនទ្រព្យ​មួយ​ឲ្យ​ដឹង​ថា តម្លៃ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើងជា​លំដាប់​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ភាព​ផ្ទុយ​គ្នា​នៅ​តាម​បណ្តា​ទីក្រុង​តូច​-​ធំ នឹង​នៅ​តែ​បន្ត​កើត​មាន​ដដែល ។

តាម​របាយការណ៍​ថ្មី​មួយ​របស់​ទីភ្នាក់ងារ China Index Academy ឲ្យ​ដឹង​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​ប្រហែលជា​បាន​ជួយ​សម្រួល​ដល់​ការ​ផ្គត់ផ្គង់​ហួស​ប្រមាណ​នៃ​លំនៅ​ឋាន​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន​ឆ្នាំ​នេះ ដែល​នាំ​មក​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​តម្លៃ និង​តម្រូវការ​ក្នុង​ទីក្រុង​ធំ​ៗ ។

ជាង​នេះ​ទៀត អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​បន្ត​ផ្តោត​លើ​ការ​កាត់​បន្ថយ​អនុ​បាត​នៃ​ការ​លក់​អចលនទ្រព្យ និង​ការ​ចុះ​បញ្ជីសារពើភ័ណ្ឌ​ក្នុង​ឆ្នាំ​២០១៦ ជាមួយនឹង​តម្លៃ​ជា​មធ្យម​ថ្នាក់​ជាតិ ដែល​គេ​រំពឹង​ថា នឹង​កើនឡើង​៤% ទៅ​៧% ។

រហូត​មក​ដល់​ពេល​នេះ តម្លៃ​លំនៅ​ឋាន​ឯកជន​ជា​មធ្យម​ក្នុង​បណ្តា​ទីក្រុង​ចំនួន​១០០ បាន​កើនឡើង​៣,៣៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ខណៈ​ទីក្រុង​លំដាប់​កំពូល​កើន​១៥,១% ឆ្នាំ​នេះ ក្រុង​ធំ​ទី​២ និង​ទី​៣ ធ្លាក់​ថ្លៃ ។

ការ​ដើរ​ផ្ទុយ​គ្នា​នៃ​ទីផ្សារ​នឹង​ប្រែ​ក្លាយជា​អាច​មើលឃើញ​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦ ស្រប​ពេល​ដែល​លំហូរ​នៃ​អត្រា​ប្រជាជន និង​ភាព​ថ្កុំថ្កើង​រុងរឿង​នៃ​សេដ្ឋកិច្ច​បាន​ជំរុញ​តម្លៃ​ផ្ទះ​ឲ្យ​កាន់តែ​ខ្ពស់​ជាង​មុន​នៅ​តាម​ទីក្រុង​ធំ​ៗ ខណៈ​ការ​ផ្គត់ផ្គង់​លើស​ចំនួន​ញ៉ាំង​ឲ្យ​តម្លៃ​ហាងឆេង​ក្នុង​ទីក្រុង​តូច​ៗ​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ។

ទីផ្សារ​អចលនទ្រព្យ​ចិន​បាន​នាំ​មក​នូវ​និន្នាការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៤ ដោយសារ​តែ​ការ​ចុះ​ខ្សោយ​នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​លើស​ចំនួន​។ កត្តា​នេះ​បន្ត​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០១៥ ជាមួយនឹង​ការ​លក់ និង​តម្លៃ​ធ្លាក់​ចុះ ហើយ​ការ​វិនិយោគ​ក៏​ខ្សោយ ។

ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ភាព​ចុះ​ខ្សោយ​នៃ​ទីផ្សារ និង​ការ​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើង​នៃ​ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច ធនាគារកណ្តាល​របស់​ចិន​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​គោល​៥​លើក និង​ទម្លាក់​តម្រូវការ​បម្រុង​របស់​ធនាគារ​ឲ្យ​ទាប​ជាង​មុន​ទៀត​ផង ។  វិស័យ​លំនៅ​ឋាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​នៃ​ការ​រើប​ឡើង​វិញ​ក្នុង​រដូវក្តៅ និង​រដូវរំហើយ​ជាមួយនឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​តម្លៃ​ផ្ទះ ។

យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​សន្និសីទ​កិច្ចការ​សេដ្ឋកិច្ច​កណ្តាល​ឱ្យ​ដឹង​ថា ការ​កាត់​បន្ថយ​អនុ​បាត​នៃ​ការ​លក់​អចលន​ទ្រព្យ និង​ការ​ចុះ​បញ្ជីសារពើភ័ណ្ឌ​នឹង​ក្លាយជា​កិច្ចការ​ដ៏​សំខាន់​មួយ​ក្នុង​ឆ្នាំ​២០១៦ ខាង​មុខ​នេះ ៕