ហាងឆេង​ប្រាក់​ដុល្លារ​ខ្លាំង​ជាង​មុន​វាយលុក​ទីផ្សារ​ផ្ទះ​ទោល​នៅ​មី​យ៉ា​ន់​ម៉ា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ យោង​តាម​ទីភ្នាក់ងារ​អចលនទ្រព្យ​ឲ្យ​ដឹង​ថា តម្លៃ​ទីផ្សារ​ជួល​សម្រាប់​លំនៅ​ឋាន​ទោល ឬ​នៅ​ដាច់​ដោយឡែក ដែល​ជា​និច្ចកាល​មានមុខ​ងារ​ជា​ផ្ទះ​ស្នាក់​នៅ និង​ទីធ្លា​ការិយាល័យ​សម្រាប់​ជនបរទេស​ដែល​ចំណាកស្រុក​មក​ប្រកបការងារ​នៅ​ទី​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ។

លោក Ko Htoo Myat Naing ភ្នាក់ងារ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Myanmar Real Estate Agent នៅ​ក្រុង​រ៉​ង់​ហ្គូ​ន ថ្លែង​ថា ៖ « តម្លៃ​ជួល​សម្រាប់​ផ្ទះ​ដាច់​ដោយឡែក​ពី​គេ គឺ​មាន​ហាងឆេង​យ៉ាងតិច​៥.០០០​ដុល្លារ​ដែរ​ក្នុង​មួយ​ខែ បាន​ធ្លាក់​ថ្លៃ​១០% និង​២៥% » ។

លោក​បន្ថែម​ថា ៖ « ទីផ្សារ​លំនៅ​ឋាន​ដាច់​ដោយឡែក​ពី​គេ​ឬ​ផ្ទះ​ទោល គឺ​មាន​ភាព​ស្ងប់ស្ងាត់​បំផុត ។ ទីផ្សារ​ទាំងនោះ​មាន​សកម្មភាព​ខ្លាំងក្លា​កាលពី​ឆ្នាំទៅ ប៉ុន្តែ​តម្លៃ​ជួល​បាន​ធ្លាក់​ចុះ​១០%​ទៅ​២៥% ផ្អែក​ទៅ​តាម​ទីតាំង​ផ្ទះ » ។

បណ្តា​ទីភ្នាក់ងារ​អចលនទ្រព្យ​នានា​បន្ទោស​ថា គឺ​មក​ពី​ភាព​ខ្លាំង​ជាង​មុន​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ស្រប​ពេល​ដែល​តម្លៃ​ជួល​លំនៅ​ឋាន​ប្រភេទ​នោះ​ភាគច្រើន​គិតថ្លៃ​ឈ្នួល​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

ជុំវិញ​ហាងឆេង​ប្រាក់​ដុល្លារ​ខ្លាំង​ជាង​មុន​នេះ លោក Ko Htoo Myat Naing ឱ្យ​ដឹង​ថា ៖ « ប្រាក់​ដុល្លារ​ត្រូវ​បាន​ពង្រឹង​ពី​ក្នុង​រង្វង់​៨០០​ខ្យា​ដ​ទៅ​១.៣០០​ខ្យា​ដ ។ ដូច្នេះ តម្លៃ​ជួល​គិត​ជា​លុយ​ខ្យា​ដ​មី​យ៉ា​ន់​ម៉ា គឺ​កាន់តែ​ថ្លៃ ដែល​វា​គួរតែ​ជា​ហេតុផល​មួយ​សម្រាប់​ការ​ចុះ​ខ្សោយ​ជាង​មុន​នៃ​ទីផ្សារ ។ ប៉ុន្តែ​តម្លៃ​ជួល​សម្រាប់​ផ្ទះ​ប្រភេទ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ត្រូវ​បាន​កំណត់​ជា​ប្រាក់​ខ្យា​ដ ក៏​កំពុង​ដាំ​ក្បាល​ចុះ​ដែរ » ។

ទីភ្នាក់ងារ​អចលនទ្រព្យ​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា តម្លៃ​ជួល​ជា​លុយ​ខ្យា​ដ​ចំពោះ​ផ្ទះ​ដាច់​ដោយឡែក​ពី​គេ គឺ​ស្ថិត​ក្នុង​កម្រិត​ពី​១​លាន​ខ្យា​ដ​ទៅ​ជាង​១០​លាន​ខ្យា​ដ​ក្នុង​មួយ​ខែ ផ្អែក​ទៅ​តាម​ទីតាំង ការ​តុបតែង​នៃ​ផ្នែក​ខាងក្នុង និង​ប្រវែង​នៃ​ផ្ទៃក្រឡា ។ ចំណែក​ទីផ្សារ​លំនៅ​ឋាន​ប្រភេទ​នេះ​នៅ​ក្នុង​ឃុំ Bahan, Kamaryut និង Yankin គឺ​មាន​សកម្មភាព​ខ្លាំងក្លា​ជាង​តំបន់​ដទៃ ។

ចំណែក​លោកស្រី Daw Thuzar May មក​ពី​ក្រុមហ៊ុន Thitsar Real Estate Agency បាន​មាន​ប្រសាសន៍​ថា ៖ « ម្ចាស់​លំនៅ​ឋាន​ប្រភេទ​នេះ មិន​បាន​តុបតែង​កែ​លម្អ​ផ្នែក​ខាងក្នុង​ផ្ទះ​របស់​ខ្លួន​ឡើយ ឬ​ក៏​ផ្គត់ផ្គង់​តុទូ​ទាំងស្រុង​នោះ​ទេ ។ តែ​បច្ចុប្បន្ន ពួក​គេ​បាន​អនុវត្ត​កិច្ចការ​ទាំងនេះ​ហើយ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​ជួល ។ ទោះជា​យ៉ាងណា តម្លៃ​នៅ​តែ​ធ្លាក់​ថ្លៃ​ដដែល ជា​ពិសេស ការ​ផ្តល់​នូវ​ការ​ដាក់​លក់​ការិយាល័យ​ថ្មី និង​លំនៅ​ឋាន​ប្រណីត » ។

លោកស្រី​បន្ត​ថា ៖ « ទីផ្សារ​ជួល​សម្រាប់​លំនៅ​ឋាន​ប្រភេទ​ខ្នាត​តូច គឺ​មាន​តម្លៃ​ហាងឆេង​ចន្លោះ​ពី​២​លាន​ខ្យា​ដ​ទៅ​៣​លាន​ខ្យា​ដ ដែល​នៅ​តែ​រឹង​មាំ​ដដែល ។ តម្លៃ​នេះ គឺ​ដូច​គ្នា​នឹង​ហាងឆេង​លំដាប់​ខុន​ដូ​ដែរ » ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ទោះជា​យ៉ាងណា តម្លៃ​ទិញ​នៃ​ផ្នែក​មួយ​ចំនួន​ក្នុង​ក្រុង​រ៉​ង់​ហ្គូ​ន បាន​ធ្លាក់​ចុះ​ជាង​៣០% ឯណោះ ។

លោកស្រី Daw Thuzar May បន្ត​ថា ៖ « តម្លៃ​ផ្ទះ​ទោល​មួយ​ចំនួន​បាន​ធ្លាក់​ថ្លៃ​ជាង​៣០% ហើយ​ផ្ទះ​ទាំងនោះ​នៅ​តែ​លក់​មិន​ចេញ​ដដែល​។ ផ្ទះ​ប្រភេទ​នេះ​ត្រូវការ​ការ​វិនិយោគ​ច្រើន តែ​វិនិយោគិន​នានា​មិន​បាន​ចាប់អារម្មណ៍​ឡើយ » ។

ការ​ជួល​ផ្ទះ​ដោយឡែក​ពី​គេ​ឲ្យ​ទៅ​ឱ្យ​ជនបរទេស គឺ​មានការ​ពេញ​និយម​ក្នុង​ឆ្នាំ​២០១៣​កន្លង​មក ក្នុងអំឡុងពេល​មានការ​ហូរ​ចូល​នៃ​បណ្តា​ក្រុមហ៊ុន​បរទេស​ជា​ច្រើន ។ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​ប្រណីត និង​ទីធ្លា​ការិយាល័យ​បាន​កើនឡើង ដែល​បណ្តា​វិនិយោគិន​អាច​បង់​រំលស់​បាន​។ ដូច្នេះ បណ្តា​វិនិយោគិន​នានា​បាន​យក​ជម្រើស​នៃ​ការ​បង់​បណ្តាក់​តែ​ម្តង ៕