ក្រុង​សៀង​ហៃ​លក់​ផ្ទះ​ប្រណីត​បាន​8​ពាន់​យូ​នី​ត​ក្នុង​ឆ្នាំ​2015

ប្រទេស​ចិន ៖ បណ្តា​អ្នកទិញ​ក្នុង​ជួរ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ត្រូវ​បាន​គេ​វាយតម្លៃ​ថា នឹង​ទិញ​ផ្ទះ​ប្រណីត​ថ្មី​ចំនួន​៨​ពាន់​យូ​នី​ត​ដែល​មួយ​ខ្នង​ផ្ទះ​មាន​តម្លៃ​ទឹកប្រាក់​១០​លាន​យន់ (១,៥​លាន​ដុល្លារ​) នៅ​ទីក្រុង​សៀង​ហៃ​ក្នុង​ឆ្នាំ​២០១៥​នេះ ដែល​មាន​បរិមាណ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។

ក្រុមហ៊ុន​ទីភ្នាក់ងារ​អចលនទ្រព្យ Shanghai Homelink Real Estate Agency Co បាន​ថ្លែង​ក្នុង​របាយការណ៍​មួយ​ថា ទីក្រុង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​សៀង​ហៃ គិត​មក​ត្រឹម​ឆ្នាំ​២០១៥​នេះ អាច​លក់​ផ្ទះ​ប្រណីត​បាន​ចំនួន​៧.៦០៦​ខ្នង​ផ្ទះ​ច្រើន​ជាង​ឆ្នាំ​២០១៤ និង​២០១៣ ទៅ​ទៀត ។

ចំណែក​លោក Lu Qilin អគ្គនាយក​ផ្នែក​ស្រាវជ្រាវ​របស់ Shanghai Homelink មាន​ប្រសាសន៍​ថា ៖ « គិត​ចាប់ពី​ខែមេសា ការ​ទិញ​ផ្ទះ​ថ្មី​ប្រចាំខែ​ក្នុង​តម្លៃ​ជាង​១០​លាន​យន់ គឺ​មាន​ចំនួន​លើស​ពី​៥០០​យូ​នី​ត​/​ខ្នង​ផ្ទះ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​សម្រាប់​ទីផ្សារ​លំនៅ​ឋាន​ថ្មី​មាន​និន្នាការ​លក់ដាច់ ជា​ពិសេស ក្នុង​ពពួក​ផ្ទះ​ប្រណីត​តែ​ម្តង » ។

តាម​ទិន្នន័យ​ពី Homelink បង្ហាញ​ថា តម្លៃ​ផ្ទះ​ប្រណីត​ថ្មី​ដែល​មាន​តម្លៃ​ក្នុង​ចន្លោះ​ពី​១០​លាន​យន់ ទៅ​២០​លាន​យន់ ស្មើនឹង​៨០% នៃ​ហាងឆេង​សរុប​ទាំងអស់​ចំពោះ​ផ្ទះ​ដែល​បាន​លក់​ចេញ ។

ដោយឡែក អ្នក​សង្កេត​ទីផ្សារ​លើក​ឡើង​ថា គោលនយោបាយ​រូបិយ​វត្ថុ និង​គោលនយោបាយ​អនុគ្រោះ​ដល់​វិស័យ​អចលនទ្រព្យ ការ​ទម្លាក់​ថ្លៃ​នៃ​ប្រាក់​យន់​ចិន ភាព​ងាយ និង​ប្រែប្រួល​នៃ​ផ្សា​រមូល​ប​ត្រ ក៏​ដូច​ជា​បណ្តាញ​វិនិយោគ​ដែល​បាន​កម្រិត​បាន​ជួយ​រួម​គ្នា​ជំរុញ​ការ​លក់​ផ្ទះ​ប្រណីត ។

តំបន់ Pudong New Area បាន​នាំមុខ​ការ​លក់​១.៨៧១​យូ​នី​ត ដែល​តាម​ពីក្រោយ​ដោយ​សង្កាត់ Xuhui លក់​ចេញ​បាន​ត្រឹមតែ​១.១០៨​យូ​នី​ត​ប៉ុណ្ណោះ ៕