អាជ្ញាធរ​រាប់​រយនាក់​ បានរារាំង ​និង​រុញច្រាន មិនឲ្យ​​រៀបចំពិ​ធីគោរព​វិញ្ញាណក្ខន​ នៅ​ផ្លូវ​វេង​ស្រេង​

នៅ​ព្រឹក ​​នេះ អាជ្ញាធរ​រាប់​រយនាក់​ បាន​រុញ​ ច្រាន និង​បំបែក​​ក្រុម​អ្នក​រៀប​ចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន​ នៅ​ផ្លូវ​វេង​ស្រេង មិន​ឲ្យ​ជួប​ជុំគ្នា ​រៀបចំ​ពិធីសាសនា​អ្វី​នោះ​ទេ​។​  ជាការ​កត់​សម្គាល់ ​មិនមាន​ការ​ប៉ះទង្គិច​ធ្ងន់​ធ្ងរ រហូត​ដល់​បង្ហូរ​ឈាមគ្នា​​នោះឡើយ​។ សូម​បញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​​បង្រ្កាប​លើ​ហ្វូង​កម្មករ​​ដែល​ទាម​ទារ​ដំឡើង​ប្រាក់​ ខែ១៦០ដុល្លារ​ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​នៅ​រោង​ចក្រ​យ៉ាក់ជីង កាលពី​ថ្ងៃទី​២ ទី​៣ ខែ​មករា ឆ្នាំ២០១៤ បាន​បណ្តាល​ឲ្យ​កម្ម​ករ​៤នាក់​ស្លាប់, កម្មករ​ម្នាក់​​ បាន​បាត់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ ហើយ​២១​នាក់​ផ្សេង​ទៀត រង​របួស។ នៅ​​ថ្ងៃទី​៣មករានេះ សហជីព សង្គម​ស៊ីវិល​ ជិត​២០ និង​ក្រុម​សាច់​ញ្ញាតិ​របស់ជន​រងគ្រោះ​ បាន​ប្រមូល​គ្នា​រៀបចំ​ពិធី​បង្សុកូល​ដល់អ្នក​ស្លាប់ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ហាម​ឃាត់ ដោយ​សំអាង​ហេតុថា ពុំ​បាន​សុំ​ការ​អនុញ្ញាត​ និង​ការ​រក្សា​សន្តិសុខ​សណ្តាប់​សាធារណៈ។