​ជន​បរទេស​២នាក់ ភ្លេច​អីវ៉ាន់​​លើ​រថយន្ត​​​​ក្រុង​​ ត្រូវ​នគរបាល​ទេសចរ​​ស្រាវ​ជ្រាវ​រក​ឃើញ​​ប្រគល់​ឲ្យ​វិញ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​មន្ត្រីនគរបាល​ទេសចរ​ខេត្ត​ និង​ក្រសួង ​​បាន​ប្រគល់​​អី​វ៉ា​ន់​ឱ្យ​ទៅ​​អ្នកទេសចរ​​​ជន​ជាតិ​អា​ឡឺ​ម៉ង់​​ម្នាក់​ និង​ថៃ​​ម្នាក់​​​ ​ដែល​ជា​ម្ចាស់​របស់​​វិញ​​ រួម​មាន​ កាបូបយួរនិង​អូស​ចំនួន៣​ ​និង​ជើង​កាមេរ៉ា​១​ ​​បន្ទាប់​ពី​​​ជន​បរទេស​ទាំង​២នាក់​បាន​ភ្លេចនៅ​លើ​រថយន្ត​របស់​ក្រុមហ៊ុន​ហង្ស​ទេព​ កាលពី​រសៀល​ថ្ងៃ​ទី២​ ​ខែមករា ​ឆ្នាំ​២០១៦​ ​។

​មន្ត្រី​នគរបាល​ទេសចរ​​ក្រសួង​ប្រចាំ​ការ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​កោះសន្តិភាព​ថា​ កាលពី​ម៉ោង​៣​​និង៣០​​នាទី​រសៀល​ថ្ងៃ​ទី២​ មក​រា ២០១៥​ អ្នក​ទេសចរ​​ជា​​ជនជាតិ​អា​ឡឺ​ម៉​ង់​​ម្នាក់​(​ប្រុស​) ​និង​ស្ត្រី​ថៃ​ម្នាក់ ​ទាំង​២នាក់​​បាន​ភ្លេច​អី​វ៉ា​ន់​​លើ​រថយន្ត​ប្រភេទ​៤២​កៅអី​នៅ​ក្នុង​ក្រុមហ៊ុន​ហង្ស​ទេព​ ស្ថិត​នៅ​ភូមិ​ផ្សារ​កណ្តាល​ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​​ទាំង​២នាក់នេះ​​វិល​ត្រឡប់​ពី​ដើរ​កម្សាន្ត​​នៅ​ខេត្តសៀមរាប​រួច​មក ​។

​មន្ត្រី​នគរបាល​បន្ត​ថា​ ​អី​វ៉ា​ន់​ដែល​ភ្លេច​លើ​រថយន្ត​នោះ​ ក្រោយ​ពី​អ្នកបើកបរ​ប្រទះ​ឃើញ​​ក៏​​បាន​ឲ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ធ្វើការ​ទំនាក់ទំនង​ទៅ​មន្ត្រី​នគរបាល​ទេសចរ​​ខេត្ត​និង​ក្រសួង​ ឲ្យ​ស្រាវ​ជា្រវ​រក​ម្ចាស់​ ​​ថ្វី​ត្បិត​តែ​ម្ចាស់​​អី​វ៉ា​ន់​​បាន​ឆ្លង​ព្រំដែន​ទៅ​ដល់​ទឹកដី​ថៃ​ហើយ​ក៏​​ដោយ ​ប៉ុន្តែ​សមត្ថកិច្ច​បាន​ទាក់​ទង​ស្រាវ​ជ្រាវ​ហៅ​ម្ចាស់​មក​វិញ​ ដើម្បី​ទទួល​​យក​អី​វ៉ា​ន់​នៅ​រសៀល​ថ្ងៃ​ដដែល​ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​៕ ​