ធា នុ​រាជ ស្ដារ​មុខមាត់​ក្រោយ​ចាញ់​កីឡាករ​ថៃ​នៅ​សង្វៀន SEA-TV

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២ មក​រា ម្សិល​ម៉ៃ្ង កីឡាករ​ធា នុ​រាជ ដែល​មានឈ្មោះ​ដើម​ថា សូ​យ ភារ​ម្យ បាន​ទទួល​ជ័យជម្នះ​លើ​កីឡាករ ឡៅ ផា​នាថ ដូច​ការ​គ្រោងទុក​បន្ទាប់​ពី​បាន​បាក់មុខ​ធ្វើ​ឱ្យ​មហាជន​ខកចិត្ត ។ នេះ​ជា​លទ្ធផល​របស់​គេ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បើ​ធៀប​នឹង​ការ​ប្រកួត​កាលពី​លើក​ទី​១ ហើយ​ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​បាក់មុខ​នៅ​លើ​រេញ ។

ទោះជា​ជ័យជម្នះ​ដែល​កីឡាករ​រូប​នេះ​ទទួល​បាន​ហាក់​ស្ថិត​ក្នុង​ភាព​ត្រដាបត្រដួស​ពេញ​រយៈពេល​៥​ទឹក ប៉ុន្តែ​ក៏​ជា​ផ្លែផ្កា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ចាំ​ឃ្លាំមើល​អបអរសាទរ​មិន​អន់​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​មានការ​ទទួលស្គាល់​យូរ​មក​ហើយ ថា​កីឡាករ​ឡៅ ផា​នាថ មក​ពី​ក្លិប​មកុដ​រាជសីហ៍ គឺជា​ជើង​ខ្លាំង​ម្នាក់ ។ ការ​ប្រកួត​របស់​គូ​នេះ​ក្នុង​រង្វង់​៣​ទឹក​ដំបូង គឺ​កីឡាករ​ឡៅ ផា​នាថ និង​គូប្រកួត​មើល​មិនដឹង​ពី​ជ័យជម្នះ​នោះ​ឡើយ ដោយ​កីឡាករ​ឡៅ ផា​នាថ ទំនងជា​មាន​ប្រៀប​ដោយ​អន្លើ​នោះ​ផង ។ យ៉ាងណាមិញ នៅ​ក្នុង​ទឹក​ទី​៤ គេ​ឃើញ​កីឡាករ​បង្គោល​ក្រហម​បាត់បង់​កម្លាំង​ស៊ុ​ហ្វ និង​ខ្វះ​សមត្ថភាព​ក្នុង​ការ​តតាំង ទើប​គេ​ឃើញ​កីឡាករ​ធា នុ​រាជ មានឱកាស​ប្រើ​ក្បាច់​ប្លែក​ម៉ា​សេរី ដែល​ក្បាច់​ទាំងនោះ​មាន​ដូច​ជា​ក្បាច់​នាគ​វ័ធ​កន្ទុយ​ផង និង​ប្រើ​ក្បាច់​បង្វិលខ្លួន​វាយលុក​ទៅ​លើ​គូប្រកួត​ផង ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោកញ្ជ្រៀវ ។ ប៉ុន្តែ​នៅ​វិនាទី​ខ្លះ កីឡាករ​ឡៅ ផា​នាថ ក៏​បាន​គេច​ផុត ហើយ​វាយបក​មក​វិញ ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ដួល​ផ្ងារជើង​បណ្ដាល​ឱ្យ​មាន​សំណើច​សើចចំអក​ពី​អ្នក​ទស្សនា​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​ពេល​នោះ​ផង​ដែរ ។ កីឡាករ​ធា នុ​រាជ មិនសូវ​មានឱកាស​ប្រើ​កែង និង​ជង្គង់​ល្អ​ដូច​ឡៅ ផា​នាថ នោះ​ទេ ប៉ុន្តែ​កណ្ដាប់ដៃ​ម៉ាត់​របស់​គេ​ល្អ ហើយ​គាប់​ជួន​ជា​ក្បាច់​បង្វិលខ្លួន​របស់​គេ​ល្អ​នៅ​វគ្គ​ចុង​ក្រោយ ទើប​គេ​ឃើញ​ការ​ប្រកួត​ទាំងស្រុង​ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​ធា នុ​រាជ ឈ្នះ​ពិន្ទុ ។ នេះ​ជា​អ្វី​ដែល​គេ​សម្រេច​បាន កុំ​អី​ប្រហែលជា​រង​ការ​រិះគន់ និង​សើចចំអក​ទៀត​ហើយ បើ​ភ្លាត់​ឱ្យ​ចាញ់​ការ​ប្រកួត​លើក​នេះ​ម្ដងទៀត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ អ៊ីចឹង​ហើយ​ទើប​គេ​ថា​ធា នុ​រាជ ស្ដារ​បាន​មុខមាត់ បើ​ធៀប​នឹង​ការ​ឡើង​ប្រកួត​លើក​ទី​១​នៅ​លើ​សង្វៀន​នេះ ហើយ​ត្រូវ​កីឡាករ​ថៃ​វាយ​ឱ្យ​ចាញ់​ពិន្ទុ ដោយសារ​តែ​ប្រើ​ក្បាច់​ពិសេស​បែប​នេះ​ដូច​គ្នា ហើយ​មិន​ត្រូវ​គូប្រកួត​តាម​ការ​ចង់បាន ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត នៅ​តែ​មាន​គម្រោង​ផ្គូផ្គង​ឱ្យ​កីឡាករ​រូប​នេះ​មានមុខ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ឱ្យ​បាន​ញឹកញាប់ ប៉ុន្តែ​ចំពោះ​ការ​ប្រកួត​អន្តរជាតិ គឺ​មិន​ទាន់​ច្បាស់​ថា​នឹង​បាន​ប៉ុន្មាន​លើក​ក្នុង​រយៈពេល​២-៣​ខែ​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ លោក​ទាមទារ​ឲ្យ​កីឡាករ ធា នុ​រាជ ប្រឹង​ប្រឹង​បង្កើន​សមត្ថភាព​ឲ្យ​អស់​លទ្ធភាព​ជា​មុន​សិន ។ ជា​ពិសេស​គឺ​បន្ទាប់​ពី​គេ​បាន​ឡើង​ប្រកួត​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​លើ​សង្វៀន​ទូរទស្សន៍​លោក ហើយ​បែរជា​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់មុខ​នោះ ។ លោក​បាន​អះអាង​ថា នៅ​លើ​សង្វៀន​របស់​លោក​ចាប់ពី​ឆ្នាំ​២០១៦​នេះ​តទៅ គឺ​នឹង​មានការ​ប្រកួត​អន្តរជាតិ​រៀង​រាល់​ស​ប្ដា​ហ៍​តែ​ម្ដង សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​ថ្ងៃអាទិត្យ ដោយ​ក្នុង​មួយ​អាទិត្យ​គឺ​មាន​២​គូ​អន្តរជាតិ​គ្រប់​លើក ដោយ​មិន​រង់ចាំ​រហូត​ដល់​២​ស​ប្ដា​ហ៍​ទើប​ជួប​ម្ដងនោះ​ទេ​។

នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នោះ​ដែរ កីឡាករ​ម៉​ន រ៉ៃ​យ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ឈ្នះ​ពិន្ទុ​កីឡាករ​គុណ សំណង មក​ពី​ក្លិប​គី​សែ​មាន​ឬ​ទ្ធិ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី និង​កីឡាករ​យុគ យក្ស​ខួច មក​ពី​ក្លិប​អប់រំ​កាយ​កីឡា​ខេត្តបាត់ដំបង វាយ​កីឡាករ សែត ប៊ូ​កើត មក​ពី​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣៕