ម៉​ន ចាន់​ដា​រ៉ា ជ្រុះ​បាត់​3​ពិន្ទុ​ក្នុង​ជុំ​ទី​2​ទៅ​ឱ្យ​សុខ សុវណ្ណ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​ក្នុង​ជុំ​ទី​២​របស់​កីឡាករ​៤​រូប នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​២ ពូ​ល​B ត្រូវ​បាន​បញ្ចប់​ហើយ កាលពី​ថ្ងៃ​សៅរ៍​ទី​២ មក​រា ម្សិលម្ង៉ៃ ដោយ​កីឡាករ​វ័យក្មេង ម៉​ន ចាន់​ដា​រ៉ា ដែល​ឈ្នះ​៣​ពិន្ទុ​មុនគេ​កាលពី​ជុំ​ទី​១ បាន​ក្លាយជា​អ្នក​ជ្រុះ​បាត់​៣​ពិន្ទុ​ទៅ​ឱ្យ​កីឡាករ​សុខ សុវណ្ណ ជា​គូប្រកួត ។ នេះ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ Arena ជ្រោយចង្វា ។

ការ​ប្រកួត​ដណ្ដើម​តំណែង​ជើងឯក​នេះ មាន​កីឡាករ​សរុប​៨​រូប​គឺ​កីឡាករ​កម្ពុជា​៦​រូប និង​កីឡាករ​ថៃ​២​រូប​។ អ្នក​ទាំង​៨​រូប​ត្រូវ​គេ​ចែក​ជា​២​ពូ​ល ដោយ​៤​នាក់​ស្ថិត​ក្នុង​ពូ​ល​A  និង​៤​នាក់​ស្ថិត​ក្នុង​ពូ​ល​B ដែល​ទើបនឹង​ឈាន​បាន​ម្នាក់​២​ជុំនោះ​។ ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​របស់​ជីប​ម៉ុង​គ្រុប គឺជា​អ្នក​បោះទុន​ឱ្យ​កីឡាករ​ទាំង​៨​រូប​ប្រកួត​គ្នា​ដើម្បី​សន្សំ​ពិន្ទុ និង​ស្វែងរក​ជើង​ខ្លាំង​ឆ្ពោះទៅ​រក​វគ្គ​ឆ្លង​ពូ​ល ។ ការ​ប្រកួត​ទាំងមូល​កំណត់​រយៈពេល​៣​ខែ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​កាលពី​រដូវ​កាល​ទី​១ កីឡាករ​ថៃ​ជា​អ្នក​គ្រង​តំណែង ។ ការ​ប្រកួត​គ្រោង​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​២០១៦ ដោយ​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ពាន​ធំ​ជើងឯក​មួយ និង​ទឹកប្រាក់​២.៥០០​ដុល្លារ និង​ឱកាស​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ថៃ​។ ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ពាន​តូច​មួយ និង​ប្រាក់​១.០០០​ដុល្លារ​។ ចំណាត់ថ្នាក់​លេខ​៣​ទទួល​បាន​ពាន​តូច​មួយ​ដូច​គ្នា ព្រម​ជាមួយ​ទឹកប្រាក់​៥០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​ពាន​តូច​រួម​ជាមួយ​ទឹកប្រាក់​៣០០​ដុល្លារ​ផង​ដែរ​។

សម្រាប់​ពូ​ល​B​ក្នុង​ជុំ​ទី​២​នេះ សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ គឺជា​គូ​ដណ្ដើម​ជើងឯក​ដែល​មានការ​ចាប់​អារម្មណ៍​ជាងគេ បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​ប្រើ​កណ្ដាប់ដៃ និង​កែង ហើយ​អាច​ឆ្មក់​យក​បាន​៣​ពិន្ទុ​ពី​កីឡាករ ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើងគោក បាន​ដោយ​ជោគជ័យ ។ អ្នក​ទាំង​២​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​បំផុត ដោយ​ស្ទើរតែ​មើល​មិនដឹង​ថា​អ្នក​ណា​មាន​ប្រៀប​ជាង​អ្នក​ណា​នៅ​អំឡុង​៣​ទឹក​ដំបូង​។ បើ​កុំ​តែ សុខ សុវណ្ណ មានឱកាស​វ័ធ​ត្រូវ​ពេញទំហឹង និង​វាយ​ចំ​ចំណុច​សំខាន់​របស់​គូប្រកួត​ច្រើន​នៅ​អំឡុង​២​ទឹក​ចុង​ក្រោយ ប្រហែលជា​ការ​ប្រកួត​មួយ​នោះ មិនមែន​ជា​ជ័យជម្នះ​របស់​គេ​នោះ​ទេ ដោយសារ​តែ​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា ក៏​លេង​ម៉ា​អស់ដៃ​ដែរ ។

អ្នក​ទស្សនា​គ្រប់​គ្នា​សុទ្ធតែ​មើលឃើញ​ថា បើ​កីឡាករ​សុខ សុវណ្ណ គេច​មិន​ទាន់​ចំពោះ​ការ​វាយលុក​របស់​កីឡាករ​បង្គោល​ក្រហម​ទេ នោះ​ប្រាកដ​លទ្ធផល​ចុង​ក្រោយ​ក៏​មិនមែន​ជា​របស់​គេ​ដូច​គ្នា ដ្បិត​គូប្រកួត​របស់​គេ បាន​ប្រើ​បច្ចេកទេស​គួរ​ឱ្យ​ញាក់សាច់​សម្រាប់​ការ​ប្រកួត​ទាំងមូល​។ គូ​នេះ​វាយ​គ្នា​រហូត​ដល់​ធ្លាក់​ពីលើ​រេញ​ហើយ​បណ្ដាល​ឲ្យ​ទូរទស្សន៍​បន្ត​ផ្ទាល់​មួយ​គ្រឿង​ត្រូវ​ធ្លាក់​ពីលើ​តុ​ដល់​ដី​ឡើង​ផ្អើល​មហាជន​នោះ​ផង ។ ក្រោយ​ការ​ធ្លាក់​ចេញ​ម្ដង អ្នក​ទាំង​ពីរ​នៅ​តែ​ស្ទុះ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហៀបនឹង​ធ្លាក់​ចេញ​ជា​លើក​ទី​២ លើក​ទី​៣ ប៉ុន្តែ​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល និង​អ្នក​ឱ្យ​ទឹក​ប្រឹង​ទប់​ហើយ​រុញ​ឡើង​វិញ ។ អ្នក​ទស្សនា​គ្រប់​គ្នា​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​ពួក​គេ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ទាំង​២​ប្រកួត​គ្នា​ខ្លាំង​ៗ​ហើយ​រកកល​ធ្លាក់​ពីលើ​រេញ​ជា​ច្រើន​លើក ។

កីឡាករ​សុខ សុវណ្ណ លោតកញ្ឆេង​លើ​រេញ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឮ​គេ​ប្រកាស​ថា​ឈ្នះ​គូប្រកួត ហើយ​ដណ្ដើម​បាន​៣​ពិន្ទុ​បន្ថែម​ទៀត បន្ទាប់​ពី​ការ​ប្រកួត​កាលពី​ជុំ​ទី​១ គេ​បាន​វាយ​ឈ្នះ​កីឡាករ​ថៃ​ជើង​ខ្លាំង​ក្នុង​ពូ​ល ។ នេះ​ជា​លទ្ធផល​ដែល​បង្ហាញ​ថា​គេ​ទទួល​បាន​៦​ពិន្ទុ ហើយ​ក៏​ធ្វើ​ឲ្យ​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា ដែល​មាន​សង្ឃឹម​ខ្ពស់​សម្រាប់​ជុំ​នេះ អាច​នឹង​ប្រឈម​ធ្លាក់​បើ​ការ​ប្រកួត​ក្នុង​ជុំ​ទី​៣​មិន​អាច​រក​ឃើញ​ជ័យជម្នះ​។ សុខ សុវណ្ណ នឹង​ឡើង​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​ជុំ​ចុង​ក្រោយ​គេ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងពលតូច​លេខ​៣១ ដែល​ជា​កីឡាករ​មាន​ពិន្ទុ​នៅ​បាត​តារាង​។

កីឡាករ​ដណ្ដើម​បាន​៣​ពិន្ទុ​មួយគូ​ទៀត គឺ​ថៃ Yorth Sing បន្ទាប់​ពី​គេ​បាន​ផ្ដួល​កីឡាករ​រឿង សា​រ័​ត្ន ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ។ លទ្ធផល​នេះ​មាន​ន័យ​ថា​កីឡាករ​ថៃ​មាន​សំណាង​បាន​ឡើង​វគ្គ​ខ្វែង បើ​ការ​ប្រកួត​ជុំ​ចុង​ក្រោយ គេ​អាច​វាយ​ឈ្នះ​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា ។  ប៉ុន្តែ​បើ​ចាញ់​ក៏​ត្រូវ​ហាលអាវ​ដូច​គ្នា​នឹង​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា​ដែរ​។ អ​ញ្ចឹ​ង​ហើយ​បានជា​គេ​និយាយ​ថា​សម្រាប់​សុខ សុវណ្ណ ដែល​ឈ្នះ​២​ប្រកួត​រួច​ហើយនឹង​ឡើង​ដោយ​ស្វ័យប្រវត្តិ ចំណែក​រវាង​ម៉​ន ចាន់​ដា​រ៉ា និង​កីឡាករ​ថៃ គឺ​អ្នក​ណា​ឈ្នះ​ក្នុង​ជុំ​ទី​៣​ចុង​ក្រោយ​បាន​ឡើង​ហើយ​បើ​ចាញ់​ធ្លាក់​តែ​ម្ដង ៕