ប៉ូលិស​រកឃើញ​យានយន្ត​ល្មើស ៧៩៦៣ គ្រឿង នៅ​ថ្ងៃទី​ពីរ នៃ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ថ្មី​

ភ្នំពេញ: ​របាយការណ៍​របស់​ប៉ូលិស បង្ហាញថា នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃទី​២ នៃ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ប៉ូលិស​បាន​រកឃើញ​មធ្យោបាយ​ល្មើស ចំនួន ៧៩៦៣ គ្រឿង​។ ក្នុងនោះ ប៉ូលិស​អប់រំ ៣៧០៣ គ្រឿង និង​ផាកពិន័យ ចំនួន ៤២៦០ គ្រឿង​។ ប៉ូលិស​ក៏បាន​ឃាត់ទុក​យានយន្ត ភាគច្រើន​ជា​ម៉ូតូ ដែល​មិនមាន​ស្លាក​លេខ ចំ​នយន ១៤៩ គ្រឿង​។​

​របាយការណ៍​របស់​ប៉ូលិស បង្ហាញថា នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ទូទាំងប្រទេស ប៉ូលិស​បាន​រកឃើញ​មធ្យោបាយ​យានយន្ត ពោលគឺ ម៉ូតូ និង​ឡាន ដែល​ល្មើសច្បាប់ ចំនួន ៧៥១៩ គ្រឿង​។ ក្នុងនោះ ប៉ូលិស​បាន​អប់រំ ចំនួន ៤៥៤៣ គ្រឿង និង​ពិន័យ​យានយន្ត ចំនួន ២៩២៥ គ្រឿង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ខាង​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ បាន​លើកឡើងថា នៅ​ថ្ងៃទី​១​មករា ប៉ូលិស​ក៏បាន​ឃាត់ទុក​យានយន្ត ដែល​មិនមាន​ស្លាក​លេខ ពិសេស​ម៉ូតូ​ចំនួន ១១០ គ្រឿង និង​នៅ​ថ្ងៃទី​២​មករា ចំនួន ១៤៩ គ្រឿង​។ យានយន្ត ដែល​គ្មាន​ស្លាក​លេខ​ទាំងនោះ នឹងត្រូវ​ប្រគល់ជូន​ម្ចាស់​វិញ នៅពេល​បំពេញបែបបទ ធ្វើ​ស្លាក​លេខ​រួចរាល់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​កត់សម្គាល់ថា យានយន្ត ដែល​ល្មើសច្បាប់ ហើយ​ត្រូវ​ប៉ូលិស​ឃាត់​អប់រំ និង​ផាកពិន័យ មានការ​កើនឡើង ៧ ដង ក្នុង​មួយថ្ងៃ​។ ពោលគឺ​តាមច្បាប់​ចាស់ នៅ​ទូទាំងប្រទេស ប៉ូលិស​បាន​ឃាត់​ត្រឹមតែ ១០០០ គ្រឿង តែ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃទី​១​មករា គឺ​ប៉ូលិស​រកឃើញ​យានយន្ត​ល្មើស​ដល់​ទៅ ៧៥១៩ គ្រឿង​។​

​ចំពោះ​បទល្មើស ដែលមាន​ច្រើនជាងគេ ក្នុងពេល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ពីរ​ថ្ងៃ​មកនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បញ្ជាក់ថា គឺ​ករណី​អ្នករួមដំណើរ​តាម​ម៉​តូ ( អ្នកជិះ​ពីក្រោយ ) មិន​ពាក់មួក​សុវត្ថិភាព​។ ក្នុងករណីនេះ ប៉ូលិស​បាន​ណែនាំ​អប់រំ​ឲ្យ​គាត់​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង​។ ក្រៅពីនោះ នៅមាន​ករណី​ភ្លឺ​រថយន្ត អ្នកបើកបរ​បត់​មិន​ប្រុងប្រយ័ត្ន មិន​ស៊ីញ៉ូ និង​ការបើកបរ​លើ​គំនូស​ចែក​ទ្រូងផ្លូវ ជាដើម​។​

​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ ភាគច្រើន​លើសលប់ គឺមាន​ចំនួន ៨០ ទៅ ៩០ % បាន​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍​បានល្អ​។ ជាមួយគ្នា​នោះ ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ប៉ូលិស​នៅតែ​បន្ត​ការត្រួតពិនិត្យ ដូច​ភ្លៀងរលឹម​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​បន្តថា ការចុះ​ត្រួតពិនិត្យ និង​ការឃាត់​អប់រំ ព្រមទាំង​ផាកពិន័យ​លើ​អ្នកបើកបរ ឬ​អ្នកជិះ​យានយន្ត ដែល​ល្មើសច្បាប់​នោះ ក្នុង​គោលបំណង​ទប់ស្កាត់​អំពើ​ល្មើស ដោយ​លោក​គូសបញ្ជាក់ថា បើ​មិនមាន​ការពិន័យ​ទេ ក៏​អ្នក​ប្រព្រឹត្តល្មើស មិន​រាងចាល​ឡើយ​។ ម្យ៉ាងទៀត ប៉ូលិស​ចុះ​រឹតបន្តឹង​ការត្រួត​ពិនិត្យ​នោះ ក៏​ដើម្បី​កាត់បន្ថយ​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជា​អតិបរមា ផងដែរ​៕​