​ផ្ទះ​អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្តកំពត​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង

ខេត្ត​ក​ពត ៖ លំនៅ​ឋាន​របស់​អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​នៅ​សល់​តែ​ធ្យូង​សសរ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ ហើយ​​ទៅ​ដឹក​ប្រ​ព​ន្ឋ​​ចេញ​​ធ្វើការ​នៅ​រោងចក្រ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។

តាម​ប្រភព​ពី​អ្នកមាន​លំនៅ​ឋាន​ក្បែរ​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ធំក្លិន​ឈ្ងៀម​នៅ​ក្នុងផ្ទះ គេ​មិន​អាច​ចូល​ទៅ​ពិនិត្យ​បាន​ដោយសារ​ផ្ទះ​នេះ​ម្ចាស់​បាន​ចាក់សោ​ពី​ខាងក្រៅ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ទើប​អ្នក​ជិតខាង​ឆោឡោ ខ្លះ​ត​ទុ​​យោ​ទឹក​ជួយ​បាញ់ ខ្លះ​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឲ្យ​មក​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយសារ​ផ្លូវ​សុវត្ថិភាព​នៅ​ចំណុច​កើតហេតុ​តូច​ចង្អៀត​រថយន្ត​ចូល​មិន​ដល់ ទើប​ត្រឹមតែ​រយៈពេល​ប្រមាណ​២០​នាទី​ប៉ុណ្ណោះ​បណ្តាល​ឲ្យ​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា នៅ​ពេល​គ្រោះ​អគ្គិភ័យ​កើតឡើង​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​របស់​ស្នងការ​ខេត្ត​មក​ដល់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​តែ​កន្លែង​កើតហេតុ​ច្រក​សុវត្ថិភាព​តូច​ចង្អៀត​រថយន្ត​ចូល​មិន​ដល់ ទម្រាំ​ត​ទុយោ​ដល់​កន្លែង​ឆេះ អគ្គិភ័យ​បាន​ឆេះ​អស់​ទៅ​ហើយ ។

លោក ហេ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អនុប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត និង​ជា​ម្ចាស់ផ្ទះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​លោក​ចេញពីផ្ទះ​ទៅ​ដឹក​ប្រ​ព​ន្ឋ​ដែល​ធ្វើការ​នៅ​រោងចក្រ គឺ​នៅផ្ទះ​បាយ​គ្មាន​ភ្លើង​ទេ ប៉ុន្តែ​លោក​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ព្រោះ​ពេល​លោក​ចេញ​ទៅ​លោក​មិន​បាន​បិទ​បា​រ៉ែត​ភ្លើង​ទេ លោក​សន្និដ្ឋាន​ថា ករណី​ឆេះ​នេះ​ទំនងជា​ទុ​ស្សេ​ខ្សែភ្លើង​ទេ មិន​មាន​ឆេះ​ដោយ​ភ្លើង​ជើងក្រាន ឬ​អ្នក​ណា​លួច​ដុត​នោះ​ទេ ។

ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​គឺ​គ្មាន​យក​អ្វី​បាន​នោះ​ទេ គឺ​នៅ​សល់​តែ​ខោអាវ​មួយ​ចង្កេះ​ប៉ុណ្ណោះ ។ លោក​បន្ត​ប្រាប់​សមត្ថកិច្ច​ដែល​ចុះ​មក​ពិនិត្យ​ការ​ខូចខាត​នៃ​គ្រោះ​មហន្តរាយ​ខាងលើ​ថា ទ្រព្យ​សម្បត្តិ​ដែល​រង​ការ​ខូច​ខាត​រួម​មាន ផ្ទះ​មួយ​ខ្នង​មាន​ទំហំ ៧​ម៉ែត្រ​គុណ​២៥​ម៉ែត្រ ថ្ម​ក្រោម​ឈើ​លើ ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​លែត​១​គ្រឿង ទូរទស្សន៍​៣​គ្រឿង គ្រែ​ដេក​៥ សា​ឡុ​ង​១​កំ​ប្លេ​រ ផ្លា​ក​ទី​ន​៨​ជី ទូ​តាំង​៣ និង​ទូទឹកកក​១​គ្រឿង ទូ​ខោអាវ​៥ ឯកសា​ រួមនិង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ ។ ចំណែក​ផ្ទះ​មួយ​ខ្នង​ទៀត ដែល​នៅ​ជិត​គ្នា​មាន​ម្ចាស់​ឈ្មោះ ភី នូ​ច ជា​នាយ​ការិ​យា​ល័យ​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​ឆេះ​ជញ្ជាំង​ក្តារ​អស់​មួយ​ចំហៀង​ដែរ ប៉ុន្តែ​បាន​ពន្លត់​ទាន់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៦​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដឹកនាំ​ដោយ​លោក អ៊ឹ​ង ម៉េ​ង​ហ៊ួ​រ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី យូ សុ​គ​ន្ឋ អភិបាលរង​ខេត្ត រួម​និង​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​ជា​ច្រើន​រូប បាន​នាំ​អំណោយ​របស់​កាកបាទ​ទៅ​ជូន​ដល់​គ្រួសារ​រង​គ្រោះ ជាមួយ​គ្នា​នេះ​ដែរ អនុ​សាខា​កាកបាទក្រហម​ក្រុង​កំពត ដឹកនាំ​ដោយ​លោក នាក់ សុវណ្ណ​រី អភិបាល​ក្រុង និង​មន្ត្រី​អនុ​សាខា​កាកបាទក្រហម​ក្រុង អាជ្ញាធរ​ភូមិ សង្កាត់ បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​គ្រួសារ​ង​គ្រោះ​ផង​ដែរ ។

សម្ភារ​ទាំងនោះ​រួម​មាន សាខា​កាកបាទក្រហម​ខេត្ត​ជួយ​ឧបត្ថម្ភ អង្ករ​២០​គីឡូក្រាម ភួយ​១ ត្រីខ​១០​កំប៉ុង មី​១​កេស និង​ថវិកា​២០​ម៉ឺន​រៀល ឯអនុ​សាខា​កាកបាទក្រហម​ក្រុង ជួយ​ឧបត្ថម្ភ​មាន អង្ក​៥០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកស៊ីអ៊ីវ​៦​ដប តង់​១ ថវិកា​១០​ម៉ឺន​រៀល ។ លោក នាក់ សុវណ្ណ​រី អភិបាលក្រុង ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥០​ដុល្លារ​អា​មេ​រិ​ក និង​លោក ទី វុ​ទ្ឋី ចៅសង្កាត់​កំពង់​កណ្តាល ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ ។

ចំណែក​គ្រួសារ លោក ភី នូ​ច ត្រូវ​អគ្គី​ភ័យ​រាល​ឆេះ​អស់​ជញ្ជាំង​ក្តារ​បន្តិចបន្តួច​ក៏​បាន​ទទួល​អំណោយ​ជា​ថវិកា​ពី​សាខា​កាកបាទក្រហម​ចំនួន​ទឹកប្រាក់​១០​ម៉ឺន​រៀល​ផង​ដែរ ៕