បញ្ចប់​ការ​វាយប្រហារ​របស់​ពួក​អ៊ិ​ស្លា​ម​និយម​ជ្រុល​ប្រឆាំង​មូលដ្ឋាន​អាកាសចរណ៍​ឥណ្ឌា​មួយ​ក្បែរ​ប៉ា​គី​ស្ថាន

មនុស្ស​យ៉ាងតិច​៧​នាក់ ក្នុង​នោះ​មាន​ជន​អ៊ិ​ស្លា​ម​និយម​ជ្រុល​៤​នាក់ និង​សមាជិក​កងកម្លាំង​សន្តិសុខ​៣​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២ មក​រា ក្នុង​ការ​វាយប្រហារ​មូលដ្ឋាន​អាកាសចរណ៍​មួយ​កន្លែង​របស់​កងទ័ព​ឥណ្ឌា​ស្ថិត​នៅ​ក្បែរ​ប៉ា​គី​ស្ថាន​ដែល​បែប​នេះ​បង្ហាញ​ពី​ភាព​ផុយ​ស្រួយ​នៃ​ការ​ខិតចូល​ជិត​គ្នា​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ។

កងទ័ព​ឥណ្ឌា​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​២ មក​រា នោះ​ថា បាន​ដណ្តើម​ត្រួតត្រា​មូលដ្ឋាន​អាកាសចរណ៍​នេះ​វិញ​១៤​ម៉ោង​ក្រោយ​ការ​វាយប្រហារ​។ មូលដ្ឋាន​អាកាសចរណ៍ PATHANKOT នោះ​ស្ថិត​នៅ​រដ្ឋ PENDJAB ភាគ​ខាងជើង​ឥណ្ឌា រង​ការ​វាយប្រហារ​នា​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ ដោយ​ពួក​ជនប្រដាប់អាវុធ​បន្លំ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ឥណ្ឌា ។

ប៉ូលិស​ប្រកាស​ពី​ការ​រក​ឃើញ​សាកសព​ពួក​អ្នក​វាយប្រហារ​៤​នាក់ ហើយ​ថ្លែង​ថា កំពុង​តាម​រក​អ្នក​វាយប្រហារ​ឯទៀត​ៗ ។ រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា លោក RAJNATH SINGH បាន​អបអរ​ចំពោះ​ការ​កម្ទេច​ភេរវ​ករ​៥​នាក់ តែ​មិន​បាន​បញ្ជាក់​អ្វី​លើស​ពី​នេះ​ទៀត​ឡើយ ។

បន្ទាប់​មក​ប្រភព​យោធា​មួយ​និយាយ​ថា សមាជិក​កងកម្លាំង​សន្តិសុខ​៣​នាក់​ស្លាប់ ហើយ​៣​នាក់​ទៀត​រង​របួស ។ កងទ័ព​គូសបញ្ជាក់​ភ្លាម​ៗ​ថា ពួក​អ្នក​វាយប្រហារ​សង្ស័យ​ស្ថិត​ក្នុង​ក្រុម​អ៊ិ​ស្លា​ម​និយម JAISH-E-MOHAMMED មាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន ។ ឧត្តមសេនីយ៍​ឥណ្ឌា​មួយ​រូប​ថ្លែង​តាម​ទូរទស្សន៍​ថា ក្រុម JAISH បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយលុក​នេះ ។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី គូសបញ្ជាក់​តាម TWITTER ថា ពួក​សត្រូវ​នឹង​មនុស្សជាតិ​ពុំ​ចង់​ឃើញ​ឥណ្ឌា​រីក​ចម្រើន​ទៅ​មុខ​ឡើយ ។

មូលដ្ឋាន​អាកាសចរណ៍​នេះ​ជា​មូលដ្ឋាន​យុទ្ធសាស្ត្រ​សំខាន់​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ ពី​ព្រំដែន​ប៉ា​គី​ស្ថាន​ដោយនៅ​ទីនោះ​មាន​យន្តហោះ​ប្រយុទ្ធ​ជា​ច្រើន​សិប​គ្រឿង ។

ការ​វាយប្រហារ​នេះ​កើត​មាន​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ទស្សនកិច្ច​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី នៅ​ប៉ា​គី​ស្ថាន ដែល​លោក​ជា​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ដំបូង​គេ​ទៅ​កាន់​ប៉ា​គី​ស្ថាន​រយៈពេល​១១​ឆ្នាំ​កន្លង​មកនេះ ។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​មួយ​រូប​នៃ​កងកម្លាំង​សន្តិសុខ​ឥណ្ឌា​គូសបញ្ជាក់​ថា កងកម្លាំង​យោធា​អាច​រារាំង​ពួក​អ្នក​វាយប្រហារ​មិន​ឱ្យ​បង្ក​ការ​ខូចខាត​សម្ភារ​ធ្ងន់ធ្ងរ​ក្នុង​មូលដ្ឋាន​នេះ ។

ក្រុម JAISH-E-MOHAMMED ជា​ក្រុម​ត្រូវ​ហាមឃាត់​នៅ​ប៉ា​គី​ស្ថាន​តែង​ធ្វើការ​ប្រយុទ្ធ​នៅ​តំបន់​កា​ស្មៀ​រ​ឥណ្ឌា ដែល​នៅ​ទីនោះ​ជម្លោះ​បំបែក​ខ្លួន​និយម​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​១០០.០០០​នាក់ ។ ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧​មក ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បាន​ច្បាំង​គ្នា​៣​លើក​ហើយ ដើម្បី​ទាមទារ​តំបន់​កា​ស្មៀ​រ ៕