បញ្ចប់​បទ​ឈប់​បាញ់​គ្នា​នៅ​ប្រទេស​យេ​ម៉ែ​ន

ក្រុមចម្រុះ​អា​រ៉ាប់​ដែល​ប្រយុទ្ធ​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​នៅ​យេ​ម៉ែ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​២ មក​រា ពី​ការ​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​ដែល​ចូល​ជា​ធរមាន​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក ដោយ​បទ​ឈប់​បាញ់​គ្នា​នេះ​តែង​ត្រូវ​រំលោភ​បំពាន​រាល់ថ្ងៃ ពី​សំណាក់​បណ្តា​ភាគី​ច្បាំង​គ្នា ខណៈ​ការ​ចរចា​សន្តិភាព​ត្រូវធ្វើ​ទៀត​នា​ពាក់កណ្តាល​ខែមករា ។

បទ​ឈប់​បាញ់​គ្នា​នេះ​ប្រកាស​ដោយ​រដ្ឋាភិបាល​យេ​ម៉ែ​ន​គឺ​ដើម្បី​កំណត់​ពី​ការ​ចាប់ផ្តើម​ចរចា​ដោយ​ផ្ទាល់​លើក​ដំបូង​រវាង​បណ្តា​ភាគី​ក្នុង​ជម្លោះ​។ ការ​ចរចា​បែប​នេះ​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៥ ទៅ ២០ ធ្នូ  ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប នៅ​ប្រទេស​ស្វ៊ី​ស ។

បទ​ឈប់​បាញ់​គ្នា​បន្ទាប់​មក​ត្រូវ​ពន្យារ ក៏​ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា ការ​ទម្លាក់​គ្រាប់បែក ការ​បាញ់​ផ្លោង ព្រមទាំង​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​នៅ​បន្ត​ក្នុង​តំបន់​ជា​ច្រើន​របស់​ប្រទេស ។

សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយគូ​សបញ្ជាក់​ថា ទីបញ្ជាការដ្ឋាន​កងកម្លាំង​ចម្រុះ​អា​រ៉ាប់ ប្រកាស​ពី​ការ​បញ្ចប់​បទ​ឈប់​បាញ់​គ្នា​នៅ​យេ​ម៉ែ​ន ចាប់ពី​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២ មក​រា ទៅ ។ ក្រុមចម្រុះ​ចោទប្រកាន់​ពួក​ឧទ្ទាម​ហ៊ូ​ធី​ថា ឆ្លៀតឱកាស​បទ​ឈប់​បាញ់​គ្នា ដើម្បី​យកចំណេញ​នៅ​លើ​ទីលានប្រយុទ្ធ ។ ក្រុមចម្រុះ​ពន្យល់​ថា បទ​ឈប់​បាញ់​ត្រូវ​បញ្ចប់​ដោយសារ​ការ​បន្ត​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដោយ​ប្រើ​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​យេ​ម៉ែ​ន ។ មី​ស៊ី​ល​១​គ្រាប់​បាញ់​សំដៅលើ​ទីក្រុង ABHA ត្រូវ​ស្ទាក់​កម្ទេច​កាលពី​យប់​ថ្ងៃ​ទី​១ មក​រា ហើយ​ទីតាំង​បាញ់​មី​ស៊ី​ល​នេះ​ត្រូវ​កំណត់​ដឹង​រួច​រង​ការ​កម្ទេច ។ ក្រៅពី​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​ក្រុមចម្រុះ​នៅ​រៀបរាប់​ពី​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​លើ​ប៉ុស្តិ៍​ព្រំដែន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត នានា ។

កាលពី​ថ្ងៃ​ទី​២ មក​រា ក្រុមចម្រុះ​អន្តរជាតិ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​ជា​ច្រើន​របស់​ប្រទេស​ក្នុង​នោះ​មាននៅ​ខេត្ត​សា​ណា​ផង​ដែរ ៕