អភិបាលខេត្ត​​​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ចូល​និវត្តន៍​ក្នុង​ក្រុង​ពោធិ៍សាត់​ជាង​៨០០​នាក់

ខេត្តពោធិ៍សាត់​ ៖ ​អតីតមន្ត្រី​រាជការ​ស៊ី​វិល​ចូល​និវត្តន៍​ក្នុង​ក្រុង​ពោធិ៍សាត់​ប្រមាណ​ជាង​៨០០​នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​​២​ ខែមក​រា ឆ្នាំ២០១៦ បាន​ទទួល​ការ​ឧបត្ថម្ភ និង លើក​ទឹក​ចិត្ត​ពី ​លោក ម៉ៅ ធនិន អភិបាល​​ខេត្ត​ពោធិ៍សាត់ និងលោក​​ស្រី​ ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​ជ័យ​ជំនះ៧​មក​រា និងអបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៦ ដែល​បាន​រៀបចំ​ធ្វើ​នៅ​មណ្ឌល​វប្បធម៌​កោះ​សំពៅ​មាស ​។

​នៅ​ក្នុង​ឱកាស​​​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​ លោក​ជំទាវ ឯម ប៉ុណ្ណា សមាជិកា​រដ្ឋសភា លោក លោកស្រី​ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មេបញ្ជាការ​កង​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រី​អ្នកមុខ អ្នកការ​មួយ​ចំនួន​ទៀត​ ។

​​​លោក​អភិបាលខេត្ត​ និង​លោក​​ស្រី ​រួម​ជាមួយ​ថ្នាក់ដឹកនាំ​ដែល​ចូលរួម​ក្នុង​ពិធី​បាន​ចែក​ជូន​វត្ថុ​កំដរ​ដៃដល់​អតីត​មន្ត្រីរាជការ​ស៊ី​វិល​ចូល​និវត្តន៍​ទាំងអស់​ប្រមាណ​ជាង​៨០០​នាក់​ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​សារុង​២ និង​ប្រាក់​៧​ម៉ឺន​រៀល ។​

សូម​បញ្ជាក់​ថា ស​ម្ភា​រ​ទាំង​អស់នេះ​ជា​អំណោយ​របស់​លោក ម៉ៅ ធនិន និងលោក​​ស្រី ​រួម​ជាមួយ​លោក ​កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុកអគ្គិសនី​កម្ពុជា និង​ជា​ប្រ​ធា​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ក្រគរ ​។

មន្ត្រីរាជការ​ដែល​​ចូល​និវត្តន៍​ទាំងអស់​បាន​សម្ដែង​ទឹកចិត្ត​រំភើប​រីករាយ​ក្រៃ​លែង​ ព្រោះ​ពួក​គាត់​ចប់​ការងារ ​និង​ចាស់ជរា​ទៅ​ហើយ​​ នៅ​តែ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ ដែល​មានចិត្ត​សប្បុរស​ធ៌​ម​ដូច​លោក ​ម៉ៅ ធនិន​ បែប​នេះ​ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ មាន​ភាព​កក់ក្ដៅ​ និង​មិន​អាច​បំភ្លេច​បាន​នូវ​គុ​ណូ​ប​កា​រៈ​នេះ​បាន​ឡើយ​ ។​ ពួក​គាត់​សំណូមពរ​ឲ្យ​វប្ប​ធ៌​ម​ចែករំលែក​នៃ​ក្ដី​ស្រឡាញ់​ និង​ការ​យកចិត្តទុកដាក់​ចំពោះ​មន្ត្រីរាជការ​ចូល​និវត្តន៍​នេះ​មាន​ជា​រៀង​រហូត​ចៀសវាង​រើសអើង​​និង​ទុក​ពួក​គាត់​ចោល ​​​៕