ព្រះសង្ឃ​បច្ចុប្បន្ន​មិន​ចង់​សិក្សា​ជំនាញ​ភាសាបាលី​និង​សំស្ក្រឹត ព្រោះ​សង្គម​មិនសូវ​ឲ្យ​តម្លៃ​

​ភាសាបាលី​និង​សំស្ក្រឹត​គឺ​ប្រភព​ដ៏​ចម្បង​នៃ​អក្សរសាស្ត្រ​ខ្មែរ ហើយ​ជាពិសេស​នោះ ភាសាបាលី គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុង​សិក្សា​ព្រះពុទ្ធសាសនា ព្រោះ​រាល់​ព្រះ​ពុទ្ធឱវាទ​ទាំងអស់ គឺ​កើតចេញពី​ភាសាបាលី​នេះឯង​។ ដូច្នេះ​ការចេះដឹង​ពី​ភាសាបាលី​-​សំស្ក្រឹត គឺជា​កត្តា​នាំ​ឲ្យ​អ្នកសិក្សា​បាន​យល់​ល្អិតល្អន់​ពី​អក្សរសាស្ត្រ​ខ្មែរ និង​ទ្រឹស្តី​ព្រះពុទ្ធសាសនា​។ សម័យ​សង្គមរាស្ត្រនិយម សំបូរ​ព្រះសង្ឃ​ចេះ​ភាសាបាលី​-​សំស្ក្រឹត​យ៉ាង​ស្ទាត់ជំនាញ​ច្រើនណាស់ ដូចជា សម្តេចព្រះសង្ឃរាជ ជោ​ត​ញ្ញា​ណោ ជួន ណាត​, សម្តេចព្រះ​សុមេធាធិបតី ហួត តាត​, ព្រះ​ឧ​ប​លិ​វ័​ង្ស ម៉ឹង សែ​ស​, ព្រះគ្រូ​អាចារ្យ ហែម ចៀវ​, ព្រះ​ភិក្ខុ ធម្ម​បា​លោ ខៀវ ជុំ ជាដើម​។ ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ ធនធាន​ព្រះសង្ឃ​ផ្នែក​ភាសាបាលី​-​សំស្ក្រឹត​នេះ ហាក់ដូចជា​មានការ​អន់ថយ​ទៅវិញ​។ មូលហេតុ​ដ៏​ធំ​នៃ​ការធ្លាក់ចុះ​នេះ គឺ​បណ្តាលមកពី​សង្គម​មិនសូវ​ផ្តល់​តម្លៃ​ឲ្យ​ដូច​សម័យមុន ហើយ​មហាជន​ក៏​មិនសូវ​ចាប់អារម្មណ៍​ចំពោះ​ភាសាបាលី​-​សំស្ក្រឹត​នេះ​ប៉ុន្មាន​ដែរ គួបផ្សំ​នឹង​ការខ្វះ​ការយកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល ថែមទៀត​។​

​ក្នុងការ​ពង្រឹង​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិកសិក្សា ភាសាបាលី​-​សំស្ក្រឹត គឺជា​មុខវិជ្ជា​អាទិភាព ដែល​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​គ្រប់​ព្រះអង្គ និង​រដ្ឋាភិបាល គួរ​គប្បី​យកចិត្តទុកដាក់​និង​ឲ្យ​តម្លៃ​ខ្ពស់ ដោយ​មិនគួរ​ព្រងើយកន្តើយ​ឡើយ​។ ម្យ៉ាងទៀត ការផ្តល់​តម្លៃ​លើ​ភាសាបាលី​-​សំស្ក្រឹត​ពី​សំណាក់​សមណ​សិស្ស និង​សមណ​និស្សិត​ខ្លួនឯង​ផ្ទាល់ ក៏​ជា​កត្តា​សំខាន់​ផងដែរ បើទោះបីជា​សង្គម​ហាក់ដូច​ជា​បំភ្លេច​ពី​គុណ​តម្លៃ​នៃ​ភាសា​ទាំងនេះ​ក៏ដោយ​។​

ព្រះសង្ឃ​បច្ចុប្បន្ន​មិន​ចង់​សិក្សា​ជំនាញ​ភាសាបាលី​និង​សំស្ក្រឹត ព្រោះ​សង្គម​មិនសូវ​ឲ្យ​តម្លៃ​​ប៉ុន្តែ ធនធាន​ព្រះសង្ឃ​ផ្នែក​ភាសាបាលី​-​សំស្ក្រឹត ប្រែជា​ថយចុះ​ទាំង​បរិមាណ​និង​គុណភាព​ទៅវិញ នា​សម័យ​បច្ចុប្បន្ននេះ​។ ហេតុផល ដែល​បណ្តាល​ឲ្យ​ចំនួន​នៃ​អ្នកចេះដឹង​ភាសា​ទាំងពីរ​នេះ មានការ​ថយចុះ​គឺ​ដោយសារតែ សង្គម​មិនបាន​ផ្តល់​តម្លៃ​ពេញលេញ​ដូច​សម័យ​ដើម គួបផ្សំ​នឹង​ការយកចិត្តទុកដាក់​មិន​គ្រប់គ្រាន់​ពី​សំណាក់​រដ្ឋាភិបាល ផងដែរ​។ ជាងនេះទៅទៀត  ស្ថាប័ន​ឬ​ក្រុមហ៊ុន​ឯកជន​មួយចំនួន ក៏​មិន​ស្គាល់​សញ្ញាបត្រ​ផ្នែក​ពុទ្ធិក​នេះ ថែមទៀត​។ មែនទែនទៅ ប្រសិនបើ​ព្រះសង្ឃ​អង្គណា បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាសាបាលី​-​សំស្ក្រឹត​នេះ រឹតតែ​មិន​ត្រូវបាន​គេ​ស្គាល់ ហើយ​ការដាក់​ពាក្យសុំ​បម្រើ​ការងារ​ក៏​ពិបាក នៅពេលដែល​ព្រះសង្ឃ​អង្គ​នោះ លាចាក​សិក្ខាបទ​។ ចំណែកឯ​ប្រាក់កម្រៃ​វិញ ក៏​មិនទាន់​ទទួលបាន​សមរម្យ នៅឡើយ​ទេ​។

​បញ្ហា​ដែល​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​នោះ ព្រះសង្ឃ​ដែលជា​សមណ​និស្សិត ក៏​មិនសូវ​ឲ្យ​តម្លៃ​លើ​ភាសាបាលី​-​សំស្ក្រឹត​ផងដែរ ស្រប​ពេលដែល​បរិបទ​សង្គម មិនសូវ​មើលឃើញ​តម្លៃ​។ ចំណុច​ខាងលើនេះ ត្រូវបាន​សមណ​បញ្ញវន្ត​មួយចំនួន មានការ​ព្រួយបារម្ភ និង​មើលឃើញ​ពី​គុណវិបត្តិ​ទៅ​ថ្ងៃ​អនាគត​ថា នឹង​ផ្តល់​ផលវិបាក​ដ៏​ធំ​មួយ គឺ​ការខ្វះខាត​គ្រូបង្រៀន​ផ្នែក​ភាសាបាលី​-​សំស្ក្រឹត នេះ​។ 

​ព្រះ​ធម្មកថិក ឆាត សុ​ឆេ​ត គង់នៅ​វត្ត​បទុម​វ​ត្តី គឺជា​អ្នក​មើលឃើញ​ប្រភព​អវិជ្ជមាន​ធំៗ​ពីរ គឺ​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ ដែល​បណ្តាល​ឲ្យ​គុណភាព​អប់រំ​របស់​ព្រះសង្ឃ ជាពិសេស​ផ្នែក​ភាសាបាលី​-​សំស្ក្រឹត មានការ​ធ្លាក់ចុះ​។ កត្តា​ខាងក្នុង គឺ​ព្រះអង្គ​ចង់​សំដៅ​ដល់​ភាពមិន​រឹងមាំ​របស់​ស្ថាប័ន​ព្រះសង្ឃ​ផ្ទាល់ និង​កត្តា​ខាងក្រៅ​គឺ ការមិន​ឲ្យ​តម្លៃ​របស់​សង្គម​និង​ការខ្វះខាត​នៃ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​។ ព្រះអង្គ បាន​ពន្យល់ថា ប្រព័ន្ធ​អប់រំ​វិស័យ​ពុទ្ធិកសិក្សា​ប​ច្ចុ​ប​ប្បន្ន មិនទាន់មាន​លំនឹង និង​ភាពរឹងមាំ​នៅឡើយ ដោយសារតែ​សាលា បានត្រឹមតែ​ប្រមូល​សិស្ស ប៉ុន្តែ​មិន​ពង្រឹងគុណភាព​របស់​សិស្ស​។ ម្យ៉ាងទៀត វប្បធម៌​នៃ​ការលើកទឹកចិត្ត​ដល់​សមណ​សិស្ស​ដែល​រៀន​ពូកែ ក៏​ត្រូវបាន​បំភ្លេចចោល​។ 

​ព្រះ​គុណ​ម្ចាស់​អង្គ​នេះ បាន​លើក​ជា​ឧទាហរណ៍​បែប​វិជ្ជមាន​ក្នុងសម័យ​ដើម​ថា កាលពី​សម័យ​សម្តេច ជួន ណាត ព្រះអង្គ​បាន​បង្កើត​សមាគម​មួយ ដែល​ឲ្យ​ឈ្មោះថា សមាគម​កម្ពុជា​រដ្ឋ​។ សមាគម​នេះ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​មួយដង​ក្នុង​មួយឆ្នាំ ដែល​ហៅថា​បុណ្យ​ព្រហ្ម​ទាន ដើម្បី​ប្រគេន​ទេយ្យទាន​ដល់​សមណ​សិស្ស និង​សមណ​និស្សិត​អង្គណា ដែល​រៀន​ពូកែ​និង​ទទួលបាន​ចំណាត់​ថ្នាក់ខ្ពស់​។ លើសពីនេះទៅទៀត ព្រះសង្ឃ​អង្គ​នោះ​ថែមទាំង ត្រូវបាន​ព្រះមហាក្សត្រ និមន្ត​ចូលទៅក្នុង​វាំង ដើម្បី​ទទួល​ការលើកទឹកចិត្ត​ថែម​ទៀតផង​។

​ផ្ទុយទៅវិញ នា​សម័យ​បច្ចុប្បន្ន ពិធីបុណ្យ​ព្រហ្ម​ទាន​នេះ សឹងតែ​បាត់បង់​ទៅហើយ ។ ព្រះសង្ឃ​ដែល​រៀន​ពូកែ ក៏​មិន​ត្រូវបាន​ផ្តល់ដំណឹង​ដល់​ព្រះមហាក្សត្រ ដើម្បី​ទទួល​ការលើកទឹកចិត្ត ដូច​ជំនាន់​មុន​ដែរ​។ «​សម័យ​ពី​ដើម យើង​ឃើញថា មានការ​ឲ្យ​តម្លៃ និង​ការផ្តល់​កម្លាំងចិត្ត ពី​ស្ថាប័ន​ព្រះសង្ឃ និង​ព្រះមហាក្សត្រ សម្បើម​ណាស់​។ ត្រង់ចំណុច​នេះឯង ដែល​ការសិក្សា​របស់​ព្រះសង្ឃ​ក្នុងសម័យ​ដើម​និង​សម័យនេះ មាន​ភាពខុសគ្នា​ឆ្ងាយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ព្រះអង្គ ឆាត សុ​ឆេ​ត​។​

​ព្រះ​ភិក្ខុ ឆាត សុ​ឆេ​ត បាន​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ថា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​នា​សម័យ​បច្ចុប្បន្ន ថ្វីដ្បិតតែ​ចំនួន​ព្រះសង្ឃ​រៀន​ដល់​ថ្នាក់ខ្ពស់ៗ ដូចជា បរិញ្ញាបត្រ អនុបណ្ឌិត ឬ​បណ្ឌិត មានការ​កើនឡើង​ច្រើន ប៉ុន្តែ​ហាក់ដូចជា​មិន​ទទួល​បានការ​ឲ្យ​តម្លៃ ពី​រដ្ឋាភិបាល និង​សង្គម​ឡើយ​។ ព្រះ​គុណ​ម្ចាស់​អង្គ​នេះ​សង្កត់ធ្ងន់ៗ​ថា​៖«​ការមិន​ឲ្យ​តម្លៃ​នេះហើយ ដែល​ធ្វើ​ឲ្យ​តម្លៃ​នៃ​វិស័យ​សាសនា​រីកចម្រើន​តែ​បរិមាណ ដោយឡែក​យើង​បែរជា​ខ្វះ​ការ​ឲ្យ​តម្លៃ​រវាង​គ្នា​និង​គ្នា​ទៅលើ គុណភាព ហើយ​មហាជន​ទាំងឡាយ ក៏​មិនសូវ​ជា​ចាប់អារម្មណ៍​ដែរ​»​។

​ចំណែកឯ ព្រះ​គុណ​ម្ចាស់​មួយអង្គ​ទៀត ព្រះនាម ជួន កក្កដា ដែល​គង់នៅ​វត្ត​បទុម​វ​ត្តី​ដែល​នោះ ព្រះអង្គ​បាន​លើក​កក្តា​បី គឺ កត្តា​សង្គម កត្តា​សមណ​សិស្ស និង​កត្តា​ប្រទេសជាតិ ដែលជា​មូលហេតុ​នៃ​ការធ្វើ​ឲ្យ​អន់ថយ​ផ្នែក​ភាសាបាលី​-​សំស្ក្រឹត​។ ព្រះអង្គ​បាន​បកស្រាយ​លម្អិត​ថា សង្គម​បច្ចុប្បន្ន មិនសូវ​ឲ្យ​តម្លៃ​លើ​ការសិក្សា​របស់​ព្រះសង្ឃ​នោះទេ ជាពិសេស​ខាង​ភាសាបាលី​-​សំស្ក្រឹត ដោយ​ហោចទៅ បុគ្គល​មួយចំនួន សូម្បីតែ​ស្គាល់​ថា​អ្វី​ទៅជា​សាលា​ពុទ្ធិក​នោះ ក៏​មិន​ស្គាល់​ផង​។ 

​ព្រះអង្គ ទទួលស្គាល់ថា សម័យ​បច្ចុប្បន្ន ជា​សម័យ​បច្ចេកវិទ្យា ដែល​ពោរពេញ​ទៅដោយ​សម្ភារ​ទំនើប ហើយ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ច្រើន​ហួសប្រមាណ និង​ឈ្លក់​វង្វេង​ក្នុងការ​ប្រើប្រាស់ គ្រឿង​បច្ចេកវិទ្យា​ទំនើបៗ​ទាំងនោះ ដូច្នេះ​សម្ភារ​ទំនើបៗ​ទាំងនោះ ក៏បាន​ទាក់ទាញ​ព្រះសង្ឃ​មួយចំនួន​តូច​ផងដែរ ឲ្យ​ភ្លេច​ការសិក្សា ជាពិសេស​ការ​ផ្តោតទៅលើ​ភាសាបាលី​-​សំស្ក្រឹត​។

​ព្រះ​ធម្មកថិក​អង្គ​នេះ​បានបញ្ជាក់​យ៉ាងនេះ​ថា​៖«​សម័យ​ដើម គេ​ឲ្យ​តម្លៃ​សម្បើម​ណាស់ ខាង​ភាសាបាលី​-​សំស្ក្រឹត​។ ឥឡូវ ទាំង​ស្ថាប័ន​ពុទ្ធិក​ចក្រ និង​អាណាចក្រ មិនបាន​ឲ្យ​តម្លៃ​លើ​ភាសាបាលី -​សំស្ក្រឹត និង​អ្នកចេះដឹង​ខាង​នឹង​ប៉ុន្មាន​ទេ​។ កាលណា​យើង​មិន​ឲ្យ​តម្លៃ អ៊ីចឹង​តម្លៃ​យើង ក៏​មិនសូវ​ថ្លៃ​ដែរ​។ ព្រះសង្ឃ​ខ្លះ​រៀន​មិនយូរ​ទេ ក៏រ​ត់ទៅ​រៀន​សាលា​ក្រៅ ដែល​បណ្តាល​ឲ្យ ការអប់រំ ខាង​ព្រះពុទ្ធសាសនា​មានការ​អន់ថយ​។ កាលណា​ចំនួន​និង​គុណភាព​នៃ​អ្នកចេះដឹង​បាលី​-​សំស្ក្រឹត មានការ​អន់ថយ ដូច្នេះ មូលដ្ឋានគ្រឹះ នៃ​ខ្លឹមសារ​របស់​ព្រះពុទ្ធសាសនា ក៏​ធ្លាក់ចុះ​ទៅតាម​ហ្នឹង​ដែរ​»​។​

​ដោយឡែក ប្រធាន​សមាគម​ទ្រទ្រង់​ការបោះពុម្ព​និង​អប់រំ ព្រះ​គុណ​ម្ចាស់ ប៉ែន វិបុល បាន​សម្តែង​ការយល់ស្រប​ចំពោះ​ការលើកឡើង​របស់​ព្រះ​តេជគុណ​ទាំង​២​អង្គ​ខាងលើ​ដែរ ជុំវិញ​មូលហេតុ​ដែល​បណ្តាល​ឲ្យ ព្រះសង្ឃ​នា​សម័យនេះ មាន​ភាពទន់ខ្សោយ​ផ្នែក​ភាសាបាលី​-​ស​សំស្ក្រឹត ជាង​ព្រះសង្ឃ​សម័យមុន​។ យ៉ាង​ក៏ដោយ ព្រះអង្គ ហាក់ដូច​ជាមាន​សុទិដ្ឋិនិយម​ខ្លាំង ចំពោះ​ព្រះសង្ឃ​បច្ចុប្បន្ន ដោយ​ព្រះអង្គ បាន​អះអាងថា សម័យនេះ ក៏មាន​ព្រះសង្ឃ​ក្មេងៗ​ជាច្រើន បាន​និមន្ត​ទៅ​សិក្សា​នៅ​បរទេស ដូច​ស្រីលង្កា ឥណ្ឌា​ជាដើម ហើយ​ព្រះសង្ឃ​ទាំងនោះ ក៏​អាច​ប្រើប្រាស់​ភាសាបាលី​បាន​ទៀតផង ហើយ​អង្គ​ខ្លះ ក៏​អាច​និយាយ​ភាសាសំស្ក្រឹត​បាន​ថែមទៀត​។​

​ព្រះ​ធម្មកថិក​អង្គ​នេះ យល់ថា បើទោះបីជា​ព្រះសង្ឃ​បច្ចុប្បន្ន មាន​ភាពទន់ខ្សោយ​ផ្នែក​ភាសាបាលី​-​ស​សំស្ក្រឹត ជាង​ព្រះសង្ឃ​សម័យមុន ក៏ពិតមែន តែ​ព្រះពុទ្ធសាសនា​មិន​អន់ថយ​ដោយសារ​ចំណុច​នេះ​ទេ​។ ព្រះអង្គ​ថា បញ្ហា​ព្រះពុទ្ធសាសនា​ត្រូវ​ប្រឈម គឺ​ការ​បដិបត្តិ​ឯនោះ​ទេ មិនមែន​គ្រាន់តែ​បញ្ហា​ដែលថា​មាន​អ្នកចេះ​ភាសាបាលី​-​សំស្ក្រឹត តែ​ម្យ៉ាង នោះទេ​។

​មិន​ខុសពី​ព្រះ​គុណ​ម្ចាស់​ទាំង​២​អង្គ​ខាងលើ​នោះទេ ព្រះមហា ប៉ែន វិបុល បាន​លើកឡើងថា បញ្ហា​ដែល​នាំ​ឲ្យ​អន់ថយ​អ្នកចេះដឹង​ភាសាបាលី​-​សំស្ក្រឹត គឺ​ដោយសារតែ សង្គម​មិន​ឲ្យ​បាន​តម្លៃ ដូច​សម័យមុន​។ ប្រធាន​សមាគម​ទ្រទ្រង់​ការបោះ​ពុ​ម្ភ​និង​អប់រំ​អង្គ​នេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​អ្នកចេះ​ភាសាបាលី​-​សំស្ក្រឹត​ពី​ដើម គេ​ចាត់ទុកជា​អ្នកប្រាជ្ញ តែ​សម័យ​យើង​ឥឡូវ បើ​មាន​អ្នកចេះ គេ​ថា​ជា​អ្នក​បូរាណ ទៅវិញ​។ ប៉ុន្តែ​ការធ្លាក់ចុះ​សាសនា មិនមែន​អាស្រ័យ​លើ​ហេតុផល​ដែលថា ទន់ខ្សោយ​ផ្នែក​ភាសា​-​បាលី​នោះទេ តែ​អាស្រ័យ​លើ​ការសិក្សា ការ​ទ្រទ្រង់​និង​ការគោរព​ប្រតិបត្តិ ចំពោះ​ឱវាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​»​។

​ព្រះអង្គ បន្តថា ព្រះសង្ឃ​សម័យមុន ភាគច្រើន​ស្ទាត់ជំនាញ​ខាង​ភាសាបាលី​-​សំស្ក្រឹត ដោយសារតែ សម័យ​នោះ គឺជា​សម័យ​ប្រែ​ព្រះ​ត្រៃបិដក និង​បង្កើត​ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា អ៊ីចឹង វា​ធ្វើ​ឲ្យ​សង្គម​សម័យ​នោះ ទាម​ទាម​អ្នកចេះដឹង​ភាសាបាលី​-​សំស្ក្រឹត​ច្រើន​។ ដូច្នេះ នេះ​ជា​ហេតុផល ដែល​ធ្វើ​ឲ្យ​សង្គម​សម័យ​នោះ ឲ្យ​តម្លៃ​ខ្ពស់​ដល់​អ្នកចេះ​ភាសាបាលី​-​សំស្ក្រឹត​។

​សមណ​បញ្ញវន្ត​ទាំង​៣​អង្គ​នេះ សុទ្ធតែ​លើក​វិធានការ​ដូចៗ​គ្នា​ថា បើ​ចង់​ឲ្យ​គុណភាព​និង​បរិ​មាណនៃ​អ្នកចេះដឹង​ភាសា​ទាំង​២​នេះ កើនឡើង លុះត្រាតែ​សមណ​សិស្ស​និង​សមណ​និស្សិត​ខ្លួនឯង​ផ្ទាល់ ត្រូវ​យកចិត្តទុកដាក់​និង​ឲ្យ​តម្លៃ​ដោយ​ខ្លួនឯង បើទោះបីជា​មហាជន​មិនសូវ​ចាប់អារម្មណ៍​ក៏ដោយ ព្រោះ​ភាសាបាលី​-​សំស្ក្រឹត​គឺជា​ប្រភព​នៃ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​សិក្សា​ទ្រឹស្តី​ព្រះពុទ្ធសាសនា​។ កត្តា​១​ទៀត រាជរដ្ឋាភិបាល ជាពិសេស ក្រសួង​ធម្មការ​និង​សាសនា និង​ក្រសួង​អប់រំ យុវជន​និង​កីឡា គប្បី​សហ​គ្នា​យ៉ាងណា ដើម្បី​ពង្រឹង​វិស័យ​អប់រំ ជាពិសេស​យកចិត្ត​ទុក និង​លើកកម្ពស់​អ្នកចេះ​ភាសាបាលី​-​សំស្ក្រឹត ឲ្យ​បាន​ប្រសើរ​ជាង​នេះ​។

​ព្រះសង្ឃ គឺជា​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​ទ្រទ្រង់​ព្រះពុទ្ធសាសនា ព្រមទាំង​ជួយ​ជ្រោមជ្រែង​ប្រទេសជាតិ​ផងដែរ​។ មាត្រា ៦៨ ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែងថា «​រដ្ឋ​ជួយ​ផ្សព្វផ្សាយ និង លើកតម្កើង​សាលា​បាលី និង​ពុទ្ធិកសិក្សា​»​។ មាត្រា​នេះ ជា​ទឡ្ហីករណ៍​សរ​បញ្ជា​ក់​យ៉ាងច្បាស់​ថា ក្រសួង​ធម្មការ​និង​សាសនា ក្រសួង​អប់រំ យុវជន​និង​កីឡា ក៏ដូចជា​រដ្ឋាភិបាល មាន​កាតព្វកិច្ច​ក្នុងការ​ពង្រឹង​វិស័យ​អបរំ​ផ្នែក​ពុទ្ធិកសិក្សា ឲ្យ​ដូច​វិស័យ​អប់រំ​របស់​គ្រហស្ថ​ផងដែរ​៕