ជំនួប​កំពូល​អាមេរិក​-​អាស៊ាន​នឹង​រៀបចំឡើង​នៅ​កាលី​ហ្វ​រ​នីញ៉ា​ក្នុង​ខែកុម្ភៈ

​សេត​វិមាន​បញ្ជាក់ថា ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ទទួល​មេដឹកនាំ​អាស៊ាន​ទាំង​១០ ជា​លើកដំបូង​ក្នុងជំនួប​២​ថ្ងៃ​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ​នៅ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា ។ របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​នេះ​មិនទាន់​ត្រូវបាន​បង្ហាញ​នោះទេ តែ​គេ​អាច​ស្មាន​បាន​ថា បញ្ហា​សន្តិសុខ​និង​សហប្រតិបត្តិការ​រវាង​អាស៊ាន​និង​អាមេរិក អាច​នឹងត្រូវ​បានដាក់​លើ​តុ​ពិភាក្សា ។ 

​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ធ្វើជា​ប្រធាន​នៃ​ជំនួប​កំពូល​អាមេរិក​-​អាស៊ាន ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៥​ដល់​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅឯ Rancho Mirage រដ្ឋកា​លី​ហ្វ​រ​នីញ៉ា ។ កិច្ចប្រជុំ​ដែលមាន​រយៈពេល​២​ថ្ងៃនេះ នឹងចូលរួម​ដោយ​មេដឹកនាំ​អាមេរិក​និង​បណ្ដា​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង​១០ ។​

​ការិយាល័យ​ប្រធានាធិបតី អូ​បា​ម៉ា បានចាត់ទុក​ជំនួប​កំពូល រវាង​អាមេរិក​និង​អាស៊ាន​ដែល​ធ្វើ​លើ​ទឹកដី​អាមេរិក​ជា​លើក​ទី​១ ជា​រឿង​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ជំនួប​នេះ​នឹង​ជួយ​ដល់​គោលនយោបាយ​ការបរទេស​ដែល​លោក អូ​បា​ម៉ា ក្នុងការ​បង្កើន​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​ឡើងវិញ ។ ហើយ​ជំនួប​នេះ​នឹង​ក្លាយជា​វេទិកា​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក​-​អាស៊ាន​លើ​បញ្ហានយោបាយ សន្តិសុខ​និង​សេដ្ឋកិច្ច ដែល​បាន​ដាក់ចេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ទីក្រុង កូ​ឡា​ឡាំ​ពួរ ។ 

​សូម​រម្លឹកថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ច្រើន​បន្តបន្ទាប់​គ្នា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ថា លោក​បាន​អញ្ជើញ​រាល់​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ទៅកាន់​សហរដ្ឋអាមេរិក​ឆ្នាំ​ក្រោយនេះ ដើម្បី​ជំរុញ​ការ​រឹតបន្តឹង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ាន​និង​អាមេរិក​ផ្ទាល់​។ លោក​ថា ទំនាក់ទំនង​ប្រសើរ​រវាង​អាស៊ាន និង​អាមេរិក​ពិតជា​មាន​សារសំខាន់​សម្រាប់​សន្តិសុខ​របស់​សហរដ្ឋអាមេរិក​ផ្ទាល់​។​

​គេ​អាច​យល់បាន​ថា ការអញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅកាន់​សហរដ្ឋអាមេរិក​នេះ ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​គោលនយោបាយ​ផ្តោតលើ​ការកសាង​ឥទ្ធិពល​របស់​អាមេរិក​ឡើងវិញ​នៅ​តំបន់​អាស៊ី ហើយ​កិច្ចប្រជុំ​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ស្នើឡើង​នេះ​នឹងត្រូវ​ធ្វើឡើង​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​លោក​ចាក​ចេញពី​តំណែង ។​

​ដោយឡែក​លោក អូ​បា​ម៉ា សម្រេច​អញ្ជើញ​មេដឹកនាំ​អាស៊ាន​និង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​មេដឹកនាំ​ទាំង​១០​នៅ​អាមេរិក​ខាងមុខនេះ កើតឡើង​ស្របពេល​ដែលមាន​ការលើក​ឡើង​ថា បញ្ហា​អស្ថិរភាព​និង​ជម្លោះ​ប្រដាប់អាវុធ​ជាពិសេស​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម បាន​បង្អាក់​នយោបាយ​សាង​ឥទ្ធិ​របស់​អាមេរិក​នៅ​អាស៊ី ។ ដែល​នេះ​វា​តម្រូវ​ឲ្យ​អាមេរិក​ត្រលប់​ទៅ​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​នៅ​តំបន់​មជ្ឈិមបូព៌ា​វិញ​ម្តង ។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក លោក អូ​បា​ម៉ា បាន​សង្កត់ធ្ងន់​ហើយ​ថា បញ្ហា​នៅ​មជ្ឈិមបូព៌ា មិនមាន​ប៉ះពាល់​នយោបាយ​អាមេរិក​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ​៕