កូរ៉េ​ខាងជើង​ហាក់ដូច​រៀបចំ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទៀត

យោង​តាម YONHAP ថា ទីបញ្ជាការដ្ឋាន​ការពារ​អាវុធ​គីមី ជីវសាស្ត្រ និង​វិទ្យុសកម្ម CBR របស់​កូរ៉េ​ខាងត្បូង​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៣ មក​រា ថា ប្រទេស​កូរ៉េ​ខាងជើង​ហាក់ដូចជា​រៀប​ចំការ​សាកល្បង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ឯ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ PUNGGYE-RI ។

ក្នុង​របាយការណ៍​មួយ CBR គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​មាន​រួច​ហើយ​នូវ​បច្ចេកវិទ្យា​មូលដ្ឋាន​ទាំងឡាយ​សម្រាប់​ពង្រីក​អាវុធ​នុយក្លេអ៊ែរ ហើយ​អាច​កំពុង​ផលិត TRITIUM ជា ISOTOPE វិទ្យុសកម្ម​នៃ​ហ៊ី​ដ្រូ​ហ្សែ​ន​ចាំបាច់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​កាន់តែ​ទំនើប ។

CBR ចំណុះ​ឱ្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ទៀត​ថា យើង​ពុំ​អាច​បដិសេធ​លទ្ធភាព​ដែល​ការ​ជីក​រូង​ក្រោម​ដី​ថ្មី​មួយ​នៅ​ទីតាំង PUNGGYE-RI អាច​សម្រាប់​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ។

រហូត​មក​ទល់​ពេល​នេះ​ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​៣​លើក​រួច​ហើយ គឺ​កាលពី​ឆ្នាំ​២០០៦ ២០០៩ និ​២០១៣ សុទ្ធតែ​នៅ​ទីតាំង PUNGGYE-RI ។

កាលពី​ស​ប្តា​ហ៍​មុន​វិទ្យាស្ថាន​ស្រាវជ្រាវ​អា​េ​ម​រិ​ក 38 NORTH ក៏​រៀបរាប់​ដែរ​ពី​ការ​ជំរុញ​ការងារ​កសាង​រូង​ក្រោម​ដី​ថ្មី​មួយ​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​នេះ ដោយ​ផ្អែក​លើ​បណ្តា​រូបភាព​ផ្កាយ​រណប​ពាណិជ្ជកម្ម​មួយ ។ រួច​កាលពី​ខែតុលា ផ្នែក​ស៊ើបអង្កេត​ជាតិ​កូរ៉េ​ខាងត្បូង NIS គូសបញ្ជាក់​ប្រាប់​បណ្តា​សមាជិក​សភា​ថា ក្រុង​ព្យុ​ង​យ៉ាង​រៀប​ចំការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ ដែល​មាន​រូបភាព​ថ្មី ។

កាលពី​ខែធ្នូ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន អះអាង​ថា ប្រទេស​របស់​លោក​បាន​ផលិត​គ្រាប់បែក​ហ៊ី​ដ្រូ​ហ្សែ​ន​ហៅ​គ្រាប់បែក H ទោះបី​ពួក​អ្នក​ជំនាញការ​បង្ហាញ​ពី​ការ​ពុំ​សូវ​ជឿ​ក្តី ៕