គ .ជ.ប នឹង​យក​បេក្ខជន​ ១៥នាក់ មក​ជ្រើសរើស ​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង នៅ​សប្តាហ៍​ក្រោយ​

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅសប្តាហ៍ក្រោយនេះ នឹងធ្វើការសម្រាំង យកបេក្ខជនចំនួន ១៥នាក់ ក្នុងចំណោមបេក្ខជន ដែលបានបំពេញ បែបបទដាក់ពាក្យត្រឹមត្រូវ តាមលក្ខខណ្ឌ ចំនួន៨៦នាក់ ដើម្បីយកមកធ្វើការត្រួតពិនិត្យ លក្ខណៈសម្បត្តិបន្តទៀត ក្នុងការជ្រើសរើស យកមកធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរង របស់ គ.ជ.ប ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប នៅល្ងាចថ្ងៃអាទិត្យទី០៣ ខែ មករា ឆ្នាំ២០១៦នេះ បានប្រាប់ឲ្យមជ្ឈមណ្ឌលដើមអម្ពិលថា នៅថ្ងៃទី៥ មករា សប្តាហ៍ក្រោយ គ.ជ.ប នឹងធ្វើការជម្រុះបេក្ខជន ចំនួន ៧១នាក់ចេញ ហើយទុកតែ១៥នាក់ប៉ុណ្ណោះ ដើម្បីធ្វើការត្រួតពិនិត្យជ្រើសរើស បន្តទៅទៀត ហើយបើឃើញថា មានសមត្ថភាព ប្រហាក់ប្រហែលគ្នា គ.ជ.ប ប្រហែលជានិងមានការធ្វើតេសលើបេក្ខជន។

លោកបញ្ជាក់បន្ថែមថា “ក្នុងចំណោមបេក្ខជន១៥នាក់ហ្នឹង អ្នកណាដែលប្រើជាឯកសារចំលង គឺគ.ជ.ប អញ្ជើញគាត់មកបង្ហាញឯកសារដើម ហើយបន្ទាប់ពីថ្ងៃអង្គារ៍ ទី៥មកអាស្រ័យតែលើ គ.ជ.ប សម្រេចយកថ្ងៃណាមួយ ឫអាចភ្លាមៗក៏ថាបាន ឫមួយថ្ងៃក្រោយមក នឹងហៅគ្នាមកហើយជជែករឿងហ្នឹង លើការសម្រចជ្រើសរើស អគ្គលេខាធិការនិងអគ្គលេខាធិការរង”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ធ្នូ កន្លងមក គ.ជ.បបាន ជម្រុះបេក្ខជនចំនួន៣៨នាក់ រួចមកហើយ ក្នុងចំណោមបេក្ខជន១២៤នាក់ គឺនៅសល់តែ៨៦នាក់តែប៉ុណ្ណោះ ហើយនៅសប្តាហ៍ក្រោយនេះ គ.ជ.ប នឹងធ្វើការជម្រុះបេក្ខជនចោលចំនួន ៧១នាក់ថែមទៀត គឺទុកតែ១៥នាក់ សម្រាប់ធ្វើការប្រកួតប្រជែងបន្តទៀត៕

គ .ជ.ប នឹង​យក​បេក្ខជន​ ១៥នាក់ មក​ជ្រើសរើស ​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង នៅ​សប្តាហ៍​ក្រោយ​