រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បុរស​ម្នាក់​ស្លាប់​ហើយ​គេចខ្លួន​បាត់

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្រោយ​បង្ក​អ្នកបើកបរ​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៦​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៤-៥៥ ស្ថិត​ក្នុងភូមិ​អូរ​វែង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត កំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​១​គ្រឿង​បណ្តាល​ឲ្យ​អ្នក​ជិះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ត្រូវ​បាន​គេ​ស្គាល់​ថា​មានឈ្មោះ សំ ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដែល​កំពុង​ធ្វើ​ដំណើរ​ម្នាក់ឯង​(​ស្រប​ទិស​គ្នា​) ។ បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​វាស់វែង និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ខូច​ខាង​កម្រិត​ធ្ងន់ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រង​គ្រោះហើយ​ដែរ ៕