មន្រ្តី ព្រះបរមរាជវាំង បញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា ពុំមានបណ្តាញ សង្គមទេ

ភ្នំពេញ៖ តាមបណ្តាញសង្គមហ្វេសប៊ុក គេបានឃើញជាញឹកញាប់ ទំព័រមួយដាក់ឈ្មោះថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញរូបភាព ព្រះមហាក្សត្រកម្ពុជា រាល់ការផុសចេញម្តងៗ។ ទំព័រហ្វេសបុកនេះ បាននិយាយរៀបរាប់ អំពីចំណុចវិជ្ជមានរបស់ព្រះមហាក្សត្រ និងរូបភាពស្អាតៗដែលសឹង មិនធ្លាប់ឃើញ។ ប៉ុន្តែពាក្យពេជ្រខ្លះក៏សំដែងចេញ ហាក់ដូចជាអារម្មណ៍របស់ក្សត្រ ខ្មែរផងដែរ។ ទំព័រមួយនេះ កំពុងទទួលបានចំណាប់អារម្មណ៍ច្រើន ពីអ្នកស្រលាញ់ ព្រះមហាក្សត្រ។

កាលពីយប់ ថ្ងៃទី២ ខែមករាម្សិលមិញ ហ្វេសប៊ុកនេះ បានសរសេរថា ”វេលារាត្រីចូលមកដល់! ព្រះទ័យចាប់ផ្ដើមនឹករលឹកដល់ ព្រះមហាវីរះក្សត្រ ព្រះវរះរាជបិតា ឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការះដ៏ខ្ពង់ខ្ពស់បំផុត ប្រជារាស្ត្រកម្ពុជា! នឹកទ្រង់ទេ ?”

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ព្យាយាមធ្វើទំនាក់ទំនងទៅកាន់ ប្រធានខុទ្ទកាល័យ ប្រះបរមរាជវាំងលោកអ៊ុំ ដារាវុទ្ធ ដើម្បីបញ្ជាក់អំពីរឿងនេះ ប៉ុន្តែលោកមិន ទទួលទូរសព្ទ័។ ប៉ុន្តែតាមមន្រ្តីព្រះបរមរាជវាំងមួយរូប ស្និតជាមួយព្រះមហាក្សត្រ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងក្របខណ្ឌមិនបញ្ចេញឈ្មោះថា សម្តេចនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា ពុំមានបណ្តាញសង្គមហ្វេសប៊ុកប្រើប្រាស់ទេ ដោយព្រះអង្គប្រើប្រាស់គេហទំព័ររបស់បិតាព្រះអង្គរតែមួយគត់ ក្នុងការថ្វាយទំនាក់ទំនងជាមួយរាស្រ្តខ្មែរ និងបណ្តាប្រទេសជាមិត្តលើពិភពលោក។    

ម្ចាស់ហ្វេសប៊ុក ដាក់ឈ្មោះថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសរសេរបដិសេធថា “ខ្ញុំសូមគោរពដល់បងប្អូនខ្មែរជាទីស្រលាញ់ថា Page មួយនេះមិនមែនជា Page របស់ព្រះអង្គផ្ទាល់ទេ តែជា Page មួយចង់បង្ហាញពី ព្រះរាជសកម្មភាព សង្គមកិច្ចមនុស្សធម៍ របស់ព្រះមហាក្សត្រខ្មែរ ដែលជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៃយើង”៕

មន្រ្តី ព្រះបរមរាជវាំង បញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា ពុំមានបណ្តាញ សង្គមទេ

មន្រ្តី ព្រះបរមរាជវាំង បញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជា ពុំមានបណ្តាញ សង្គមទេ