បើលោក អ្នកខ្ចីយានយន្ត ឬម៉ូតូគេ ជិះត្រូវមានឯកសារ អ្វីខ្លះ?

ភ្នំពេញ៖ច្បាប់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជាថ្មី បានក្លាយជាក្តីកង្វល់ មួយសម្រាប់ប្រជាពល រដ្ឋទូទៅ។ ច្បាប់ចរាចរណ៍ផ្លូវគោកនេះ កើនឡើងបន្ទាប់ពីគ្រោះថ្នាក់ ចរាចរណ៍ បានក្លាយជាឃាតករដែលសម្លាប់ ប្រជាពលរដ្ឋកម្ពុជា ពី៥ទៅ ៦នាក់ក្នុងមួយថ្ងៃៗ។

ទោះបីជាយ៉ាងណាក៏ដោយ មតិពលរដ្ឋខ្លះហាក់បង្ហាញអារម្មណ៍ ខ្លាចមន្រ្តីចរាចរណ៍ថា ខ្លាចជិះទៅប៉ូលីសផាកពិន័យ ព្រោះមិនទាន់យល់ ដឹងច្បាស់ពីច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី។ មតិខ្លះថា ចង់អោយមន្រ្តីចរាចរណ៍ ធ្វើការណែនាំសីនមុន នឹងផាកពិន័យលើកទី២។ ខ្លះទៀតថា មិនហ៊ានចេញពីផ្ទះទេ ខ្លាចប៉ូលីសផាកពិន័យ។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ថ្លែងអំពាវនាវថា “បងប្អូនប្រជាពលរដ្ឋសូម កុំបាក់ស្មារតី ចំពោះច្បាប់ចរាចរណ៍ថ្មី ព្រោះមុនផាកពិន័យមន្រ្តី ចរាចរណ៍តែងធ្វើការណែនាំ និងមិនស្តីបន្ទោសឡើយ ម្យ៉ាងទៀតពេលជិះខុសចរាចរណ៍ ទើបផាកពិន័យ បើខ្វះឯកសារ មន្រ្តីចរាចរណ៍ណែនាំបំពេញ បន្ថែមដើម្បីអោយអ្នកធ្វើដំណើរ យល់ដឹង និងការធ្វើដំណើរលើក ក្រោយអោយមានឯកសារគ្រប់គ្រាន់”។

មានសំនួរជាច្រើនផ្ញើរ មកកាន់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ថាក្នុងផ្ទះមួយមានឡានមួយគ្រឿង ឬម៉ូតូជាកម្មសិទ្ឋរបស់ឪពុក ឬអ្នកណាម្នាក់ក្នុងផ្ទះ ចុះដល់ពេលកូន ឬប្រពន្ឋខ្ចីជិះ តើធ្វើដូចម្តេច ពីព្រោះហាក់ដូចជាមិនសូវ យល់សោះចំពោះត្រង់ច្បាប់ ចរាចរណ៍ផ្លូវគោកថ្មីនេះ?

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា លើកឡើងថា លោកក៏បានដឹងអំពីក្តីកង្វល់នេះដែរ ប៉ុន្តែលោកបញ្ជាក់ថា បើមានបញ្ហាសមត្ថកិច្ចចរាចរណ៍ធ្វើការអប់រំ និងពន្យល់ណែនាំ នៅពេលធ្វើដំណើរតាមដងផ្លូវ។ លោកឆ្លើយថា នៅពេលមនុស្សម្នាក់ខ្ចីឡានឬម៉ូតូគេជិះ ម្ចាស់យាន្តយន្តត្រូវចំលងឯកសាររបស់ខ្លួន អោយអ្នកខ្ចីជិះ ប៉ុន្តែមិនមែនច្បាប់ដើមទេ។

លោកបញ្ជាក់ ”តាមពិតចេសអឺនិតិវិធីច្បាប់ ចរាចរណ៍គេអោយយើងយក origenal តាមខ្លួន ឬច្បាប់ដើម ចង់និយាយថាកាត់គ្រីឡាន បណ្ណ័សំគាល់ខ្លួន បើមានឡានមួយ អាចឹងត្រូវយកច្បាប់ដើម បើពលរដ្ឋគាត់ថាគ្រួសារមួយ៧នាក់ ត្រូវកូពីតាមខ្លួននិងប្រថាប់ត្រាពីទីតាំងគាត់រស់នៅ អាចឹងយើងឃើញថារយៈកាល កន្លងមកប៉ូលីស យើងក៏មិនផាកលើចំណុចនឹងដែរ គឺទុកពេលអោយគាត់រៀបចំឯកសារនេះអោយបានល្អ”។