អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ប្រារព្ធ​ពិធី​បុណ្យ​ស្រូវ​ចំនួន​៣​យប់​៣​ថ្ងៃ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ប្រារព្ធ​ពិធី​បុណ្យ​ស្រូវ​ចំនួន ៣​យប់ ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦ នៅ​ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ មករា ថា ពិធី​បុណ្យ​ស្រូវ​នេះ​ជា​កម្មវិធី​ថ្នាក់​ជាតិ ដោយ​មាន​ការ​ដាក់​តាំង​ពិព័រណ៍​ធ្វើ​ជា​រូបភាព​ផ្សេងៗ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទស្សនា ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ យល់​ដឹង​អំពី​អត្ថប្រយោជន៍​របស់​ស្រូវ និង​ចំបើង៖ «យើង​យក​ចំបើង​រៀប​ធ្វើ​ជា​សួន​ដូច​ផ្ទះ​ចំបើង និង​រូបភាព​មនុស្ស​ស្ទូង​ស្រូវ ជាដើម។ ដោយឡែក​នៅ​ពេល​យប់ មាន​ការ​សម្ដែង​ល្ខោន​បាសាក់​ចែក​ជូន​ប្រជាពលរដ្ឋ​ទស្សនា​រៀង​រាល់​រាត្រី»

លោក អ៊ុំ រាត្រី បញ្ជាក់​ថា ពិធី​បុណ្យ​នេះ​នឹង​បើក​កម្មវិធី​ធំ​នៅ​ថ្ងៃ​ទី​៤ មករា ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។