សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ឃាត់​យានយន្ត​១៥២​គ្រឿង​ក្នុង​រយៈពេល​២​ថ្ងៃ​នៃ​ការ​អនុវត្ត​ច្បាប់

រយៈពេល​ពីរ​ថ្ងៃ​នៃ​យុទ្ធនាការ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​ដើម​ឆ្នាំ​២០១៦ របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​កំពង់ឆ្នាំង បាន​ឃាត់​ឡាន និង​ម៉ូតូ​ជិត ២០០​គ្រឿង (១៥២​គ្រឿង) ព្រម​ទាំង​បាន​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ជាង ១​ពាន់​នាក់ (១.២២៤​នាក់)។ ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាំទ្រ​លើ​ការ​អនុវត្ដ​ច្បាប់​នេះ ក៏​នៅ​មាន​ប្រជាពលរដ្ឋ​ខ្លះ​មិន​ពេញ​ចិត្ដ​ដែរ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ដាក់​កម្លាំង​តាម​ដង​ផ្លូវ​នានា​នៅ​ទូទាំង​ខេត្ត​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​ជាប់ៗ​គ្នា គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ដើម្បី​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី។ នៅ​ក្នុង​សកម្មភាព​នេះ សមត្ថកិច្ច​តាម​គោលដៅ​នីមួយៗ បាន​ព្យាយាម​ពន្យល់​ពលរដ្ឋ​ពី​ការ​បើកបរ​ខុស​ច្បាប់ ជា​ជាង​ដេញ​ចាប់​ផាក​ពិន័យ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់។

ទាំង​នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈឹម សារុន និង​នាយ​រង​ការិយាល័យ លោក ក្រឹង សំណាង បដិសេធ​មិន​ឲ្យ​ថត​សំឡេង​រាល់​ការ​អត្ថាធិប្បាយ​របស់​លោក​ក្នុង​ការ​ចុះ​អនុវត្ដ​ច្បាប់​នេះ​ទេ ប៉ុន្តែ​លោក​បាន​ផ្ដល់​តួលេខ និង​បង្ហើប​ថា ការ​អនុវត្ត​ការងារ គឺ​មាន​បញ្ជា​ពី​ថ្នាក់​លើ ហើយ​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី ទៅ​សួរ​អ្នក​នាំ​ពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ។

ចំណែក​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក លី វីរៈ ថា​លោក​មិន​ច្បាស់​លើ​ការងារ​ចរាចរណ៍​នេះ​ទេ ប៉ុន្តែ​មាន​ស្នងការ​រង​ម្នាក់​ទៀត​យល់​ស៊ី​ជម្រៅ និង​ជា​អ្នក​ទទួល​បន្ទុក​រឿង​នេះ។ វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ចរាចរណ៍​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​មករា។

ទន្ទឹម​នឹង​នេះ វិទ្យុ​អាស៊ីសេរី បាន​ទទួល​ការ​ត្អូញត្អែរ​ទាំង​តាម​ទូរស័ព្ទ និង​ផ្ទាល់​មាត់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែរ ទាក់ទង​នឹង​ការ​ឃាត់​ម៉ូតូ​គ្មាន​ស្លាក​លេខ និង​គ្មាន​ពន្ធ​នាំ​ចូល​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ។ ពលរដ្ឋ​ខ្លះ​ថា ម៉ូតូ​អត់​ពន្ធ​ដែល​គាត់​ទិញ​មក​ជិះ​តម្លៃ ៥០០​ដុល្លារ ប៉ុន្តែ​ដល់​សមត្ថកិច្ច​ចាប់​បាន ហើយ​ត្រូវ​រត់​ការ​ឯកសារ​ផ្សេងៗ​ពី​មន្ត្រី​គយ​ដើម្បី​យក​ម៉ូតូ​នោះ​មក​វិញ ពួក​គាត់​ត្រូវ​ចំណាយ​លុយ ៣៨០​ដុល្លារ​ទើប​បាន។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សយ ថា កំពុង​ឈរ​មើល​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម (Honda Dream) សេរី​២០១៥ អត់​ស្លាក​លេខ​របស់​ខ្លួន​នៅ​ក្នុង​បរិវេណ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដែល​សមត្ថកិច្ច​ទើប​ចាប់​មក​រក្សា​ទុក។ លោក​មាន​ប្រសាសន៍​ថា ម៉ូតូ​របស់​លោក​មាន​ពន្ធ​នាំ​ចូល និង​លិខិត​ទិញ​លក់​ត្រឹមត្រូវ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ស្លាក​លេខ។ លោក​ព្រម​ទទួល​ខុស និង​ធ្វើ​ស្លាក​លេខ​តាម​ការ​កំណត់​របស់​សមត្ថកិច្ច ប៉ុន្តែ​ចង់​សុំ​ដក​ម៉ូតូ​ទៅ​ប្រើប្រាស់​បណ្ដោះអាសន្ន ដោយ​រក្សា​ទុក​នូវ​ក្រដាស​ពន្ធ និង​អត្តសញ្ញាណប័ណ្ណ​នៅ​នឹង​សមត្ថកិច្ច​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​លោក​រត់​ការងារ​ផ្ទាល់​ខ្លួន​ផង និង​ធ្វើ​ស្លាក​លេខ​ផង៖ «ខ្ញុំ​ចង់​ថា​អ៊ីចេះ ឧទាហរណ៍​ថា​ឥឡូវ​ពន្ធ​អី​ហ្នឹង បើ​សិន​ជា​គាត់​អាច​ធ្វើ​ម៉េច​បាន​អ៊ីចឹង​ទៅ​ណា! យើង​ចង់​យក​តែ​យក​ម៉ូតូ​ជិះ​សិន ចំណែក​ពន្ធ​ទុក​នេះ ស្អែក​មក​ធ្វើ​ស្លាក​លេខ ឬ​ខាន​ស្អែក​ក៏​មក​ធ្វើ​បាន​អត់​មាន​បញ្ហា»

មាត្រា​៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ចែង​ថា ជន​ណា​ប្រើប្រាស់​យានយន្ត​គ្មាន​ប័ណ្ណ​សម្គាល់ ឬ​គ្មាន​ស្លាក​លេខ​សម្គាល់​រថយន្ត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១​សែន​រៀល​ទៅ ៨​សែន​រៀល។

ព្រះរាជក្រម​បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នីតិកាល​ទី​៥ ហើយ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ នា​សម័យ​ប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៣។ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ មាន ១២​ជំពូក និង ៩២​មាត្រា ហើយ​មាន​ការ​កែប្រែ​លើ​ខ្លឹមសារ និង​ការ​ផាក​ពិន័យ​មួយ​ចំនួន គឺ​ខុស​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់​ឆ្នាំ​២០០៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។