សមត្ថកិច្ច​ចាប់​ឈើ​ប្រណីត​របស់​ចៅហ្វាយស្រុក​កំពង់លែង​រក្សា​ទុក​មួយសន្ទុះ​ប្រគល់​ឲ្យ​វិញ

ខេត្តកំពង់ឆ្នាំង ៖ គល់ និង​ពក​ឈើ​ធ្នង់​ធំ​ៗ ជា​ប្រ​ភ​ទ​ឈើ​ប្រណីត​ចំនួន​៨​គល់ ដឹក​តាម​រថយន្ត​១​គ្រឿង ចេញពី​ស្រុក​កំពង់លែង ឆ្លងកាត់​ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បញ្ជូន​យក​មក​រក្សា​ទុក​នៅ​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ព្រោះតែ​គ្មាន​សុំ​ច្បាប់​អនុញ្ញាត ។ ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​កំពង់​ផែ​កាណូត​ដ ស្ថិត​នៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ តែ​ទោះ​យ៉ាងណា​ឈើ​មួយ​រថយន្ត​នេះ​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​ឃាត់​បាន​មួយ​ចំអិន​កំ​ពិស​ប៉ុណ្ណោះ ។

សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បានអោយ​ដឹង​ថា រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើ​នេះ​ពាក់​ស្លាក​លេខ ​ភ្នំពេញ 3A-0800 ពណ៌​ស បាន​ដឹក​គល់ឈើ​ធ្នង់​ធំ​ៗ​ចំនួន​៨​ដុំ ក្នុង​នោះ​៣​ដុំ​បាន​កែ​ច្នៃ​រួច​ហើយ ជា​របស់​លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង ដែល​បាន​ដឹក​ចេញពី​សាលាស្រុក​កំពង់លែង ឆ្លង​តាម​សាឡា​ង​មក​កាន់​ទីក្រុង​កំពង់ឆ្នាំង ឆ្ពោះទៅ​ផ្ទះ​លោក​នៅ​ស្រុក​បរិបូរណ៍ ហើយ​ត្រួ​វ​បាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជា​អោយ​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​ទុក​សិន ដើម្បី​ត្រួតពិនិត្យ​លិខិត​ស្នាម ។

ក្នុង​ពេល​ចាប់​ឃាត់​ឈើ​មួយ​រថយន្ត​នោះ​លោក មាន់ អ៊ា​ន​លី បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា គល់ឈើ​ធ្នង់​ទាំង​៨​ដុំ​ខាងលើ​នេះ​គឺ​៣​ដុំ​បាន​កែ​ច្នៃ​ធ្វើ​ជា​តុ​រួច​ហើយ ឯ​៥​ដុំ​ទៀត​ជា​គល់ឈើ​ចាស់​ៗ​ដែល​នៅ​សល់​ពី​ការ​គាស់​ធ្វើ​ផ្លូវ​នៅ​ក្នុងស្រុក​កំពង់លែង ហើយ​ពេល​នេះ​គាត់​ជិត​ចូល​និវត្តន៍​ហើយ ទើប​គាត់​ដឹក​គល់ឈើ​ទាំងនេះ​យក​ទៅ​ទុក​នៅផ្ទះ ដើម្បី​កែ​ច្នៃ​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ គឺ​មិនមែន​ដឹក​យក​ទៅ​លក់ដូរ​នោះ​ឡើយ ។ រឿង​ឈើ​នេះ​លោក និង​ស្នើ​សុំ​ទៅ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​អោយ​ជួយ​សំរួល​ដោះស្រាយ​យក​គល់ឈើ​ទាំង​អស់នេះ​យក​ទៅ​កែ​ច្នៃ​ប្រើប្រាស់​វិញ ។

សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា គល់ឈើ និង​រថយន្ត​នេះ​ត្រូវ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់​ឆ្នាំង ដើម្បី​រាយការណ៍ និង​សុំ​យោបល់​ថ្នាក់លើ​សម្រេច ។

តាម​ការ​ផ្តល់​ព័ត៌មាន​ពី​មន្ត្រី​ខណ្ឌ​រដ្ឋ​ព្រៃឈើ​បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣​មក​រា​នេះ​ថា ឈើ​ប្រណីត​មួយ​រថយន្ត​ជា​របស់​លោក​អភិបាលស្រុក​កំពង់​លែង​ខាងលើ​នេះ​បាន​ដោះ​លែង​វិញ​ហើយ ដោយ​មានការ​សម្របសម្រួល​ពី​ថ្នាក់ដឹកនាំ​ខេត្ត ៕