តុលាការ​ការងារ​នឹងត្រូវ​បង្កើតឡើង​នៅ​ដើមឆ្នាំ​២០១៧

​ភ្នំពេញ​៖ នៅ​ដើមឆ្នាំ​២០១៧​ខាងមុខនេះ ក្រសួង​ការងារ​នឹង​បង្កើត​ឲ្យ​មាន​តុលាការ​ការងារ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត និង និយោជក​។ តាម​ប្រសាសន៍​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅពេលនេះ​ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​កំពុងតែ​សិក្សា​អំពី​ប្រព័ន្ធតុលាការ​ការងារ​នៅ​បរទេស​ជាមុនសិន ដើម្បី​បង្កើត​ប្រព័ន្ធតុលាការ​ការងារ​មួយ​ដែល​សមស្រប​នឹង​បរិបទ​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់​ក្នុង​សន្និបាត​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ រាល់​វិវាទ​ការងារ​ដែល​កើតឡើង​រវាង​ភាគី​កម្មករនិយោជិត និង ភាគី​ថៅកែ​រោងចក្រ ត្រូវបាន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ធ្វើការ​ដោះស្រាយ​និង​សម្របសម្រួល​។ ប៉ុន្តែ ក្រុមប្រឹក្សា​នេះ​មិនមែនជា​តុលាការ​នោះទេ គឺ​វា ដើរតួនាទី​ជា​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធតុលាការ​។ លោក​បន្ត​រថា ក្រសួង​នឹង​ខិតខំ​រៀបចំ​ឯកសារ​ឲ្យ​បាន​រួចរាល់​និង​ដាក់​ឲ្យ​ដំណើរការ​តុលាការ​ការងារ​នេះ​ឡើង​នៅ​ដើមឆ្នាំ​២០១៧​ខាងមុខ ហើយ​លោក​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​នឹងចូលរួម​អបអរសាទរ​ទាំង​សហជីព និង​ភាគី​និយោជក ដែល​ទន្ទឹម​រង់ចាំ​តុលាការ​នេះ​ជា​យូរណាស់​មកហើយ​។​

​លោក ជួន ម៉ុំ​ថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​បង្កើត​តុលាការ​ការងារ​នេះ​។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ក្រសួង​ការងារ​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ត្រូវបង្កើត​តុលាការ​ការងារ​ដែលមាន​លក្ខណៈ​និង​រូបរាង​ជា​ត្រីភាគី​ដែលមាន​សមាសភាព​រាជ​រដ្ឋាភិបាល សហជីព និង​និយោជក ដើម្បី​ដាក់​ឲ្យ​អនុវត្ត និង​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​កាន់តែ​ល្អប្រសើរ​៕