មហា​យក្ស​ចិន​សម្ញែង​រឹទ្ធិ​អំណាច​យោធា​របស់ខ្លួន​ក្នុង​ឆ្នាំ​ថ្មី​

​គ្រាន់តែ​ឆ្នាំ​២០១៦​មកដល់​ភ្លាម​មហា​យក្ស​ចិន​ប្រកាស​បង្កើត​អង្គភាព​យោធា​ធំៗ​បី ស្ថិតក្រោម​រចនាសម្ព័ន្ធ​កងទ័ព​រំដោះប្រជាជន​ចិន​។ ក្រៅពីនោះ​ចិន​ក៏​ប្រកាសប្រាប់​គេឯង​ពី​ផែនការ​កសាង​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទី​២ ព្រមទាំង​បញ្ចេញ​ផែនការ​ទំនើបកម្ម​យោធា​ជំហាន​ថ្មី​ដែល​នឹងត្រូវ​សម្រេច​ជោគជ័យ​ឆ្នាំ ២០២០ ថែម​ទៀតផង​។ ចិន​កាន់តែ​មានអំណាច​យោធា​ខ្លាំង ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បច្ចុប្បន្ន​ក៏​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​កងទ័ព​ចិន​ខ្លាំង​ស្មើ​ទ័ព​បណ្តា​មហាអំណាច​ជំនាន់​មុន​ថែមទៀត​។​

​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី មហាអំណាច​ចិន​បានបង្ហាញ​ពី​ពិភពលោក​ផែនការ​ទំនើបកម្ម​យោធា​របស់ខ្លួន​ជំហាន​បន្ទាប់ និង​គម្រោង​ផលិត​សព្វាវុធ​យុទ្ធសាស្ត្រ​ថ្មីៗ​សម្រាប់​បង្កើន​អំណាច​របស់ខ្លួន​ក្នុងពេល​អនាគត​។  កាលពី​ថ្ងៃ ៣១ ខែធ្នូ​ឆ្នាំ ២០១៥ ប្រធានាធិបតី​ចិន​ចូលរួម​សម្ពោធ​និង​បង្កើតជា​ផ្លូវការ​នូវ​អង្គភាព​យោធា​ធំៗ​ចំនួន​បី​ដែល​ស្ថិតក្រោម​រចនាសម្ព័ន្ធ​នៃ​ទ័ព​រំដោះប្រជាជន​ចិន​។ ការបង្កើត​កងពល​ថ្មី​បី​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន​ក្នុងការ​សម្រួល​ដល់​ការសហការ​គ្នា​រវាង​ក​ង​ទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស​ដើម្បី​ក្នុង​សង្គ្រាម​សម័យ​ទំនើប​។​

 ក្នុង​កម្មវិធី​សម្ពោធន៍​អង្គភាព​យោធា​នេះដែរ ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង បានលើកឡើង​ពី​សមិទ្ធផល​នានា​ដែល​ចិន​សម្រេចបាន ក្រោយ​ការកែទម្រង់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​បានបញ្ចប់​ទៅ​នៅ​ចុងឆ្នាំ​២០១៥​នេះ​។ លោក​ស៊ី ជិន​ពី បាន​អះអាងថា ការ​ទម្រង់​វិស័យ​កងទ័ព​របស់​ចិន​បច្ចុប្បន្ន ជា​កំណែទម្រង់​ធំ​បំផុត​មួយ​មិន​ធ្លាប់មាន ចាប់តាំងពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន​ផុស​រូបរាង​ឡើង​ឆ្នាំ ១៩៤៩ មក​នោះ​។ កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៥ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​លើកឡើង​ពី​ផែនការ​ផ្លាស់ប្តូរ​ការគ្រប់គ្រង​កងទ័ព​ដើម្បី​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន​មានអំណាច​កាន់តែ​ធំ​ក្នុងការ​គ្រប់គ្រង​កងទ័ព​រំដោះប្រជាជន​ចិន​។

​អង្គភាព​យោធា​ថ្មី​ទាំងបី​នោះ​មានដូចជា​កងកម្លាំង​គ្រាប់​រ៉ុ​ហ្កែ​ត ទីបញ្ជាការ​ទូទៅ​នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​កម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​។ ហើយ​ក្នុង​ពិធី​សម្ពោធ​កងកម្លាំង​ថ្មី​នេះ​ប្រធានាធិបតី​ចិន​បានតែងតាំង​មេបញ្ជាការ​អង្គភាព​នីមួយៗ​ផងដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua កងកម្លាំង​គ្រាប់​រ៉ុ​ហ្កែ​ត​នេះ​ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ពី​កងកម្លាំង​កាំភ្លើង​ធំ​ទី​២ ហើយ​អង្គភាព​នេះ​នឹង​ទទួលបន្ទុក​កាំជ្រួច​បាលី​ស្ទិ​កមី​ស៊ី​ល​ផង​។ អង្គភាព​នេះដែរ​ត្រូវបាន​គេ​បង្កើន​កម្រិត​ឲ្យ​ស្មើ​កងទ័ពជើងទឹក ជើង​អាកាស និង​ជើងគោក​ដែរ ហើយ​គេ​វាយតម្លៃថា អង្គភាព​មួយ​នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​។ ចិន​នៅ​រក្សា​គោលការណ៍​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​មុន​ទេ វា​លែង​តែមាន​ការវាយប្រហារ​ម​កលើ​ចិន​មុន​។ ប្រទេស​នេះ​ក៏​នៅ​រក្សា​សិទ្ធិ​អភិវឌ្ឍ​សព្វាវុធ​នេះ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ឆ្លើយតប​រាល់​ការគំរាមកំហែង​ពី​ក្រៅ​។

​រីឯ​ការបង្កើត​ទីបញ្ជាកា​រទូ​ទៅ​ឯណោះ​វិញ ជា​ក៏​ជា​រឿង​សំខាន់​មួយ​សម្រាប់​ចិន​ព្រោះ វា​ជួយ​សម្រួល​ដល់​ការសហការ​រវាង​កម្លាំង​ទាំងបី​ប្រភេទ ជើង​ទឹក ជើងគោក និង​ជើង​អាកាស​សម្រាប់​ត្រៀមលក្ខណៈ​ក្នុង​ចម្បាំង​សម័យ​ទំនើប​។ ប៉ុន្តែ ទាំង​ទីភ្នាក់ងារ​ព័ត៌មាន​ចិន និង​ក្រសួង​ការពារ​ចិន មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​ឲ្យ​គ្រប់គ្នា​បានដឹង​ឡើយ​ជុំវិញ​ការបង្កើត​កងកម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​។

​ដោយឡែក​ស្របពេល​ដែលមាន​ការបង្កើត​កងកម្លាំង​ថ្មី ក្រុង​ប៉េកាំង​ក៏បាន​បញ្ចេញ​គម្រោង​កសាង​នាវា​ដឹក​យន្តហោះ​របស់ខ្លួន​ទី​២ ឲ្យ​ពិភពលោក​បានដឹង​ផង​ដែរ​។ ការកសាង​នាវា​ដឹក​យន្តហោះ​បន្ថែម​នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ចិន ក្នុង​ការពង្រឹង​យុទ្ធសាស្ត្រ​យោធា​ផ្លូវ​សមុទ្រ​ទៅកាន់​តំបន់​ឆ្ងាយ​និង​ទឹក​ជ្រៅ​ផង​។​នាវា​ទី​២ មាន​ទម្ងន់ ៥​ម៉ឺន​តោន ហើយ​ក្រោយ​សាងសង់​រួចរាល់ នាវា​នេះ​នឹង​ផ្ទុះ​យន្តហោះ​ចម្បាំង​ស៊េរី J-15 របស់​ចិន និង​បណ្តា​យន្តហោះ​ចម្បាំង​ផ្សេងទៀត​ផងដែរ​។ កាលពី​ឆ្នាំ ២០១២ ចិន​បានដាក់​ឲ្យ​ប្រើប្រាស់​នាវា​ដឹក​យន្តហោះ​ទីមួយ​របស់ខ្លួន​ឈ្មោះ Liaoning បន្ទាប់ពី​កែច្នៃ​ក្រោយ​នាំចូល​ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ១៩៩៨​។

​ក្នុង​ឆ្នាំ ២០១៥ រដ្ឋាភិបាល​ចិន​បាន​ប្រឹងប្រែង​ខ្លាំង​ក្នុង​ការរៀបចំ​ធ្វើយ៉ាងណា​ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ឲ្យ​មាន​របៀបរៀបរយ មាន​វិន័យ​ខ្ពស់ មាន​សមត្ថភាព និង​មានចំណេះដឹង​បច្ចេកទេស​សម្រាប់​ការពារ​ប្រយោជន៍​ចិន​។​ដូច​ឃើញស្រាប់ លោក ស៊ី ជិន​ពីង បាន​អនុវត្ត​វិធានការ​កណ្តាប់ដៃ​ដែក​កម្ចាត់​អំពើពុករលួយ​ក្នុង​ជួរ​កងទ័ព និង​កាត់បន្ថយ​កងទ័ព​ចិន​រហូតដល់​៣​សែន​នាក់​ក្នុង​ថ្ងៃ​ខួប​លើក​ទី​៧០​នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី​២​ថែមទៀត​៕