សេតវិមាន៖ អាមេរិក​ត្រូវ​ការ​ពេល​ច្រើន​ថែម​ទៀត មុន​ដាក់​ទណ្ឌ​កម្ម​ថ្មី​លើ​អ៊ីរ៉ង់

សេតវិមាន៖ អាមេរិក​ត្រូវ​ការ​ពេល​ច្រើន​ថែម​ទៀត មុន​ដាក់​ទណ្ឌ​កម្ម​ថ្មី​លើ​អ៊ីរ៉ង់

សេតវិមាន​និយាយថា អាមេរិក​ត្រូវ​ការ​ពេល​ច្រើន​ថែម​ទៀត មុន​ដាក់​ទណ្ឌ​កម្ម​ថ្មី​លើ​អ៊ីរ៉ង់។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​និយាយ​ថា ខ្លួន​ត្រូវ​ការ​ពេលវេលា​ច្រើន​ថែម​ទៀត មុន​នឹង​អាច​ចាត់វិធានការដាក់​ទណ្ឌកម្ម​ថ្មីៗ​លើ​ប្រទេស​អ៊ីរ៉ង់​ជុំវិញ​កម្មវិធី​ផលិត​កាំជ្រួចមីស៊ីល​របស់​ប្រទេស​នោះ។

ទីប្រឹក្សា​រង​ទទួល​បន្ទុក​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​លោក Ben Rhodes មាន​ប្រសាសន៍​ថា កិច្ចការ​បន្ថែម​ទៀត​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​នេះ​មិនមែន​ដោយសារ​តែ​ប្រតិកម្ម​តប​វិញពី​ប្រទេស​អ៊ីរ៉ង់​នោះ​ទេ។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីរ៉ង់​ពង្រីក​កម្មវិធី​កាំជ្រួច​មីស៊ីលរបស់​ខ្លួន ដោយ​ឥត​ញញើត​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​ពី​សហរដ្ឋអាមេរិក​នោះ​ទេ។

មន្ត្រី​អាមេរិកនិយាយ​ថា ប្រទេស​អ៊ីរ៉ង់​បាន​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​ខ្លួន​ពីរ​ដង​ហើយ ដោយ​ម្តង​នៅ​ខែ​តុលា ហើយ​ម្តងទៀត​នៅ​ខែ​វិច្ឆិកា ចាប់តាំង​ពី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​នៅ​លើ​ពិភពលោក ស្តី​ពី​ការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេសអ៊ីរ៉ង់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​មក។

អង្គ​ប្រជុំ​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​កាល​ពី​ខែ​មុន​ថា ការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់​កាល​ពី​ខែ​តុលា​បាន​រំលោភ​សេចក្តី​សម្រេចចិត្ត​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​ហាម​ប្រាម​ប្រទេស​អ៊ីរ៉ង់ មិន​ឲ្យ​អភិវឌ្ឍ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​របស់​ខ្លួន​៕