ជន​មូស្លីម​និកាយ​ស៊ីអ៊ីដ​ខឹង​សម្បារ​នឹង​ការ​ប្រហារ​ជីវិត​បព្វជិត​មួយ​រូប​នៅ​អារ៉ាប៊ី សាអូឌីត

ជន​មូស្លីម​និកាយ​ស៊ីអ៊ីដ​ខឹង​សម្បារ​នឹង​ការ​ប្រហារ​ជីវិត​បព្វជិត​មួយ​រូប​នៅ​អារ៉ាប៊ី សាអូឌីត

កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់​ឈរ​ល្បាត​ស្ថានទូត​ប្រទេស​អារ៉ាប៊ី សាអូឌីត​នៅ​ក្រុង​តេរ៉ង់​ ប្រទេស​អ៊ីរ៉ង់​ ខណៈ​ដែល​ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​សម្លាប់​បព្វជិត​និកាយ​ស៊ីអ៊ីដ​មួយ​រូប​នៅ​ប្រទេស​អារ៉ាប៊ី​ សាអូឌីត។

មេដឹកនាំ​កំពូលនៃ​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​នឹង​ប្រ​ឈម​ការ​សងសឹក​ពី​ព្រះ​អាទិទេព​ ពី​ព្រោះ​តែ​ការ​ប្រហារ​ជីវិត​លោក Sheikh Nimr al-Mimr ដែលជា​អ្នក​រិះគន់​ប្រកាន់​និកាយ​ស៊ីអ៊ីដ​(Shi'ite) ដ៏​ល្បី​ល្បាញ​ម្នាក់​ទៅ​លើក្រុម​គ្រួសារ​រាជ​វង្សានុវង្ស​កាន់​អំណាច​របស់​ប្រទេស​អារ៉ាប៊ី​ សាអូឌីត។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា «​ការ​បង្ហូរឈាម​ដោយ​ភាព​អយុត្តិ​ធម៌ទៅ​លើ​ទុក្ករបុគ្គល​រូប​នេះ​នឹង​មានវិបាក​ភ្លាម​ៗ»។មេដឹកនាំ​កំពូលអ៊ីរ៉ង់​រូប​នេះ​បាន​និយាយ​ថា ​លោក Nimr ​មិន​ដែល​បាន​លើក​ទឹក​ចិត្ត​ពលរដ្ឋឲ្យ​ធ្វើ​សកម្មភាព​ដោយ​ប្រើ​អាវុធ ​ឬបំផុស​គំនិត​ដោយ​សម្ងាត់​ឲ្យបង្កើត​ផែនការ​អ្វី​មួយ​ទេ‍​ ក៏ប៉ុន្តែ ​អ្វី​ដែល​លោក​បាន​ធ្វើនោះ​គឺ ​ការ​រិះគន់ជាសាធារណៈ​ដែល​កើត​ចេញ​ពី​ជំនឿ​សាសនា​របស់​លោក​ផ្ទាល់។

ឆ្មាំ​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ការ​ស្លាប់របស់​លោក Nimr ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​នឹង​នាំ​ឲ្យ​មាន​ការ​ដួលរលំ​នៃ​របប​រាជា​ធិបតេយ្យ​នៅ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត។​ ឆ្មាំ​ការ​ពារ​បដិវត្តន៍​បាន​ពណ៌​នា​ការ​ប្រហារ​ជីវិត​លោក Nimr ​ថា​ ជាសកម្មភាព​ឃោរឃៅ​មួយ។

ការ​ប្រហារ​ជីវិត​លោក Nirm ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​អន្តរជាតិ​ហើយ​បាន​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ផ្នែក​ការ​ទូត​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់ ​ដោយ​បាន​នាំ​ឲ្យ​មាន​ការ​ទស្សន៍ទាយ​ពី​ការ​ចលាចល​នៅ​ក្នុង​តំបន់​ដែល​មាន​ជន​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអា (Shia) ​ភាគ​ច្រើន​រស់​នៅ។

​លោក Nim​r ​ដែលស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ ៤៧​នាក់​ ដែល​ត្រូវបាន​ប្រ​ហារ​ជី​វិត​ក្នុង​ប្រទេស​អារ៉ាប៊ី​ ​សាអូឌីត កាល​ពី​ថ្ងៃ​សៅរ៍ ជាបព្វជិត​អ៊ី​ស្លាម​និកាយ​ស៊ីអ៊ីដ​ ដែល​ត្រូវ​បាន​គេ​គោរព​យ៉ាង​ខ្លាំង​បាន​រងការ​ចោទ​ប្រកាន់​នៅ​ឆ្នាំ​២០១៤​ ពី​ការដឹកនាំ​ចលនា​បះបោរ​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​ទៀត ​ហើយ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត។

​លោក​ជា​អ្នក​រិះគន់​ឥតសំចៃ​ដល់​ក្រុម​គ្រួសារ​រាជវង្សានុវង្ស​អារ៉ាប់​ប៊ី ​សាអូឌីត​ដែល​កំពុង​កាន់​អំណាច​ និង​ជាមេដឹកនាំ​ដ៏​សំខាន់​ម្នាក់​នៃ​ការ​តវ៉ា​ប្រឆាំង​របស់​និកាយ​ស៊ី​អ៊ីដ​ក្នុង​ប្រទេស​អារ៉ា​ប៊ី ​សាអូឌីត​នៅ​ឆ្នាំ​២០១១។

​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ គីមួន​បាន​មាន​ប្រសាសន៍​ថា ​លោក​មាន​ការ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ពី​ការ​ប្រហារ​ជីវិត​លោក Nimrនេះ ​និង​មនុស្ស​៤៦​នាក់​ផ្សេង​ទៀត ​ហើយ​បាន​អំពាវ​នាវ​ឲ្យ​មានការ​ស្ងប់​ស្ងាត់​ និង​ការ​ទប់​កុំ​ធ្វើសកម្មភាព​ដល់​ការ​ប្រហារ​ជីវិត​នេះ។

​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ​ការ​ស្លាប់​របស់​លោក Nimrនេះ ​នឹងបន្ថែម​ឲ្យ​មាន​ទំនាស់​ខាង​និកាយ​នៅ​ក្នុង​តំបន់​នោះ៕