នាង​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា​រវាង​ការងារ​ល្អ និង សង្សារ​សំណព្វចិត្ត ?

ក្នុងដំណាក់កាល​នេះ នាង​ខ្ញុំ​មិនដឹង​គួរ​ជ្រើសរើស​បែបណា​បានល្អ​នោះទេ រវាង​ស្នេហា​ដែល​ធ្លាប់មាន​ភាព​រីករាយ ដោយ​សង្ឃឹមថានឹង​រៀបការ​ជាមួយគ្នា​បន្ទាប់ពី​យើង​បាន​ស្រឡាញ់គ្នា​អស់​រយៈពេល​យ៉ាងយូរ​មកនេះ ជាមួយនឹង​ការងារ​ដែលមាន​ប្រាក់ខែ​ច្រើន ជា​ប្រភេទ​ការងារ​ដែល​នាង​ខ្ញុំ​ចូលចិត្ត ព្រមទាំង​ត្រូវចំ​ជំនាញ​របស់ខ្ញុំ​ដែល​ពីមុនមក​នាង​ខ្ញុំ​មិន​ធ្លាប់​រកបាន​ការងារ​បែបនេះ ។​ នាង​ខ្ញុំ និង សង្សារ​បាន​ស្រឡាញ់គ្នា​រយៈពេល​ពីរ​ឆ្នាំ​មកហើយ មនោសញ្ចេតនា​របស់​យើង​ទាំងពីរ​មាន​ភាពល្អប្រសើរ​ខ្លាំងណាស់ ។

ដំបូង​ឡើយ​យើង​ធ្វើការ​ជាមួយគ្នា​នៅក្នុង​ក្រុមហ៊ុន​មួយ ថ្វីបើ​មាន​បញ្ហាលំបាក​ផ្នែក​សេដ្ឋកិច្ច​ខ្លះៗ​ដោយសារតែ​ការងារ​មិនជា​ល្អ​ប៉ុន្មាន ប៉ុន្តែ​យើង​មាន​ពេលវេលា​ច្រើន​នៅក្បែរ​គ្នា និង មិន​ឆ្ងាយ​ពី​ផ្ទះ ។ ខ្ញុំ​ស្រឡាញ់​គាត់​ណាស់ ហើយ​គាត់​ក៏​ស្រឡាញ់​ខ្ញុំ​ណាស់ដែរ ។ ទោះជា​គាត់​មានការ​ប្រចណ្ឌ​បន្តិច ប៉ុន្តែ​ខ្ញុំ​យល់ថា នោះ ជា​ចរិត​របស់​មនុស្ស​ប្រុស ហើយ​គាត់​ស្រឡាញ់​នាង​ខ្ញុំ​ទើប​ប្រចណ្ឌ​បែបនេះ​ទេ ។ នាង​ខ្ញុំ​ចូលចិត្ត​នៅក្បែរ​គាត់​ជជែក​ជាមួយ​គាត់ ដោយសារតែ​យើង​មាន​អាយុ​ស្មើគ្នា ទើប​មាន​ចំណុច​ភាគច្រើន​គឺ​សមស្រប​គ្នា ។ នាង​ខ្ញុំ និង គាត់​ធ្លាប់​រស់នៅ​ជាមួយគ្នា​ដោយ​សប្បាយ​បំផុត ។ គាត់​ទៅធ្វើ​ការ​នាង​ខ្ញុំ​ដាំបាយ យើង​ទាំងពីរ​ហូបបាយ​ជាមួយគ្នា​ពិតជា​មាន​ក្តី​សុខ​ជាង​អ្នកដទៃ​ដែល​នៅក្បែរនោះ ។

ប៉ុន្តែ​ភាព​រីករាយ​បាន​សាបសូន្យ​បន្ទាប់ពី​បាត់បង់​ការងារ ធ្វើឱ្យ​នាង​ខ្ញុំ​កាន់តែ​ព្រួយបារម្ភ​ក្នុងការ​ស្វែងរក​ការងារ​ថ្មី ។ ក្នុង​រយៈពេល​ប្រហែល​ពីរ​ខែ​ដែល​មិនមាន​ការងារ​ធ្វើ នាង​ខ្ញុំ​ធុញទ្រាន់​ខ្លាំងណាស់ យល់ថា​ខ្លួនឯង​ពិតជា​ឥត​បានការ ។ ចុងក្រោយ​នាង​ខ្ញុំ​ក៏​រកបាន​ការងារ​មួយ​ដែល​សមស្រប ។ តាមពិត​ការងារ​ថ្មី​នេះ ចំពោះ​នាង​ខ្ញុំ​គឺ​ល្អ​ខ្លាំងណាស់​ដោយសារ​វា​ចំ​ជំនាញ​នាង​ខ្ញុំ ហើយ​មាន​ប្រាក់​ច្រើន​ទៀត នាង​ខ្ញុំ​មិនអាច​ធ្វើដំណើរ​ទៅធ្វើ​ការវិល​ល្ងាច​បានទេ ដូច្នេះ​ក៏​ពិភាក្សា​ជាមួយ​គាត់​អំពី​ការជួល​កន្លែង​ស្នាក់​នៅក្បែរ​ក្រុមហ៊ុន​ដើម្បី​ងាយស្រួល​ធ្វើការ តែ​គាត់​ហាក់ដូច​មិន​សប្បាយចិត្ត​សោះ ។

ចាប់តាំងពី​ថ្ងៃ​ដែល​នាង​ខ្ញុំ​បាន​ប្តូរ​កន្លែងធ្វើការ ការងារ​មមាញឹក​ច្រើនជាង​មុន អ្នកគ្រប់គ្រង​ក៏បាន​ជួយ​សម្រួល​ការលំបាក​ដ​ល់​បុគ្គលិក ដូច្នេះ​នាង​ខ្ញុំ​ក៏មាន​ឱកាស​ក្នុងការ​រកប្រាក់ ។ នាង​ខ្ញុំ​ទៅធ្វើ​ការ​ជួនកាល​ត្រូវ​ដើរ​ជាមួយ​អ្នក​គ្រប់ គ្រង​ដើម្បី​ជួប​ដៃគូ​ជំនួញ​ប្រការនេះ​ធ្វើឱ្យ​សង្សារ​របស់ខ្ញុំ​កាន់តែ​ប្រចណ្ឌ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការ​រអ៊ូរទាំ​របស់គាត់​ចំពោះ​ការដែល​នាង​ខ្ញុំ​ចេញពី​ធ្វើការ​យឺត ។ ជាមួយនឹង​ការងារ​ល្អ និង មាន​ប្រាក់ខែ​ច្រើន​បែបនេះ នាង​ខ្ញុំ​ត្រូវតែ​ខិតខំ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ក្នុងការ​បំពេញការងារ​តែ​សង្សារ​នាង​ខ្ញុំ​គាត់​មិន​យល់ ចិត្ត​នាង​ខ្ញុំ​សោះ ។

ប្រធាន​របស់ខ្ញុំ​ចិត្តល្អ​ជាមួយ​បុគ្គលិក​ទូទៅ ប៉ុន្តែ​សង្សារ​នាង​ខ្ញុំ​បែរជា​គិតថា​នាង​ខ្ញុំ​មាន​ស្នៀត ដូច្នេះ​គាត់​តែង​ខឹង​នឹង​នាង​ខ្ញុំ​យ៉ាងណាក៏ដោយ​នាង​ខ្ញុំ​នៅតែ​យល់ថា ដោយសារ​ការស្រឡាញ់​ទើប​គាត់​ធ្វើបែបនេះ​ដាក់​នាង​ខ្ញុំ ។ មាន​ពេល​មួយ​នោះ គាត់​ចេញពី​ធ្វើការ​មកដល់​ផ្ទះ​មុន ហើយ​ចង់ឱ្យ​នាង​ខ្ញុំ​រៀបចំ​បាយទឹក​ជូន​គាត់ តែដោយសារ​ការងារ​មិនទាន់រួច​ដៃ នាង​ខ្ញុំ​ក៏បាន​ផ្ញើ​សារ​មក​គាត់ ភ្លាមនោះ​គាត់​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ខុសពី​ធម្មតា ហើយក៏​បាន​ទារ​ចែកផ្លូវ​គ្នា ។ គាត់​និយាយថា នាង​ខ្ញុំ​ចង់​ទៅណា​ក៏បាន​ចង់​ធ្វើ​អ្វី និង ដេក​ជាមួយ​អ្នកណា​ក៏​គាត់​លែង​ខ្វល់​បែបនេះ​ធ្វើឱ្យ​នាង​ខ្ញុំ​ឈឺចិត្ត​ខ្លាំងណាស់ ។

ក្រោយមក​គាត់​ក៏បាន​សុំទោស​នាង​ខ្ញុំ ហើយ​បន្ទាប់ពី​ករណីនេះ​ការទាស់ទែង​គ្នា​ការ​ប្រចណ្ឌ ទាមទារ​បែក​គ្នា​ក៏បាន​កើត​ឡើងជា​ញឹកញាប់​ក្លាយជា​ទម្លាប់ ។ រហូតមកដល់​ថ្ងៃមួយ​ការ​ទាស់សម្តី​គ្នា​បាន​ឈានដល់​កម្រិត​កំពូល ។ តាមពិត​នាង​ខ្ញុំ​ខ្លាច​បាត់បង់​គាត់​ណាស់ ដោយសារ​យើង​ធ្លាប់មាន​អនុស្សាវរីយ៍​ល្អៗ​ជាមួយគ្នា ធ្លាប់​រួមសុខទុក្ខ​ជាមួយគ្នា តែ​ការងារ​របស់​នាង​ខ្ញុំ​ក៏​កំពុងតែ​ល្អប្រសើរ​ណាស់ដែរ ហើយ​ឱកាស​ក្លាយជា​អ្នកដឹកនាំ​មួយរូប​ក្នុង​ក្រុមហ៊ុន​នេះ ក៏​នៅ​មិន​ឆ្ងាយ ។ នាង​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា ប្រសិន​ជ្រើស​យក​ការងារ តើ​សង្សារ​សំណព្វចិត្ត​ទៅជា​យ៉ាងណា ហើយ​បើ​នាង​ខ្ញុំបោះបង់​ការងារ តើ​យើង រស់នៅ​ជាមួយគ្នា​មាន​ក្តី​សុខ​ដែរ​ឬ​អត់ ? ពេលនេះ​នាង​ខ្ញុំ​ពិតជា​ទ័លច្រក​ហើយ ។​

​ចម្លើយ ៖ តាម​ការរៀប​រាប់រប​ស់​ប្អូនស្រី​យើង​ដឹងថា ស្នេហា​របស់​ប្អូន​ចំពោះ​សង្សារ​គឺ​ធំធេង​ណាស់ ។ ធម្មតា​គូ​ស្នេហា​ដែល​រស់នៅ​ជាមួយគ្នា​ក្នុង​រយៈពេល​យូរ​បែបនេះ​ប្រាកដ​ជាមាន​អនុស្សាវរីយ៍​រាប់មិនអស់ ក្នុងចំណោម​នោះ​ក៏មាន​អនុស្សាវរីយ៍​ផ្អែមល្ហែម និង ល្វីង​ជូរចត់​ផងដែរ ។ ប្អូន​បាន​និយាយថា ស្នេហា​របស់​អ្នក​ទាំងពីរ​ពិត​ជាមាន​ភាពល្អប្រសើរ ប៉ុន្តែ​បញ្ហា​បាន​កើតឡើង​ដោយសារតែ​ការ​ប្រចណ្ឌ ។ មូលហេតុ​នៃ​ការ​ប្រចណ្ឌ​នេះ កើតឡើង​ដោយសារ​ការសង្ស័យ​រប​ស់​ដៃគូ​ស្នេហា​របស់​ប្អូន ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្អូន គឺ​ត្រូវ​បំបាត់​ការសង្ស័យ​នោះ​ឱ្យអស់ ។ ដើម្បី​ដោះស្រាយ​បញ្ហា​សង្ស័យ​នេះ​បាន​ប្អូន​ត្រូវ​ធ្វើឱ្យ​សង្សារ​របស់​ប្អូន​ងាក​មក​ជឿជាក់​លើ​ប្អូ​ឱ្យ បាន​ច្រើនជាង​មុន​រហូតដល់​ជឿជាក់​ទាំងស្រុង ។

នៅក្នុង​កន្លែងធ្វើការ​ប្អូន​ប្រហែល​ជាមាន​មិត្តភក្តិ​ស្រីៗ​ជិតស្និទ្ធ​ជាច្រើន​នាក់ ពួកគេ​អាចជួយ​ប្អូន​បាន ដូច្នេះ​ប្អូន​គួរតែ​ពិភាក្សា​ជាមួយ​មិត្តភក្តិ​របស់​ប្អូន​ដើម្បី​រក​ពេលវេលា​ល្អ​មកជួប​សង្សារ​ប្អូន​នៅឯ​ផ្ទះ ។ ប្អូន​ត្រូវតែ​និយាយ​ការពិត​អះអាង​ពី​ភាព​បរិសុទ្ធ​របស់ខ្លួន ហើយ​មិត្តភក្តិ​របស់​ប្អូន​ត្រូវតែ​បកស្រាយ​បញ្ជាក់បន្ថែម​លើ​អ្វីដែល​ប្អូន​បាន​អះអាង ។​ ​វិធី​ខាងលើនេះ​ជា​ជំហាន​បើកផ្លូវ​មួយ​ដើម្បី​នាំ​ដៃគូ​ស្នេហា​របស់​ប្អូន​ទៅរក​ការជឿជាក់​លើ​ប្អូន ។ យើង​ជឿថា​បន្ទាប់ពី​បាន​ប្រើប្រាស់​វិធី​ខាងលើ​សង្សារ របស់​ប្អូន​នឹង​ត្រជាក់ចិត្ត​បន្តិច​ម្តងៗ មិន​ដូច្នោះ​ទេ​គាត់​ក៏​នឹង​ពិចារណា​ឡើងវិញ​ផងដែរ ។ បន្ទាប់មក​ប្អូន​ត្រូវធ្វើ​អ្វី​ឱ្យមាន​ភាពប្រាកដប្រជា និង មាន​ម៉ោង​មាន​វេលា​ច្បាស់លាស់ ហើយ​ការងារ​ដែល​ប្អូន​ធ្វើ​គឺ​គួរតែ​ប្រាប់​គាត់​ឱ្យបាន​ដឹង ។ សូម​ជូនពរ​ឱ្យ​ប្អូន​មាន​សុភមង្គល និង រក្សាបាន​ការងារ​ល្អ​ដែល​កំពុងមាន ៕

នាង​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា​រវាង​ការងារ​ល្អ និង សង្សារ​សំណព្វចិត្ត ?