ទើប​តែ​ដឹង​ ថា​អ្នក​ណា​សំខាន់​ជាង​គេ​ក្នុង​ជីវិត​ខ្ញុំ!


ទើប​តែ​ដឹង​ ថា​អ្នក​ណា​សំខាន់​ជាង​គេ​ក្នុង​ជីវិត​ខ្ញុំ!

ពី​ដំបូង​ឡើយ​ខ្ញុំ​គិត​ថា​ មិត្តភ័ក្ដិ​ខ្ញុំ​ជា​មនុស្ស​ដែល​សំខាន់​ជាង​គេ​ក្នុង​ជីវិត​ខ្ញុំ​ព្រោះ​ពួក​គេ​តែង​នៅ​ក្បែរ​ខ្ញុំ​ ដឹង​រឿង​របស់​ខ្ញុំ​គ្រប់​យ៉ាង​ ពេល​ខ្ញុំ​ពិបាក​ចិត្ត​ពួក​គេ​តែង​តែ​លួង​លោម​ខ្ញុំ។ ប៉ុន្តែ​មិន​មែន​គ្រប់​ពេល​ទេ​ គេ​លួង​យើង​ពេល​ដែល​គេ​អារម្មណ៍​ល្អ​ប៉ុណ្ណោះ។

 

កាល​នៅ​វិទ្យាល័យ​​ ខ្ញុំ​បាន​ពិន្ទុ​ប្រឡង​ប្រចាំ​ខែ​តិច​ជាង​គេ​ ខណៈ​ដែល​មិត្តភ័ក្ដិ​ខ្ញុំ​បាន​ពិន្ទុ​ខ្ពស់​ទាំង​អស់។ ពេល​នោះ​ខ្ញុំ​អន់​ចិត្ត​ ហើយ​ខឹង​ពួក​គេ​ជា​ខ្លាំង​ ពួក​គេ​បាន​ពិន្ទុ​លើ​ខ្ញុំ​ច្រើន​ហើយ​ថែម​ទាំង​ទារ​ក្រដាស​ប្រឡង​ខ្ញុំ​ទៅ​ត​វ៉ា​គ្រូ​ទៀត។ ពួក​គេ​ថា​ខ្ញុំ​ធ្វើ​ខុស​ ទើប​គ្រូ​ដក​ពិន្ទុ​ខ្ញុំ​អស់ ដំបូង​ខ្ញុំ​បាន​ពិន្ទុ​​ជាប់ ក្រោយ​ពួក​គេ​តវ៉ា​ ពិន្ទុ​ខ្ញុំ​ក៏​​ធ្លាក់។
 

ខ្ញុំ​មិន​យល់​ទេ​ រាប់​អាន​គ្នា​យូរ​ហើយ បែរ​ជា​មក​ច្រណែន​តវ៉ា​រឿង​​ពីរ​បី​ពិន្ទុ​ ហើយ​ទម្លាក់​ខ្ញុំ​ឱ្យ​ធ្លាក់​ ទាំង​ដែល​ពួក​គេ​ជាប់​អស់​ហើយ។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ ថ្ងៃ​នោះ​ខ្ញុំ​គេច​ម៉ោង​រៀន​ហើយ​ទៅ​ផ្ទះ​វិញ​ ពេល​ទៅ​ដល់​ផ្ទះ​ម៉ាក់​ក៏​សួរ​នាំ​ខ្ញុំ​ហេតុ​អ្វី​មក​ផ្ទះ​លឿន​ម្ល៉េះ? ខ្ញុំ​ក៏​ឆ្លើយ​យ៉ាង​ខ្លី​ថា​ខ្ជិល​។ គាត់​ចាប់​ផ្ដើម​ទេសនា​ដាក់​ខ្ញុំ​ កំពុង​តែ​អារម្មណ៍​អត់​ល្អ​ផង​ ត្រូវ​ម៉ាក់​​ស្ដី​ឱ្យ​ទៀត​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ខឹង​គាត់​ ខ្ញុំ​ស្រែក​គំហក​ដាក់​គាត់​ថា «ថ្លង់​ណាស់!» ហើយ​ឡើង​ទៅ​គេង​លើ​បន្ទប់​ធ្វើ​មិន​ដឹង។

 

ខ្ញុំ​គេង​តាំង​ពី​ម៉ោង ៩ ព្រឹក​រហូត​ដល់​ ២ រសៀល​​អត់​ខ្ចី​ទៅ​ញ៉ាំ​បាយ​ទេ ឱ្យ​តែ​ពេល​ខឹង​ម៉ាក់​ឬ​ប៉ា ខ្ញុំ​មិន​ដែល​ញ៉ាំ​បាយ​ទេ។ ពេល​ភ្ញាក់​ឡើង​ខ្ញុំ​អត់​ឃើញ​ម៉ាក់​នៅ​ផ្ទះ តែ​ឃើញ​ម្ហូប​គ្រប​ចោល​លើ​តុ​ ខ្ញុំ​ក៏​ប៉ើង​មើល​។ បាយ​មួយ​ចាន​ ឆា​ខ្ញី​មាន់​ និង ស្ងោរ​ជ្រក់​ត្រី​ ជា​ម្ហូប​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​។ ខ្ញុំ​រឹង​ក្បាល​ដល់​ថ្នាក់​នេះ​ហើយ​គាត់​នៅ​តែ​រៀប​ចំ​ម្ហូប​ឱ្យ​ខ្ញុំ​ទៀត។
 

ពេល​នោះ​ខ្ញុំ​លួច​ស្រក់​ទឹក​ភ្នែក​ម្នាក់​ឯង​ មួយ​សន្ទុះ​ម៉ាក់​ក៏​ត្រឡប់​មក​ពី​ផ្សារ​វិញ​គាត់​បាន​កាន់​អាវ​យឺត​ពណ៌​ផ្ទៃ​មេឃ​មួយ​ហើយ​ហុច​ឱ្យ​ខ្ញុំ​​ វា​ជា​ពណ៌​ដែល​ខ្ញុំ​ចូល​ចិត្ត។ គាត់​ថា «អញ​ឃើញ​ស្អាត​! ទិញ​មួយ​ទៅ»។ ខ្ញុំ​ទទួល​យក​អាវ​នោះ​ពី​គាត់​ ហើយ​យំ​យ៉ាង​ខ្លាំង​ព្រោះ​ទើប​តែ​យំ​ហើយ​មុន​នេះ​ផង ម៉ាក់​ស្រឡាំងកាំង​ពេល​ឃើញ​ខ្ញុំ​យំ​ គាត់​សួរ​កើត​អី? ខ្ញុំ​រត់​ទៅ​ឱប​គាត់​ ហើយ​គិត​តែ​ពី​យំ​មិន​ឈប់​ យំ​ដូច​កូន​ក្មេង​អញ្ចឹង។ ប្រពៃណី​គាត់​គឺ​ចូល​ចិត្ត​ជេរ «ឆ្កួត​ទេ​ហ្អី?»។

 

 

ទើប​តែ​ដឹង​ ថា​អ្នក​ណា​សំខាន់​ជាង​គេ​ក្នុង​ជីវិត​ខ្ញុំ!

(រូបតំណាង)

 

​​គាត់​ជេរ​ត្រូវ​ណាស់​អត់​ខុស​ទេ ខ្ញុំ​ឆ្កួត​មែន​ដែល​អត់​ដឹង​ថា​ម៉ាក់​ស្រឡាញ់​ខ្ញុំ​ប៉ុណ្ណា​ ពេល​មិត្តភ័ក្ដិ​បោះបង់​ខ្ញុំ​ចោល​ ម៉ាក់​មិន​ដែល​បោះ​បង់​ខ្ញុំ​ចោល​ទេ។ មាត់​ជេរ​កូន​មិន​ឱ្យ​ទាក់​ឡើយ តែ​កាយ​វិការ​គាត់​មួយ​ណា​ក៏​មើល​ថែ​មួយ​ណា​ក៏​បារម្ភ។ គាត់​ដឹង​ចិត្ត​ខ្ញុំ​គ្រប់​យ៉ាង​ ឱ្យ​តែ​ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​ គាត់​តែង​ធ្វើ​ម្ហូប​ណា​ដែល​ខ្ញុំ​ចូល​ចិត្ត​ឱ្យ​ខ្ញុំ​ ទោះ​បី​ជា​គ្មាន​គ្រឿង​ផ្សំ​ក្នុង​ទូរ​ទឹកកក​ក៏​ដោយ​ ក៏​គាត់​រត់​ទៅ​ទិញ​នៅ​ផ្សារ​មួយ​ភ្លែត​ដែរ។

 

ឥឡូវ​ខ្ញុំ​ដឹង​ហើយ​ថា​អ្នក​ណា​ជា​មនុស្ស​សំខាន់​ជាង​គេ ក្នុង​ជីវិត​ខ្ញុំ​ហើយ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត​នេះ។ គាត់​គឺ​អ្នក​ម្ដាយ​របស់​ខ្ញុំ​ ជា​នារី​តែ​ម្នាក់​គត់​ដែល​ស្គាល់​ខ្ញុំ​ជាង​ខ្ញុំ​ខ្លួន​ឯង។ ហើយ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ខ្ញុំ​ក៏​សូម​ជូន​ពរ​ឱ្យ​ ម៉ាក់​មាន​សុខភាព​ល្អ​ និង នៅ​ក្បែរ​កូន​ក្បាល​រឹង​ម្នាក់​នេះ​រហូត៕

 

 

បង​ស្រី​ខ្ញុំ​តែង​តែ​ជួយ​ខ្ញុំ​គ្រប់​ពេល

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់

 

អត្ថបទ៖ ស្រីលាប

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ