សម្ដេចតេជោ៖ ខ្ញុំនឹករឮក និងចងចាំជានិច្ច អតីតមិត្តរួមអាវុធទាំងអស់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចថា "ខ្ញុំបានទទួលដំណឹងតាម Facebook ខ្ញុំថាអតីតមិត្តរួមអាវុធ លោក ញឹក ហួន មានជំងឺជាទម្ងន់ ខ្ញុំក៏បានចុះទៅសួរសុខទុក្ខគាត់ និងបានលើកទឹកចិត្តឲ្យគាត់ទៅ ព្យាបាលនៅមន្ទីរពេទ្យទោះបីស្ថានភាពជំងឺបែបណាក៏ដោយ ចំពោះរូបខ្ញុំគឺតែងតែនឹករឮក និងចងចាំជានិច្ចចំពោះសហការី មិត្តរួមអាវុធទាំងអស់ដែលបានចូលរួមតស៊ូរំដោះ ប្រទេសពីរបបខ្មែរក្រហម ដូចជារូបលោក ញឹក ហួន ផ្ទាល់ដែលនៅក្រោយឆ្នាំ ១៩៧០ បានចូលរួមតស៊ូនៅអង្គភាពជាមួយគ្នា ហើយនៅថ្ងៃទី ២០ មិថុនា ឆ្នាំ១៩៧៧ គាត់បានចូលរួមជាមួយ ខ្ញុំចាប់ផ្តើមវាយពួក ប៉ុល ពត" ។

សម្ដេច ក៏បានសរសេរទៀតថា គាត់ក្លាយជាអ្នកចូលរួម កសាងកម្លាំងប្រដាប់អាវុធ ផ្តួលរំលំរបបខ្មែរក្រហម ហើយក៏បានក្លាយជាមេបញ្ជាការ កងអនុសេនាធំមុនគេនៅពេលនោះ។ ជាបន្តបន្ទាប់ នៅពេលបង្កើតកងវរះសេនាតូច គឺគាត់ជាមេបញ្ជាការមុនគេ ។ ក្រោយពេលរំដោះប្រទេសថ្ងៃ ៧ មករា ១៩៧៩ បង្កើតកងពលតូចលេខ១ ការពារភ្នំពេញ គាត់ជាមេបញ្ជាការដំបូងទៀត។ នៅពេលបង្កើតកងពលធំលេខ ១៩៦ គាត់ក៏ជាមេបញ្ជាការលើកដំបូងទៀត។ លោក ញឹក ហួន មានស្នារដៃច្រើនចំពោះជាតិ។ សព្វថ្ងៃលោក ញឹក ហួន ជាឧត្តមសេនីយ៍ផ្កាយមាសបួន មានមុខងារជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

សម្ដេច បានសរសេរលើកឡើងទៀតថា "ថ្ងៃនេះពេលខ្ញុំទៅដល់ផ្ទះគាត់ នាយទាហានជាន់ខ្ពស់ដែលទៅ សួរសុខទុក្ខបានប្រាប់ខ្ញុំថា គាត់មិនផ្តាំផ្ញើអ្វីច្រើនទេគឺមានតែពាក្យថាត្រូវតែការពារ សម្តេច ហ៊ុន សែន ឱ្យបាន មានន័យថាជីវិតគាត់មិនសំខាន់ជាងជីវិតខ្ញុំទេ ដូចដែលគាត់បានធ្វើនៅយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងកាត់ចំការមីនជាប់ព្រំដែនកម្ពុជា-វៀតណាម គឺគាត់ជាអ្នករាវរក និងដោះមីនមុននឹងឱ្យខ្ញុំ ដើរមួយជំហ៊ានៗម្តង ពេលនោះគាត់ក៏និយាយថា បើខ្ញុំស្លាប់ក៏ស្លាប់ចុះឱ្យតែបង ហ៊ុន សែន ឯងនៅរស់ដឹកនាំការតស៊ូរំដោះជាតិ របៀបនេះតើឱ្យខ្ញុំទប់ទឹកភ្នែកម៉្តេចបាន ខ្ញុំបន់ស្រន់ឱ្យបង ញឹក ហួន បន្តការព្យាបាលបានឆាប់ជាសះស្បើយ"។

ជាចុងបញ្ចប់ សម្ដេចក៏បានសរសេរ បង្ហាញពីទឹកចិត្តរបស់សម្ដេចថា "បើទោះបីខ្ញុំនៅឆ្ងាយពីបងប្អូន ឬមិនបានជួបប្រាស្រ័យសន្ទនាដោយផ្ទាល់ គឺខ្ញុំតែងតែនឹករឮកដល់បងប្អូនអតីតមិត្តរួមអាវុធទាំងអស់ តែគួរអោយសោកស្តាយដែលបងប្អូន មួយចំនួនក៏បានលាចាកលោក ហើយមួយចំនួនទៀតកំពុងរស់នៅដោយសុខសប្បាយជាមួយក្រុមគ្រួសារ ខ្ញុំនៅតែបន្តយកចិត្តទុកដាក់ចំពោះបងប្អូន ជានិច្ចទៅតាមលទ្ឋភាពជាក់ស្តែងដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំសូមជូនពរប្អូនអតីត មិត្តរួមអាវុធតស៊ូរំដោះជាតិទាំងអស់ សូមជួបតែសំណាងល្អ និងសេចក្តីសុខគ្រប់ពេលជានិច្ច" ៕

សម្ដេចតេជោ៖ ខ្ញុំនឹករឮក និងចងចាំជានិច្ច អតីតមិត្តរួមអាវុធទាំងអស់

សម្ដេចតេជោ៖ ខ្ញុំនឹករឮក និងចងចាំជានិច្ច អតីតមិត្តរួមអាវុធទាំងអស់

សម្ដេចតេជោ៖ ខ្ញុំនឹករឮក និងចងចាំជានិច្ច អតីតមិត្តរួមអាវុធទាំងអស់

សម្ដេចតេជោ៖ ខ្ញុំនឹករឮក និងចងចាំជានិច្ច អតីតមិត្តរួមអាវុធទាំងអស់