បើក​កុងតឺន័រ​​ងងុយដេកក្រឡាប់​នៅ​រង្វង់​មូល​ចោម​ចៅ

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង សង្ស័យ​ងងុយដេក​បាន​បើក​បួង​ចង្កូត​បត់​ស្តាំ បណ្តាល​ឱ្យ​ក្រឡាប់​ទៅ​ប៉ះ​ខឿន​សួនច្បារ​ច្រមុះជ្រូក​រង្វង់​មូល​ចោម​ចៅ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ មក​រា ២០១៦ ។

រថយន្ត​ម៉ាក​នី​ស្សាន់​ឌី​សែ​ល ពណ៌​ទឹកប្រាក់ ឆ្នូត​ខៀវ​ក្រហម ជា​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​អូ​លែ បើកបរ​ពីរ​លិចទៅ​កើត​តាម​ផ្លូវជាតិ​លេខ​៤ គោលបំណង​ដឹក​ទំនិញ​ពី​ក្រុមហ៊ុន​យក​ទៅ​ស្រុក​ស្អាង ខេត្តកណ្តាល មក​ដល់​ចំណុច​ខាងលើ បាន​បត់​ស្តាំ​ឆ្ពោះ​ទៅ​ផ្លូវជាតិ​លេខ​៣ សង្ស័យ​អ្នកបើកបរ​ងងុយដេក ខណៈ​ពេល​បួង​ចង្កូត ខ្លាំង​ពេក​បណ្តាល​ឲ្យ​ក្រឡាប់​ច្រ​ង៉ាង​នៅ​លើ​ផ្លូវជាតិ​លេខ​៣​អូស​ជិត​១០​ម៉ែត្រ​ធ្វើ​ទូ​កុងតឺន័រ​ប៉ះ​នឹង​ខឿន​សួនច្បារ​ច្រមុះជ្រូក​ខូចខាត​អស់​ផ្កា​មួយ​ចំនួន តែ​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​បាន​លូន​ចេញពី​ក្នុង​រថយន្ត​ឡើង​ជិះ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត របស់​ក្រុមហ៊ុន​ជិះ​ចេញ​ទៅ​បាត់ ទើប​ក្រុមហ៊ុន​បាន​យក​រថយន្ត​មក​ស្ទូច តែ​ត្រូវ​សមត្ថកិច្ច​មិន​ឲ្យ​ស្ទូច​យក​ទៅ​ជួសជុល​ទេ ព្រោះ​ប៉ះពាល់​ស​ម្ប​តិ្ត​សាធារណៈ ត្រូវ ស្ទូច​យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សង​ថ្លៃ​ខូចខាត​ខឿន​សួនច្បារ ៕