កែវ រំចង់ ​ប្រាប់​យុទ្ធសាស្ត្រ​វ៉ៃ​ទាំង​៣​ទឹក ​ធ្វើ​ឱ្យ​ Iquezang ​បែក​១៩​ថ្នេរ


កែវ រំចង់ ​ប្រាប់​យុទ្ធសាស្ត្រ​វ៉ៃ​ទាំង​៣​ទឹក ​ធ្វើ​ឱ្យ​ Iquezang ​បែក​១៩​ថ្នេរ

ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ​កាល​ពី​យប់​ម្សិលមិញ​នេះ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ កែវ រំចង់ ​បាន​បង្ហើប​បច្ចេកទេស​វ៉ៃ​របស់​ខ្លួន​ទាំង​៣​ទឹក​ប្រាប់​ដល់​អ្នក​គាំទ្រ​ថា​ទឹក​ទី​មួយ​និង​ពីរ រូបគេ​ព្យាយាម​ទាត់​ជើង​ក្រោម​របស់ Iquezang ​ហើយ​ចូល​ដល់​ទឹក​ទី​៣ ​ចាប់​ផ្ដើម​វាយ​សម្រុក​ដោយ​ប្រើ​កែង និង​កណ្តាប់​ដៃ​​តែ​ម្ដង។

 

កែវ រំចង់ ​ប្រាប់​យុទ្ធសាស្ត្រ​វ៉ៃ​ទាំង​៣​ទឹក ​ធ្វើ​ឱ្យ​ Iquezang ​បែក​១៩​ថ្នេរIquezang (ស្តាំ)ទាត់​លើ កែវ រំចង់ (ឆ្វេង)

 

កែវ រំចង់ ​បាន​សាង​ប្រវត្តិសាស្ត្រ​ឱ្យ​កម្ពុជា ដោយ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​អាច​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ក្នុង​កម្មវិធី Thai Fight ពោល​គឺ​ឈ្នះ​​ Iquezang ​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​កន្លង​ទៅ។ ក្នុង​ការ​ប្រកួត​នោះ​ដែរ គេ​មើល​ឃើញ​ថា រំចង់ ​បាន​រក្សា​ទម្រង់​ប្រយុទ្ធ​និង​ការពារ​បាន​យ៉ាង​ល្អ ​ហើយ​ថែម​ទាំង​អាច​វាយ​ជើង​ខ្លាំង​របស់​ថៃ​រូប​នោះ​ឱ្យ​បែក​ចិញ្ចើម​ ១៩​ថ្នេរ​នៅ​ទឹក​ទី​៣​ថែម​ទៀត​ផង។

 

ទន្ទឹម​នឹង​ការ​ធ្វើ​បាន​ល្អ​នេះ​ដែរ កីឡាករ​មាន​ដើម​កំណើត​នៅ​បាត់ដំបង​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​អ្នក​គាំទ្រ ជួយ​គាំទ្រ​តាំង​ពី​ដើម​រហូត​មក។ នេះ​ជា​មោទនភាព​ខ្មែរ ដែល​ខ្ញុំ​អាច​នាំ​ជ័យជម្នះ​មក​កម្ពុជា​វិញ​បាន។ ​ក្នុង​ការ​ប្រកួត​នោះ នៅ​ទឹក​ទី​មួយ​និង​ពីរ ​ខ្ញុំ​ប្រឹង​ទាត់​ជើង​ក្រោម ​ហើយ​ដល់​ទឹក​ទី​បី ​ខ្ញុំ​ប្រើ​កែង លាយ​និង​កណ្ដាប់​ដៃ​វាយ​សម្រុក Iquezang ”។

 

វត្តមាន​របស់ កែវ រំចង់ ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ក៏​មាន​ការ​ចូល​រួម​ពី​ប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា តែម ម៉ឺន ​និង​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត រូបគេ​ថែម​ទាំង​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្​តពី​​ក្រុមហ៊ុន​ខារ៉ាបាវ​ចំនួន​៥០០​ដុល្លារ​អាមេរិក៕

 

 

អត្ថបទ៖ មុន្នី រម្យ