អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​

​ប្រជាពលរដ្ឋ​មកពី​ទីជិត​ឆ្ងាយ​បាននាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ឫស្សី ស្រុក​ពាម​ជរ ខេត្ត ព្រៃវែង ដោយមាន​អ្នកខ្លះ​បាននាំគ្នា​អុជ​ទៀន ធូប បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​រៀងៗ​ខ្លួន ។ ថ្វីដ្បិតតែ​ប្រជាពលរដ្ឋ​មិន​បានឃើញ​ហេតុការណ៍​ច្បាស់​នឹង​ភ្នែក​ចំពោះ​រឿងរ៉ាវ​ព្រះ​ផុស​នេះ​ក៏ពិតមែន តែ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា​ពិតជា​មាន​ព្រះ​ផុស​ពិតៗ​មែន ។ កាលពីមុន​ទីកន្លែង​នេះ​ធ្លាប់​តែមាន​សភាព​ស្ងប់ស្ងាត់ តែ ឥឡូវនេះ​បែរជា​មាន​មនុស្សម្នា​អ៊ូអរ​មាន​ផ្កា​ភ្ញ្ញី និង ផ្សែង​ធូប​ហុយ​ទ្រលោម ។

អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​

លើសពីនេះទៅទៀត​នៅ​កន្លែង​ដែល​គេ​អះអាង ថា​ព្រះ​ផុស​នោះ មានការ​ជីក​កកាយ​យក​ដី​មក​ដាំទឹក​ផឹក​ទៀតផង ដែលមា្ន​ក់ៗ​មានជំនឿថា​ធ្វើឱ្យ​ជា​ពី​ជំងឺ​សព្វបែបយ៉ាង ។ នៅ​កន្លែង​នោះ​ទើបតែ​ធ្វើ​អាសនៈ​សម្រាប់​តម្កល់​ព្រះ​ពុទ្ធរូប ហើយ​ថ្មីៗ​នេះ លោកពូ តាំង លី អាយុ ៥៧ ឆ្នាំ ដែលជា​អ្នក​បានដឹង ហេតុការណ៍​ព្រះ​ផុស​នេះ​ផ្ទាល់​បាន​ប្រាប់​ឱ្យដឹងថា «​កន្លែង​ព្រះ​ផុស​នេះ​នៅក្រោម​ដើមអម្ពិល​ដែលជា​កន្លែង​ចង​គោ​របស់ខ្ញុំ​យូរ​ឆ្នាំ​មកហើយ ។ ស្រាប់ តែ​ពីរ​ថ្ងៃមុន​កើតហេតុ​នោះ​គោ​ទាំងអស់​របស់ខ្ញុំ​ចង​លែង​ជាប់ ហើយ​ចេះតែ​ផ្អើល​ទាំងយប់​ទាំង​ថ្ងៃ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកផ្ទះ​របស់ខ្ញុំ​ទាំងអស់​ងឿងឆ្ងល់​ជាខ្លាំង រក​មូលហេតុ​មិនឃើញ​តែ​ខ្ញុំ​នៅតែ​យក​គោ​ទៅ​ចង​កន្លែង​នោះ​ដដែល ព្រោះថា​វា​ជា​កន្លែងចាស់​ចង​រាប់​ឆ្នាំ​មកហើយ តែ​នៅ​យប់​មួយ​នោះ​គោ​ទាំងអស់​ផ្អើល​ដាច់​ចំណង​អស់ ។

អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​

ស្រាប់តែ​ព្រឹក​ឡើង​ក៏មាន​ស្ត្រី​ម្នាក់​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​ឈ្មោះ ជុន រី អាយុ ២៧ ឆ្នាំ បានមក​ប្រាប់​ខ្ញុំ​ថា រូបគេ​បាន​សុបិន​ឃើញ​នៅ​ខាងកើត​ផ្ទះ​របស់ខ្ញុំ កន្លែង​ចង​គោ​នេះ​មាន​ព្រះ​មួយ ព្រះអង្គ​សូម​ទៅ​កាយ​យក​ផង ។ ពេល​ស្ត្រី ជុន រី និយាយប្រាប់​ហើយ ខ្ញុំ​ក៏ នាំគ្នា​ទៅ​ជីក​រកមើល មិនបាន​ប៉ុន្មាន​ផង​ក៏​បានឃើញ​ព្រះពុទ្ធ​រូប​មួយ​ព្រះអង្គ​មែន ដែលជា​ហេតុ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្នុងភូមិ​បាននាំគ្នា​មក​ចោមរោម​មើល ។ ពេលនោះ​ខ្ញុំ​ក៏បាន​យក​ព្រះ​ពុទ្ធរូប អង្គ​នេះ​មក​លាង​សម្អាត និង វាស់វែង ថ្លឹង​មើល​មាន​ទម្ងន់ ១០ គីឡូក្រាម កម្ពស់ ៣ តឹក តែ​មិនដឹង ថា​ព្រះពុទ្ធ​រូបអង្គ​នេះ​កសាង​នៅ​ឆ្នាំ​ណា​នោះទេ ហើយក៏​មិនដឹងថា​ធ្វើ​ពីអ្វី​ដែរ គ្រាន់តែ​ដឹងថា​ព្រះអង្គ​ផុស​នេះ​ធ្វើ​មិនទាន់​រួចរាល់​នៅឡើយ​ទេ​» ។

អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​

បើតាម​អ៊ំស្រី ស៊ន សំ​អូន អាយុ ៥៨ ឆ្នាំ បាន​ប្រាប់​ឱ្យដឹងថា ពេលដែល​ព្រះ​ផុស​រួចហើយ នោះ​ស្រាប់តែ​លោក តាំង លី បាន​ចូល​រូប ហើយ​និយាយ​ប្រាប់ថា ហេតុអ្វី​បានជា​នាំគ្នា​យក​សត្វ​មក​ចងឱ្យ​ជាន់ឈ្លី​លើ​យើង​ដូច្នេះ ? ចាប់ពីពេលនេះ​ទៅ​សូមកុំ​យក​គោ​មក​ចង​ទៀត អ្នក ទាំងអស់គ្នា​នឹង​បាន​សុខ​សប្បាយ ។ ឥឡូវនេះ ក៏​គ្មាន​អ្នកណា​ហ៊ាន​យក​សត្វ​មក​ចង​នៅទីនេះ​ទៀត​ដែរ ហើយ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ក៏បាន​នាំគ្នា​គោរព​ដល់​ព្រះពុទ្ធ​រូប​ផុស​នេះ​យ៉ាង​ខ្ជាប់ខ្ជួន ។ បើតាម​លោកតា ម៉ម ម៉ៅ អាយុ ៨៥ ឆ្នាំ បាន​ប្រាប់​ឱ្យដឹងថា ចាប់តាំងពី​មាន​ព្រះ​ផុស​មក​ចាស់ៗ​នៅក្នុង​ស្រុកភូមិ​តែង​នាំគ្នា​មក​អង្គុយ​សូត្រធម៌​សមាទានសីល មិនដែល​ខាន​ថ្ងៃ​ណា​នោះទេ ទាំងនេះ​ដោយសារតែ​ពួកគាត់​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា និង អប្បិយ​ជំនឿ​តាំងពី​បរម​បុរាណ​មក ។

អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​

បើតាម​លោក​មេភូមិ ផាត រុំ បានឱ្យដឹងថា ពេលដែល​ល្បី​ថា​មាន​ព្រះ​ផុស​នោះ​គឺ​គាត់​មិន​បានឃើញ​ផ្ទាល់​ភ្នែក​ទេ ដល់ពេល​ទៅ​មើលឃើញ​មាន​ព្រះ​មួយ​ព្រះ​អ្គ​ង​ពិតមែន ។ តាមមើល​ព្រះពុទ្ធ​រូបនោះ​ធ្វើ​ពី​ថ្ម​ដាប់ មាន​ទម្ងន់ ១០ គីឡូក្រាម កម្ពស់ ជិត ៣ តឹក ។ តាម​ចាស់ៗ​និយាយ​ប្រាប់ថា ព្រះអង្គ​នេះ​មាន​អាយុកាល​ប្រហែលជា ៥.០០០ ឆ្នាំ មកហើយ ។ កន្លែង​ព្រះ​ផុស​នេះ​គឺជា​ទីទួល​បុរាណ​មួយ​ដែលមាន​ដើមអម្ពិល​ដុះ ហើយ​នៅពេល​ទឹក​ឡើង​អ្នកភូមិ​នៅក្បែរៗ​នេះ​តែងតែ​នាំគ្នា​យក​គោ​ទៅ​ចង​នៅទីនេះ ។ កន្លែង​នេះ​នៅ​ឆ្នាំ ១៩៧០ កាលដែល​គាត់​មក​នៅទីនេះ​ដំបូង​មាន​លោកតា​ម្នាក់ ឈ្មោះ ជន តែ​ពេលនេះ​គាត់​ស្លាប់​ហើយ គាត់ ធ្លាប់បាន​ជីក​ឃើញ​មាន​ដុំឥដ្ឋ ថ្មបាយក្រៀម​ជាច្រើន សូម្បីតែ​ពេលនេះ​រូបគាត់​ជា​មេភូមិ​ក៏បាន​រក្សាទុក​ដុំឥដ្ឋ​នេះ​ជា​ព័ស្តុតាង​ផងដែរ ។

អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​

លោក​បន្តទៀតថា ចាប់តាំងពី​ព្រះ​ផុស​រហូតមក​ដល់ពេលនេះ​មាន​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី ទាំង​ទីជិត​ទី​ឆ្ងាយ បាននាំគ្នា​មក​អុជ​ធូប​បន់ ស្រន់​សុំ​សុខ​សប្បាយ​គ្រប់ៗ​គ្នា និង មាន​ទាំង​ថ្វាយ​ផ្កា​ភ្ញី និង ថវិកា​ទៀតផង ។ ដោយឡែក​ថវិកា​ដែល​បាន​ពី​ការបរិច្ចាគ​របស់​ប្រជាពលរដ្ឋ ដាក់ចូល​ក្នុង​ហឹប​នោះ គឺ​ក្នុង​មួយអាទិត្យ ឬ ដប់ ថ្ងៃ ទើប​ចាក់សោ​យក​បច្ច័យ​ម្តង ហើយ​បច្ច័យ​ទាំងនេះ​គឺ​មិនឱ្យ​អ្នកណាម្នាក់​យកទៅ​ចាយវាយ​អ្វី​ផ្តេសផ្តាស​នោះទេ គឺ​ត្រូវ​ទុក​សម្រាប់​កសាង​អ្វីមួយ​នៅទីនេះ ដូចជា​បល្ល័ង្ក​សម្រាប់​តម្កល់​ព្រះ​ពុទ្ធរូប ជាដើម ។ សព្វថ្ងៃនេះ​នៅមាន​ចាស់ៗ​មក​សមាទាន សីល​រាល់ថ្ងៃ​មិនចាំបាច់​តែ​ថ្ងៃសីល ខែ​ដាច់ ពេញបូណ៌មី​អី​នោះទេ ៕​លី​លី​

អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​    អប្បិយ​ជំនឿ ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល​ព្រះ​ផុស​

​ ​ ​