រដ្ឋាភិបាល​និយាយ​ថា លោក សម រង្ស៊ី មិន​អាច​ផ្តល់​សក្ខីកម្ម​តាម​ Skype បានទេ

អ្នក​​​នាំពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា សំណើ​​​របស់​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​​គណបក្ស​​​ប្រឆាំង​​​សុំ​​​ឲ្យ​​​សាក​​​សួរ​​​ពី​​​ចម្ងាយ​​​​​​ដោយ​​​មន្ត្រី​​​តុលាការ​​​នៅ​​​​​​ក្នុង​​​រឿង​​​ក្តី​​​បរិហារ​កេរ្តិ៍​​​ថ្មីបំផុត​​​របស់​​​លោក​​​នោះ​​​ ​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ទេ​​​។

លោក សម រង្ស៊ី​​​ ដែល​​​ស្ថិត​នៅ​ក្នុង​ភាព​និរទេស​​​ខ្លួន​​​ដោយ​​​ខ្លួន​​​ឯង​​​ ដោយ​​​គេច​ពី​​​​ការ​​​ផ្តន្ទា​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ពី​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍ លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​ ត្រូវ​​​បាន​​​ប្តឹង​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ពី​​​បទ​​​បរិហារ​​​កេរ្តិ៍ លោក ​​​ហេង ​​​សំរិន  ​​​ប្រធាន​​​រដ្ឋ​​​សភា​​​នៅ​​​ខែ​​​ដដែល​​ ​​​តាម​​​ទំព័រ​​​ហ្វេស​​​​ប៊ុក​​​របស់​​​លោក​​​។

នៅ​​​ក្នុង​​​ការ​​​បង្ហោះ​​​តាម​​​ទំព័រ​​​ហ្វេសបុ៊ក​​​មួយ​​​ទៀត​​​កាលពី​ខែមុន លោក សម ​​​រង្ស៊ី ​​​ដែល​​​បដិសេធ​​​ថា ​​​មិន​​​បាន​​​បរិហារ​​​កេរ្តិ៍​​​លោក ​​​ហេង សំរិន​​​ នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​មាន​​​បំណង​​​ឲ្យ​​​ធ្វើ​​​ការ​​​សាក​​​សួរ​​នៅ​​​ថ្ងៃ​​​​នេះ​​​​​​​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ ប៉ុន្តែ តាម​​​រយៈ​​​ Skype ពី​​​ក្រៅ​​​ប្រទេស​​​តែ​​​ប៉ុណ្ណោះ​​​។

ការ​​​បង្ហោះដដែល​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា ​​​”ដើម្បី​​​​​​សន្សំ​​​ពេល​​​វេលា​​​ និង​​​ប្រាក់​​​កាស​​​ ខ្ញុំ​​​មាន​បំណង​​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​ចៅ​​​ក្រម​​​ណាម្នាក់​តាមរយៈ Skype​​​ ជា​​​ឧបករណ៍​ទំនាក់​​​ទំនង​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត ដែល​​​ស៊ី​​​គ្នា​​​​​​នឹង​​​អង្គ​​​ហេតុ​​​ដែល​​​ខ្ញុំត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍ លោក ហេង សំរិន តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​​​​ ដែរ​​​”។

កាល​​​ពី​​​ម្សិលមិញ លោក ជិន ម៉ាលីន អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​ហៅ​​​សំណើ​​​របស់​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​ថា “មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”ផ្អែក​​​តាម​​​គោល​​​ការណ៍​​​ច្បាប់​​​ គឺ​ក្រម​​​ព្រហ្មទណ្ឌ សំណើ​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ទេ​​​។ ចំពោះ​​​ដីកា​​​បង្គាប់​​​ទាំងអស់​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​​​​ដូច​​​ជា​​​ដីកា​​​​​​បង្គាប់​​​ឲ្យ​​​ចូល​​​ខ្លួន​​​មក​​​សាក​​​សួរ​​​ជា​​​ដើម​​​បុគ្គល​​​ដែល​​​ត្រូវ​​​បាន​​​កោះ​​​ហៅ ​​​ត្រូវ​​​តែ​​​មក​​​កាន់​​​តុលាការ​​​ដោយ​​​​ផ្ទាល់​​​។ និយម​​​ន័យ​​​នៃ​​​ដីកា​​​បង្គាប់​​​នៅ​​​ក្នុង​​​ក្រម​​​ព្រហ្មទណ្ឌ​​​ចែង​​​យ៉ាង​​​ច្បាស់​​​ថា បុគ្គល​​​នោះ​​​ត្រូវ​​​តែបង្ហាញ​​​មុខ​​​នៅ​​​ចំពោះ​​​មុខ​​​ចៅក្រម​​​សើុប​​​សួរ​​​។ ដូច្នេះ​​​ សំណើ​​​ របស់​​​គាត់​​​ប្រហែល​​​ជា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ ផ្អែក​​​តាម​​​ច្បាប់​​​”។

លោក​បាន​មានប្រសាសន៍​បន្ថែមថា ប្រសិន​​​ បើ​​​លោក សម រង្ស៊ី មិន​​​មក​​​បង្ហាញ​​​​​​មុខ​​​ដោយ​​​ផ្ទាល់​​​ទេ​​​នោះ តុលាការ​​​នឹង​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​។ ក្រុម​​​មន្ត្រី​​​តុលាការ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថា​ធិប្បាយ​​​បាន​​​ទេ។

លោក សម រង្ស៊ី បាន​​​លើក​​ឡើង​​​​តាម​​​អីុម៉េល​​​​​ កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​ទាន់​​​ទទួល​​​បាន​​​​​​ការ​​​ឆ្លើយ​​​តប​​​ផ្លូវ​​​ការ​​​ចំពោះ​​​សំណើ​​​របស់​​​លោក​​​ក្នុង​​​ការ​​​ឆ្លើយ​​​សំណួរ​​​របស់​​​តុលាការ​​​តាម​​​រយៈ​​​ Skype នៅ​​​ឡើយ​​​ទេ​​​។

លោក​បាន​ថ្លែង​ថា ប៉ុន្តែ ប្រសិន​​​បើ​​​សំណើ​​​នេះ ត្រូវ​​​បាន​​​បដិសេធ​​​​​​ផ្លូវ​​​ការ​​​មែន​នោះ​​​ “សាធារណជន​​​ចង់​​​ដឹង​​​ថា តើ​​​តុលាការ​​​ពិត​​​ជា​​​ចាប់​​​អារម្មណ៍​​​ចង់​​​ស្តាប់​​​ចម្លើយ​​​របស់​​​ខ្ញុំ​​​ ហើយ​ទទួល​​​បាន​​​ព័ត៌​​​មាន​​​សំខាន់​​​មួយ​​​ចំនួន​​​ឬ​​​យ៉ាង​​​ណា​​​ ឬ​​​ពួក​​​គេ​​​គ្រាន់តែ​ចង់​​​ចាប់ខ្លួន​និង​ឃុំខ្លួន​មនុស្ស​របស់​​​​​​​ខ្ញុំ​​​ដែល​​​ជាអកុសល​ពួកគេ​មិន​​​អាច​​​នោះ​​​​​​”។

លោក សុក សំអឿន មេធាវី​​​ដ៏​​​ឆ្នើម​​​មួយ​​​រូប​​​ និង​​​ជា​​​អ្នក​​​តស៊ូ​មតិ​​​សិទ្ធិ​​ផ្នែក​​​​ច្បាប់​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា​​​មាន​​​ករណី​​​​ដែលតុលាការ​​​កម្ពុជា​​​ធ្លាប់​​​បាន​​​សាក​​​សួរ​​​បុគ្គល​​​ណា​​​​ម្នាក់​​​​តាម​​​រយៈ​​​ Skype ទេ។ លោក​បាន​និយាយថា ប៉ុន្តែ មិន​​​មាន​​​ច្បាប់​​​ហាម​​​ឃាត់​​​រឿង​​​នេះ​​​ទេ​​​ ហើយ​​​ក៏​​​មិ​​​ន​​​មាន​​​ការ​​​អះ​​​អាង​​​ណា​​​មួយ​​​ថា បុគ្គល​​​ណា​ម្នាក់​​​ត្រូវ​​​តែ​​​សាក​​​សួរ​​​ដោយ​​​ផ្ទាល់​​​នោះ​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មិន​​​មាន​​​ច្បាប់​​​ចែង​​​​ដូច​​​នោះ​​​ឡើយ​​​។ ច្បាប់​​​មិន​​​បាន​​​​​​លើក​​​ឡើង​​​​​​អ្វីមួយ​ពី​រឿងនេះ​​​​នៅ​​​ក្នុង​​​សាល​​​សវនាការ​​​ ឬ​​​ក៏អត់​​​ឡើយ​​​”។

លោក សុក សំអឿន បាន​​​ថ្លែង​​​ថា វា​​​មាន​​​ភាព​​​ខុស​​គ្នា​​​បន្តិច​​​បន្តួច​​​រវាង​​​អ្វី​​​ដែល​​​លោក សម រង្ស៊ី បាន​​​ស្នើ​​​សុំ និង​​​ការ​​​អនុវត្ត​​​របស់​​​តុលាការ​​​ក្នុង​​​ការ​​​សាក​​​សួរ​​​សាក​្សី ដែល​​​តាម​​​ធម្មតា​​​ដើម្បី​​​ការ​​​ពារ​​​អត្ត​​​សញ្ញាណ​​​របស់​​​ពួក​​​គេ​​​​​​តាម​​​រយៈ​​​កាមេរ៉ា ដែល​​​ការ​​​ផ្តល់​​​សក្ខីកម្ម​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ផ្សាយ​​​តាម​​​វីដេអូ​​​​​​ចូល​​​ទៅ​​​កាន់​​​​​​អង្គជំនុំ​​​ជម្រះ​​​ពី​​​បន្ទប់​​​ផ្សេង​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្រសួង​​​យុត្តិធម៌​​​ទទួល​​​យក​ [សាក្សី​​​] ក្នុង​​​ការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​តាម​​​​​​កាមេរ៉ា។ ដូច្នេះ​​​វា​​​ស្រដៀង​​​គ្នាដូច​​​​Skype ដែរ​​​ ដូច្នេះ​​​ខ្ញុ​ំ​​​គិត​​​ថា វាគួរ​​​តែ​​​​​​ទទួល​​​យក​​​បាន​​​”។

លោក សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សាក​​​សួរ​​​សាក្សី​​​តាម​​​រយៈ​​​វីដេអូ​​​បន្ត​​​ផ្ទាល់​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ ដែលក្នុង​នោះ ​​​តាម​​​លក្ខណៈ​​​បច្ចេកទេស​​​ជា​​​ផ្នែក​​​នៃ​​​ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា​​​ គួរ​យក​​​​ជា​​​ដើម​​​ចម​​សម្រាប់​ការ​ផ្តល់​​​តាម​​​សំណើ​​​របស់​​​លោក សម រង្ស៊ី។

លោក ហេង សំរិន បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​លោក សម រង្ស៊ី កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​វិច្ឆិកា ដោយ​​​ចោទ​​​ប្រកាន់​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍ លោក​​​​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ដោយ​​​​​​អះ​​​អាង​​​ថា ជា​​​រឿង​​​មិន​​​ពិត​​​ ថា​​​រដ្ឋា​​​ភិបាល​​​ដែលលោក​​​បាន​​​ដឹក​​​នាំ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​បាន​​​កាត់​​​ទោស​​​ប្រហារ​​​ជីវិត​​​ព្រះ​​​មហាក្សត្រ​​​ នរោត្ត សីហនុ ។

នៅ​​​ក្នុង​​​ការ​​​បង្ហោះ​​​នោះដែរ​​​ លោក ​​​សម ​​​រង្ស៊ី បាន​​​បង្ហោះ​​​វីដេអូ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​នរោត្តម សីហនុ ដែល​​​ត្អូញត្អែរ​កាល​​​ពី​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​អំពី​​​ការ​​​ហូរ​​​ចូល​​​ជន​​​ជាតិ​​​វៀត​ណាម​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

នៅ​​​ក្នុង​​​ចំណង​​​ជើង​​​ក្រោម​​​ខ្សែ​​​អាត់​​​វីដេអូ ​​​ លោក សម រង្ស៊ី បាន​​​សរសេរ​​​ថា “យើង​​​ចាំ​​​បាន​​​ថា របប​​​ដែល​​​កើត​​នៅ​​​ថ្ងៃ​​​ទី​​​៧​​​ ​​​មករា ​​​១៩៧៩ បាន​​​ប្រើ​​​ប្រាស់​​​តុលាការ​ដើម្បី​​​កាត់​​​ទោស​​​ប្រហារ​ជីវិត​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​ នរោត្តម​​​ ​​​សីហនុ របស់​យើង​ដោយ​​​ចោទ​​​ប្រកាន់​​​ព្រះ​​​អង្គ​​​ថា ជា​​​ជន​​​ក្បត់​​​ជាតិ​​​”។

បើ​​​ទោះ​​​ជា​​​លោក សម រង្ស៊ី មិន​​​បាន​​ចេញ​​​​ឈ្មោះលោក ហេង សំរិន នៅ​​​​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ ​​​បុក​​​របស់​​​លោក​​​ក៏​​​ដោយ​​​ ក៏​​​មេធាវី​​​លោក​​​ហេង សំរិន បាន​​និយាយ​​​ថា វានៅតែ​​​ចាត់​​​ទុក​​​ជា​​​ការ​​​វាយ​​​ប្រហារ​​​បុគ្គល​​​ដែរ ដោយ​​​សារ​​​តួនាទី​​​របស់​​​លោក​​​ជា​​​ប្រមុខ​​​រដ្ឋ​​​នៅ​​​ពេល​​​នោះ​​​៕ សារុន

The post រដ្ឋាភិបាល​និយាយ​ថា លោក សម រង្ស៊ី មិន​អាច​ផ្តល់​សក្ខីកម្ម​តាម​ Skype បានទេ appeared first on ខេមបូឌា ដេលី.