ជើងខ្លាំង ៨រូប ត្រូវប្រជែងខ្សែក្រវាត់ «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» លើកទី៣

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាក្បាច់គុនបុរាណខ្មែរ «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» បានវិលមកបម្រើអារម្មណ៍ ទស្សនិកជនជាថ្មី ទៀត ហើយ ដោយមានកីឡាករជើងខ្លាំង ៨រូប ត្រូវប្រឈមមុខដាក់គ្នាលើសង្វៀនបាយ័នបឹងស្នោរ ដើម្បីប្រកួតដណ្ដើម ខ្សែក្រវាត់ ប្រភេទ ទម្ងន់ ៦៧គីឡូក្រាម និងប្រាក់រង្វាន់ជាច្រើនពីក្រុមហ៊ុនស្រាបៀរលីអូ ។

ជើងខ្លាំង ៨រូប ដែលត្រៀមខ្លួនធ្វើឲ្យកក្រើកសង្វៀននេះ រួមមានកីឡាករ ចៅ ផលឌឿ, រិន មុន្នី, ពុទ្ធ ឆាយរិទ្ធី, ឯម ខ្លឹមខ្មៅ, ផាន់ ចំណាន, វីសេរី ចាន់ឌីន, ហាក់ ចាន់ធី និងកីឡាករ រឿង វណ្ណៈ ដោយពួកគេត្រូវធ្វើការប្រកួតវិលជុំសន្សំពិន្ទុ យកអ្នកខ្លាំង ៤រូប បន្ដទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ។

ថ្លែងក្នុងសន្និសីទបើកការប្រកួតនាល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ លោក  លោក ព្រាប សុវណ្ណ តំណាងក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថា ដោយសារកម្មវិធី «កំពូលអ្នកប្រដាល់ស្រាបៀរ លីអូ» ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ទើប ក្រុមហ៊ុន សម្រេចសហការជាថ្មីជាមួយស្ថានីយ៍ទូរទស្សន៍បាយ័ន រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាបន្ដ នៅដើមឆ្នាំ២០១៦នេះ ។
លោក  លោក ព្រាប សុវណ្ណ បានបន្ដថា លើសពីនេះ ដោយមានកិច្ចសហការល្អជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា គណៈកម្មការ រៀបចំកម្មវិធី បានជ្រើសរើសកីឡាករល្អៗ ពោរពេញដោយថាមពល និងមានបច្ចេកទេសខ្ពស់ក្នុងការប្រកួតជាច្រើនរូប ដើម្បី ធ្វើការ ប្រកួត បម្រើអារម្មណ៍ ទស្សនិកជនរៀងរាល់ថ្ងៃអាទិត្យ នៅលើសង្វៀនបាយ័នបឹងស្នោរ ហើយក៏មានការផ្សាយផ្ទាល់ លើកញ្ចក់ ទូរទស្សន៍បាយ័នផងដែរ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមាន ប្រសាសន៍ថា ក្នុងនាមសហព័ន្ធលោកពិតជាសប្បាយរីករាយជាខ្លាំង ដែលក្រុមហ៊ុនស្រាបៀរលីអូ ចូលរួមឧបត្ថម្ភបង្កើតឲ្យមាន កម្មវិធីប្រដាល់ដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រ ស្របពេល សហព័ន្ធ កំពុងពង្រឹង សមត្ថភាពកីឡាករក្បាច់គុន បុរាណខ្មែរ ។
ជាពិសេសការ រៀបចំកម្មវិធី «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» គឺជាការរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍វិស័យកីឡា ប្រដាល់ និងបង្កើនសមត្ថភាពមន្ដ្រីបច្ចេកទេស កីឡាករ-កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ ។ ប៉ុន្ដែអ្វីដែលសំខាន់ កីឡាករគ្រប់រូប ត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យអ្នកទស្សនាជក់ចិត្ត តែប្រសិនបើមានករណីវាយមិនអស់ពីសមត្ថភាព កីឡាករនោះនឹងត្រូវប្រឈរមុខជាមួយច្បាស់ ដែលសហព័ន្ធបានកំណត់ ។

សូមបញ្ជាក់ថា ចំពោះជ័យលាភីលេខ១ នៅក្នុងការប្រកួតនេះ នឹងទទួលបានទឹកប្រាក់ ២,៥០០ដុល្លារ ខ្សែក្រវ៉ាត់មួយ និងពាន មួយផងដែរ ។ ចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ ១,៥០០ដុល្លារ ឯលេខ៣ទទួលបាន ១០០០ដុល្លារ ហើយលេខ៤ ក៏ទទួល បានប្រាក់រង្វាន់លួងចិត្តចំនួន ៤០០ដុល្លារផងដែរ ៕

ជើងខ្លាំង ៨រូប ត្រូវប្រជែងខ្សែក្រវាត់ «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» លើកទី៣