Hiddink កត់​ត្រា​ជ័យ​​ជម្នះ​​ជា​លើក​ទី​១ ខណៈ Chelsea បំ​បាក Crystal

លោក Guus Hiddink បាន​រីក​រាយ​​ជា​មួយនឹង​ជ័យ​ជម្នះ​ជា​លើក​ទី​១​របស់​​លោក បើ​គិត​ចាប់​តាំង​ពី​ចូល​កាន់​តំណែងក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​​អាសន្ន​របស់​ក្រុម Chelsea  ខណៈ​ដែល​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​បាក់​ចង្កូម​មួយ​នេះ បាន​បំ​បាក់​ក្រុម Crystal Palace ក្នុង​លទ្ធផល ៣-០ កាល​ពី​ថ្ងៃ​អាទិត្យ​។

chelseaក្រោយ​ពី​បាន​​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ Watford និង Manchester United បន្ទាប់​​ពីការ​ទៅ​ដល់​របស់​លោកក្នុង​នាម​ជា​​គ្រូ​បង្វឹក​​ជំនួស​លោក Jose Mourinho ទី​បំផុត លោក Hiddink អាច​ធ្វើ​ការ​អប​អរ​ការ​ទទួល​បាន​៣​ពិន្ទុ​នៅ​កីឡ​ដ្ឋាន Selhurst Park​។ Oscar បាន​រក​គ្រាប់​បាល់​បើក​ឆាក​​ក្នុង​តង់​ទី​១ នៅមុន​ពេល​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Willian និង​ខ្សែ​ប្រយុទ្ធ Diego Costa បាន​​បន្ត​ការ​មិន​ស្គាល់​ចាញ់​របស់​ក្រុម Chelsea រហូត​ដល់​ទៅ​៤​ប្រកួត​បើ​​គិត​ចាប់​តាំង​ពីលោក Mourinho ចាក​ចេញ​។ ក្រោយ​ពី​​ជួប​ភាព​រង្គោះ​រង្គើ​ក្នុង​រដូវ​កាល​នេះ​​ដោយ​សារ​តែ​ការ​បែក​បាក់​មិត្ត​ភាព​របស់​លោក Mourinho ជា​មួយ​នឹង​កីឡាករ​របស់​លោក ក្រុម​តោ​ខៀវ បាន​​បង្ហាញ​ពី​ភាព​ខ្លាំង​វិញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Hiddink និង​បាន​​នាំ​មុខ​៦​ពិន្ទុ​ពីលើ​ក្រុម​ស្ថិ​ត​ក្នុង​តំបន់​កាត់​ចោល ក្រោយ​ពី​ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​លីក​នៅ​ក្រៅ​ដី​ជា​លើក​ទី​១​របស់​​ពួក​គេ​ក្នុង​ចំណោម​ការ​ប្រកួត​៨​លើក​​។ លោក Hiddink បាន​ឲ្យ​ដឹង​ថា៖ «គ្រប់​គ្នា​​ដឹង​ថា យើង​មាន​​ភាព​ខ្លាំង​​ជា​ច្រើន​ក្នុង​ក្រុម​របស់​​យើង ប៉ុន្តែ ពេល​ខ្លះ​ក្រុម​​ម្ចាស់​ជើង​ឯក​មាន​និន្នា​ការ​មួយ​ឆ្ពោះ​ទៅកាន់​ការ​ពេញ​ចិត្ត​ជ្រុលពេក ហើយ​វា​អាច​លំ​បាក​ក្នុងការ​វិល​ទៅកាន់​ទម្រង់​លេង​ដ៏ខ្លាំង​មួយ​​»​។ គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «សូម​​កុំ​​ទៅ​ឲ្យហួស​ពី​ចំណុច​កំពូល​​ខ្លាំង​ពេគ​។ ជា​ការ​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​១​ក្រោយ​ពី​​អំឡុង​ពេល​ដ៏​ព្រួយ​បារម្ភ​​មួយ​ជា​មួយ​នឹង​​ការ​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ​២លើក ហេតុនេះ​ក្រុម​ត្រូវ​តែ​ឈ្នះ ហើយ​​​​វា​ជ័យ​ជម្នះ​ដ៏​ជឿ​ជាក់​។ នៅ​ពេល​ដែល​យើង​លេង​ដូច​ដែល​យើង​បាន​ធ្វើនៅថ្ងៃ​នេះ ខ្ញុំនឹង​មាន​ការ​រីក​រាយ​​»​៕