ដំឡូង​មី​ក្រៀម​តម្លៃ​ទាប​ប្រជាកសិករ​ប្រឈម​នឹង​បំណុល​ធនាគារ​

​ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​ប្រជាកសិករ​ដាំដំឡូង​មី ត្អូញត្អែរ ខណៈ​តម្លៃ​ដំឡូង​មី​ក្រៀម​មានតម្លៃ​ទាបធ្វើអោយ​ពួកគាត់​ជំពាក់​លុយ​ធនាគារ ហើយ​ឆ្នាំក្រោយ​ពួកគាត់​ថានឹង​ឈប់​ដាំ​។​

    ប្រជាកសិករ ភាគច្រើន​នៅ​ខេត្តរតនគិរី​ចងការ​ប្រាក់​ពី​ធនាគារ យកមក​ធ្វើ​ទន់​ដើម្បី​ដាំ​ឡូង​មី  តែ​ត្រូវ​ហាងឆេង​ដំឡូង​មី​ក្រៀម មានតម្លៃ​ទាប​យ៉ាងខ្លាំង ធ្វើអោយ​ពួកគាត់​ប្រឈម​នឹង​ការ​ជំពាក់​លុយ​ធនាគារ បណ្ដាលអោយ​ពួកគាត់​រៀងចាល​ឈប់​ដាំ​នៅ​ឆ្នាំក្រោយ​។​

     បើតាម​សំដី​ប្រជាកសិករ​ដាំដំឡូង​មី​នៅ​ខេត្តរតនគិរី បានអោយដឹងថា ក្រោយពី​ចងការ​លុយ​ធនាគារ​មក ពួកគាត់ ត្រូវ​ចំណាយ ជួល​គេ​ភ្ជួរ​ដី ទិញ​ដើម​ដំឡូង​ពូជ ជួល​គេ​ដាំ ទិញ​ថ្នាំ​បាញ់​ស្មៅ រហូតដល់​ពេល​បាន​ផល ត្រូវ​ជួល​គេ​ដក កាប់​ចិញ្ច្រាំ​ហាល និង​ទិញ​ការុង​ច្រក​ដំឡូង​មី​ក្រៀម​ទៀតផង​។ ដល់ពេល​លក់បាន​តម្លៃ​តែ ៤៨០​រៀល ក្នុង​១​គីឡូក្រាម ស្មើ​និង ៤៨​ម៉ឺន​រៀល​ក្នុង​១​តោន​ហើយ​បើ​គាត់​សរុប​ត្រូវ​ចំណាយ​ប្រាក់​អស់​៥៥​ម៉ឺន​រៀល​ក្នុង​១​តោន​ដំឡូង​ក្រៀម ដោយ​មិន​គិតពី​កម្លាំង​ពលកម្ម​ក្រុមគ្រួសារ​របស់​ពួកគាត់​ផង​។         

     លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​៣​ថា ដី​ដាំដំឡូង​មី​នៅ​ឆ្នាំ​២០១៥​នេះ មាន​ផ្ទៃដី​១​ម៉ឺន ៦​ពាន់​ហិកតា កើនឡើង​លើស​ឆ្នាំមុន​១០% រីឯ​ទិន្នផល​មានការ​ថយចុះ​ជាង​ឆ្នាំ​២០%  ការថយចុះ​នេះ​ដោយសារ​កត្តា​ទឹកភ្លៀង ក្នុងឆ្នាំនេះ​ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់​ដូច​ឆ្នាំមុនៗ​។​

    រីឯ​លោក ភូ ធា​ឡំ  ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តរតនគិរី​ថា តម្លៃ​ដំឡូង​មី​ក្រៀម​ឆ្នាំនេះ មានតម្លៃ​ថោក​ជាង​ឆ្នាំមុន លោក​មិនដឹងថា មាន​វិធានការ​យ៉ាងម៉េច​ទេ លោក​បានត្រឹមតែ​រាយការណ៍ និង​ធ្វើ​របាយការណ៍​ជូន​ក្រសួង​តែប៉ុណ្ណោះ​។​

    គួរ​បញ្ជាក់ថា ប្រជាកសិករ ដែលមាន​ដី​ដាំដំឡូង​នៅ​ខេត្តរតនគិរី ពួកគាត់​ប្រឈម​នឹង​ការ​ជំពាក់​លុយ​ធនាគារ ចំណែក​ប្រជាកសិករ​ដែល​មកពី​ខេត្ត​នានា មក​ជួល​ដី​ដាំដំឡូង​នៅ​ខេត្តរតនគិរី អ្នកខ្លះ​ត្រូវ​ប្រឈម​នឹង​ការមិន​ប្រមូល​ផល ហើយ​វិលត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​មិនអោយ​ម្ចាស់​ដី​ដឹង​៕

ដំឡូង​មី​ក្រៀម​តម្លៃ​ទាប​ប្រជាកសិករ​ប្រឈម​នឹង​បំណុល​ធនាគារ​
ដំឡូង​មី​ក្រៀម​តម្លៃ​ទាប​ប្រជាកសិករ​ប្រឈម​នឹង​បំណុល​ធនាគារ​
ដំឡូង​មី​ក្រៀម​តម្លៃ​ទាប​ប្រជាកសិករ​ប្រឈម​នឹង​បំណុល​ធនាគារ​
ដំឡូង​មី​ក្រៀម​តម្លៃ​ទាប​ប្រជាកសិករ​ប្រឈម​នឹង​បំណុល​ធនាគារ​
ដំឡូង​មី​ក្រៀម​តម្លៃ​ទាប​ប្រជាកសិករ​ប្រឈម​នឹង​បំណុល​ធនាគារ​