ទើប​ក្រោកពីដេក​មក​អង្គុយ​លេង​ជាមួយ​​មិត្ត​ភក្តិ​សុខៗ ​ដួល​ផ្កាប់មុខ​ស្លាប់​​​ក្នុង​ការដ្ឋាន​សំណង់

រាជ​ធានី​ភ្នំពេញ​ ៖ ​​កម្មករ​សំណង់​ម្នាក់​​ទើប​​ក្រោកពីដំណេក​នៅ​ពេល​ព្រឹក​ព្រលឹម​ ហើយ​ងើប​មក​អ​ង្កុ​យ​និយាយ​លេង​ជាមួយ​​​មិត្ត​រួមការ​ងារ​បាន​តែ​បន្តិច​ស្រាប់​តែ​ដួល​ផ្កាប់មុខ និង​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​ស្ថិត​នៅ​លើ​ផ្លូវ​លេខ២៧១​កែង​​​ផ្លូវ​លេខ៦០​ម៉ែត្រ ក្រុម៤៣ ភូមិ៧ ក្នុង​សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​​​កាលពី​វេលា​ម៉ោង៦ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី២ ​មករា ​​២០១៦ ​។

បុរស​រង​គ្រោះ​មានឈ្មោះ ស៊ូ ឆ​ន អាយុ៤៤​ឆ្នាំ ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ មាន​ទីលំនៅ​ភូមិ​ក្រសាំង ឃុំ​ទ្រា ស្រុក​រំដួល ខេត្តស្វាយរៀង ​​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រោយ​ពី​បុរស​រង​គ្រោះ​ភ្ញាក់​ពី​ដំណេក​ភ្លាម​បាន​ងើប​មក​អង្គុយ​និយាយ​លេង​ជាមួយ​​​ក្រុម​កម្មករ​សំណង់​ដែល​ធ្វើការ​ជាមួយ​គ្នា​​៤​ទៅ៥​នាក់​។​ខណៈ​ពេល​ដែល​កំពុង​តែ​អង្គុយ​និយាយ​គ្នា​លេង​ជាមួយ​គ្នា​សុខ​ៗ​នោះ បុរស​រង​គ្រោះ​​​ស្រាប់តែ​ដួល​ផ្កាប់មុខ​ទៅ​លើ​ដី​តែ​ម្តង ក្រុម​កម្មករ​សំណង់​ទាំងនោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ និង​នាំ​គ្នា​លើ​កគាត់​ដាក់​លើ​ម៉ូតូ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​។​

​ប្រភព​ដដែល​​បន្ត​ទៀត​ថា ពេល​ដែល​ពួក​គាត់​បញ្ជូន​បុរស​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម​ ​ក្រុម​គ្រូរ​ពេទ្យ​​បាន​ធ្វើការ​ពិនិត្យ និង​បាន​ប្រាប់​ថា ជន​រង​គ្រោះបាន​ស្លាប់​បាត់​ហើយ ដោយសារ​តែ​​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​ ៕