ហា​យ​ឡិន​ឌ័​រ​ស្រវឹង កៀរ​ម៉ា​ស្តារ​ខូច​ទ្វារ​ម្ខាង សង​៣០០​ដុល្លារ​បញ្ចប់រឿង

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់​​ស្រវឹងស្រា​​បើករថយន្តទៅ​កៀរ​រថយន្ត​​ម៉ាស​ស្តារ​មួយគ្រឿង បណ្តាល​ឱ្យ​​ក្រ​ពិត​ទ្វារ​ក្រោយ​​មួយ​ចំហៀង​ខាង​ឆ្វេង ចំណែក​​រថយន្ត​បង្ក​បាន​​ព្យាយាម​បើក​រត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ ​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣ ​មករា តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ត្រង់​ចំណុច​មុខ​បណ្ណាល័យ​សម្តេច​ហ៊ុន ​សែន ​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន
សុខ​ ។

ប្រភពបានឱ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AH-២៩៧៧ ជិះ​គ្នា​៣​នាក់ ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​ជាមួយ​​រថយន្ត​រង​គ្រោះ​ម៉ាក​ម៉ាស​ស្តារ​ពណ៌​ស្ករ ពាក់​ស្លាក​កណ្តាល​២A-9972 ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ ។

តាម​ប្រភព​​​ពី​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ជិះ​គ្នា​៣​នាក់​អ្នកបើកបរ​ស្រវឹង​បើកបរ ​ស្រប​ជាមួយ​រថយន្ត​រង​គ្រោះ​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បើក​កៀរ​រថយន្ត​រង​គ្រោះ ​បណ្តាល​ឱ្យ​​ក្រ​ពិត​ទ្វារ​ក្រោយ​ចំហៀង​ខាងឆ្វេង ។ ចំណែក​រថ​យន្ត​បង្ក​​បាក់​កញ្ចក់​ចំហៀង​ខាងស្តាំ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់ តែ​​ត្រូវ​​ភាគី​រថយន្ត​រង​គ្រោះ​បើក​ដេញ​តាម​ រហូត​ដល់​ក្រោម​ស្ពាន​អាកាស​៧​មក​រា ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ទើប​ដេញ​ទាន់​​កៀរ​ឱ្យ​ឈប់​ចរចា​គ្នា​​ ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​​ខណ្ឌ​សែន​សុខ​ បាន​មក​ដល់​ ហើយ​ទុក​ពេល​​ឱ្យ​ចរចា​គ្នា ដោយ​ម្ចាស់​រថយន្ត​រង​គ្រោះ​ទាមទារ​​សំណង​៥០០ដុល្លារ ចុះ​មក​​នៅ​ត្រឹម​៤០០ដុល្លារ​ ប៉ុន្តែ​អ្នក​ជិះ​រថយន្ត​ទាំង​៣​នាក់​ បាន​ប្រមែប្រមូល​លុយ​ទាំងអស់​បាន​តែ​​៣០០​ដុល្លារទៅ​ឱ្យខាង​រងគ្រោះ​ ។