ស្រវឹងស្រា​​​ជិះ​ម៉ូតូ​​ស្រែក​លេប​ខា​យ​​នារី​ខារ៉អូខេរេ​ចង្កូតទៅ​បុក​គូទ​រ៉ឺម៉ក​ម៉ូតូរបួស​​ទាំង​៣នាក់​

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ស្រវឹងស្រា​ខ្លាំង​ពេក​ជិះ​ម៉ូតូ​តាម​ផ្លូវ​ឃើញ​នារី​ខារ៉ាអូខេ​ចេញពី​ធ្វើការ​រវល់​តែ​ស្រែក​លេប​ខា​យ​​ក៏​​ជ្រុល​​ចង្កូតទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់​ និង​ស្រាលម្នាក់ កាលពី​វេលា​ម៉ោង៣​​និង១០​​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣​ ខែមករា ឆ្នាំ​២០១៦​ ត្រង់​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​មួយ​ នៅ​តាម​បណ្ដោយ​ផ្លូវ​១៨២​ ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី៣​ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើត​ហ​តុ​ គេ​ឃើញ​យុវជន​៣នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង​សេ៥០​ ពណ៌​ទឹក​ប៊ិក​ ពាក់​ស្លាក​លេខ ភ្នំ​ពេញ 1T-7381 បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ ​លុះ​មក​ដល់​ចំណុច​ខាងលើ​ឃើញ​នារី​ខារ៉ាអូខេ​ចេញពី​ធ្វើការព្រោងព្រាត​នៅ​មុខ​​ហាង​ខារ៉ាអូខេ​ ​យុវជន​​ទាំង​៣​នាក់​​ក៏​​ស្រែក​លេប​ខា​យ​ឌឺដង​ហើយ​ជិះ​ម៉ូតូ​លើកជើង​ឡើង​លើ​ និង​មិន​បាន​មើលទៅ​មុខ​ក៍​ជ្រុល​ទៅ​បុក​គូទ​រ៉ឺ​ម៉ក​ម៉ូតូ​បណ្ដាលឱ្យ​​ដួល​បាក់ដៃ​ស្ដាំ​ម្នាក់ ​បាក់ជើង​ស្ដាំ​ម្នាក់ និង​រង​របួសស្រាល​ម្នាក់ ភ្លាមៗ​នោះ​ អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​បាន​បើក​រត់គេច​ខ្លួន​បាត់​​ ។

ក្រោយ​ពេល​កើតហេតុ​ ​យុវជន​រង​គ្រោះ​ធ្ងន់​២នាក់​ត្រូវ​​បាន​បញ្ជូន​ទៅ​​​គ្លីនិក​ឯកជន ចំណែកឯអ្នក​រង​របួសស្រាល​នៅ​នឹង​កន្លែង​កើតហេតុ​ត្រូវ​សាច់ញាតិ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ​ហើយ ​រី​ឯ​ម៉ូតូ​ត្រូវ​បាន​​ប៉ូលិស​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣​ ដើម្បី​រង់ចាំ​ម្ចាស់​មក​ទទួលយក​ទៅ​វិញ ៕