បន្ថយ​អត្រា​ស្លាប់​បាន​ជាង​៤០​ភាគរយ គ្រាន់តែ​ពាក់មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ​

​ការពាក់​មួកសុវត្ថិភាព​ត្រឹមត្រូវ អាច​កាត់បន្ថយ​ហានិភ័យ​ដល់​ស្លាប់​បាន​រហូតដល់​៤២​ភាគរយ និង​ការ​របួស​ធ្ងន់ធ្ងរ​បាន​រហូតដល់​៦៩​ភាគ ក្នុងករណី​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​។

​តើ​ការ​ពាក់មួក​សុ​ត្ថិ​ភាព​បែបណា ទើប​ជាការ​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​? ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ គឺ​កិប​ខ្សែក្រវាត់​ចង្កា​ឲ្យ​តឹង​ណែន​ល្អ​។

​មាន​៥​ជំហាន ដើម្បី​ពាក់មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ​៖

​ទី​១ ចាប់​គល់​ក្រវាត់​ចង្កា និង​ទាញ​ផ្នែក​ទាំងសងខាង​នៃ​មួក​ដោយ​ផ្ងារ​ឡើងលើ និង​ផ្នែក​ខាងមុខ​នៃ​មួយ​បែ​ចំ​ដងខ្លួន​។​
​ទី​២ លើក​មួក​មក​ពាក់​ដោយ​ដាក់​ឲ្យ​ចំ​ផ្នែក​កណ្តាល​នៃ​ក្បាល​។​
​ទី​៣ ត្រូវ​ទុក​ផ្ទៃ​ការពារ​ថ្ងាស​នៃ​មួក​ឲ្យ​នៅលើ​ចិញ្ចើម​បន្តិច​(២​ធ្នាប់​ដៃ​) ដើម្បី​ឲ្យ​មួក​មាន​លំនឹង​។
​ទី​៤ ដាក់​ខ្សែក្រវាត់​ចង្កា​ដោយ​កិ​មគ​ន្លិះ​ឲ្យ​បាន​ជាប់​ល្អ និង​តឹង​ណែន​ល្មម​។​
​ទី​៥ ត្រួតពិនិត្យ​ការពាក់​មួកសុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ចេញដំណើរ​។

​អាជ្ញាធរ​នឹង​ផ្តើម​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ ដែល​ត្រួវ​អនុវត្តន៍​នៅ​ដើមឆ្នាំ​២០១៦​នេះ​។ នៅត្រង់​ជំពូក​ទី​៣ មាត្រា​ទី​៨ ចែងថា ទោចក្រយានយន្ត​អាច​ផ្ទុក​មនុស្ស​២​នាក់ និង​អាច​បន្ថែម​បាន​កុមារ​ម្នាក់​។ អ្នកបើកបរ និង​អ្នករួមដំណើរ ព្រមទាំង​កុមារ​ដែលមាន​អាយុ​៣​ឆ្នាំ​ឡើងទៅ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ អ្នកបើកបរ​ទោចក្រយាន​មិន​ពាក់មួក​សុវត្ថិភាព នឹងរង​ការពិន័យ​គុណ​នឹង​៥​ដង​នៃ​ច្បាប់​ចាស់ ស្មើនឹង​១៥,០០០​រៀល​។ យោងតាម​ការសិក្សា​រប​ស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រសិនបើ​មានការ​អនុវត្ត​ច្បាប់​ចំពោះ​ការពាក់​មួកសុវត្ថិភាព សម្រាប់​អ្នករួមដំណើរ តាម​ម៉ូតូ ព្រមទាំង​កុមារ អោយបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព នឹង​អាចជួយ​សង្គ្រោះ​ជីវិត មនុស្ស ជា​អ្នករួមដំណើរ​តាម​ម៉ូតូ ព្រមទាំង​កុមារ​បាន​យ៉ាងតិចណាស់ ៥៦១​នាក់ និង​ការពារ​ការរង​របួស​ក្បាល​រហូតដល់​១០,៥៧៤​នាក់ គិត​ត្រឹម​ឆ្នាំ​២០២០ ៕