រឿងរ៉ាវ​ដែល​ពិភពលោក​ចាប់អារម្មណ៍​នា​រយៈពេល​១២​ខែ​បន្ទាប់​នេះ​

​ឆ្នាំ​២០១៦ នេះ នឹងមាន​រឿង​ថ្មីៗ​បន្ថែមទៀត​ដែល​ត្រូវ​កត់ត្រា​ចូល​ប្រវត្តិសាស្ត្រ​។ ទូរទស្សន៍ CNN បានធ្វើការ​កត់សម្គាល់​លើ​ព្រឹត្តិការណ៍​មួយចំនួន​ដែល​នឹង​ទាញ​ចំណាប់អារម្មណ៍​មហាជន​លើ​ពិភពលោក​។​

-​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​៖
​វា​ជា​រឿង​នយោបាយ​របស់​អាមេរិក ប៉ុន្តែ​ពិភពលោក​មានការ​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​។ បើទោះបីជា​ការឃោសនា​កំពុងដំណើរការ​ក៏ដោយ ប៉ុន្តែ​គេ​ជឿថា លោក Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump នៃ​គណបក្ស​សាធារណរដ្ឋ នឹង​ក្លាយជា​គូប្រជែង​ចុងក្រោយ​ដើម្បី​ឈាន​ឆ្ពោះទៅ​ដឹកនាំ​ប្រទេស​មហាអំណាច សហរដ្ឋអាមេរិក​។

-​ឆ្នាំ​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​៖
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ទីមួយ​របស់​សហរដ្ឋអាមេរិក នឹង​ខិតខំ​ប្រឹងប្រែង​សាង​កេរ្តិ៍ឈ្មោះ​នា​ឆ្នាំ​ចុងក្រោយ​របស់ខ្លួន​នៅ​សេត​វិមាន​។ ការភ្ជាប់​ចំណង​ការទូត​ជាមួយ​គុយបា ជា​ចំណុច​វិជ្ជមាន​មួយ ហើយ​លោក​បន្ត​បង្ហាញ​ភាពជោគជ័យ​ក្នុង​ប្រតិបត្តិការ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ជាពិសេស​នៅ​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន ISIS ៖
​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ISIS នៅតែ​បន្ត​ពង្រីក​ឥទ្ធិពល​ខ្លួន​ដើម្បី​ប្រឆាំង​ពិភពលោក​។ ជាមួយគ្នានេះ ប្រតិបត្តិ​ការបង្ក្រាប​ក៏​កាន់តែ​កើតឡើង​ជា​ទ្រង់ទ្រាយ​ធំ​ផងដែរ​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។ ចលនា​នេះ នាំ​ឲ្យ​មានការ​ភ័យខ្លាច​ថា ជា​សង្គ្រាម​ដ៏​ធំ​មួយ​ក្នុង​សតវត្សរ៍​ថ្មី​។​

​មហិច្ឆតា​កាន់​ខ្ពស់​របស់លោក វ្លា​ឌី​មៀ ពូ​ទីន​៖
​លោក ពូ​ទីន នៅតែ​ជា​បុរស​ខ្លាំង​ក្នុង​ពិភពលោក ស្របពេល​ដែល​លោក អូ​បា​ម៉ា ស្ថិតក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​ការ​កាន់អំណាច​។ មេដឹកនាំ​រុស្ស៊ី​រូបនេះ នឹង​បន្ត​ពង្រីក​ទំនាក់ទំនង ជាមួយ​ប្រទេស​ដែល​មិនសូវ​ស៊ីគ្នា​ជាមួយ​សហរដ្ឋអាមេរិក ក្នុងនោះ​មានដូចជា អ៊ីរ៉ង់ អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប លី​បង់ រួមទាំង​តួ​ក​គី ជាដើម​។​

​អឺរ៉ុប​កាន់តែ​មាន​តួនាទី​ធំ​៖
​ការ​រួមគ្នា​ប្រឆាំង​អំពើ​ភេរវកម្ម និង​ចលនា​ជនភៀសខ្លួន បានធ្វើ​ឲ្យ​អឺរ៉ុប​មាន​តួនាទី​កាន់​ខ្ពស់ ជាពិសេស​ការពង្រឹង​សិទ្ធិអំណាច​នៅលើ​ពិភពលោក​។

​អាមេរិក​ឡាទីន និង​ការបញ្ចប់​ភាពជា​មេដឹកនាំ​មួយជីវិត​៖
​ខណៈដែល​អឺរ៉ុប មាន​បក្ស​ឆ្វេងនិយម និង​ស្តាំនិយម ភាពជា​មេដឹកនាំ​មួយជីវិត​នៅ​តំបន់​អាមេរិក​ឡាទីន ក៏​នឹង​ឈានដល់​ទីបញ្ចប់​ផងដែរ ដោយ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​កំពុង​ក្លាយជា​ចលនា​មួយ​ដ៏​រឹងមាំ ជាពិសេស​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា និង​ប្រេ​ស៊ី​ល ជាដើម​។ ពលរដ្ឋ​នឹង​ស្វែង​ខ្ពស់​ចំពោះ​មេដឹកនាំ​ដែល​គិតពី​ប្រយោជន៍​ជាតិ ធនធានធម្មជាតិ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

​ចិន និង​ឥណ្ឌា ស្ថិតក្នុង​ក្រសែភ្នែក​អន្តរជាតិ​៖
​ចិន​កំពុង​ប្រឈម​ជាមួយ​ប្រទេសជិតខាង​លើ​អធិបតេយ្យភាព​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជាមួយគ្នានេះ លោកខាងលិច​កំពុង​ផ្តោតអារម្មណ៍​ទៅលើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី​របស់​ចិន​ផងដែរ​។ ដោយ​ឥណ្ឌា ក្រៅពី​សេដ្ឋកិច្ច​ប្រដេញ​គ្នា​ជាមួយ​ចិន លោកនាយក​រដ្ឋមន្ត្រី Narendra Modi នឹង​បន្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ក្រោយ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​របស់លោក​នៅ​ប៉ា​គី​ស្ថាន​៕