ខេម វែក​ញែក​ជុំ​វិញ​រឿង​ Original Song


ខេម វែក​ញែក​ជុំ​វិញ​រឿង​ Original Song

តារា​ចម្រៀង លោក ខេម បាន​និយាយ​ថា ប្រសិន​បើ​ចង់​ឲ្យ​បទ​ចម្រៀង​ថ្មី ឬ Original Song មាន​គុណ​ភាព ផលិតកម្ម​ ឬ​ក្រុមហ៊ុន​ទាំង​អស់​ដែល​ធ្វើ​អាជីវកម្ម​លើ​បទ​ចម្រៀង ត្រូវ​ទិញ​តម្លៃ​ឲ្យ​ខ្ពស់​ទៅ​លើ​​ស្នាដៃ​អ្នក​និពន្ធ​ដែល​ផលិត​ឡើង។

 

ខេម វែក​ញែក​ជុំ​វិញ​រឿង​ Original Song

 

លោក ខេម ឆ្លើយ​តប​ជាមួយ Sabay ​ជុំវិញ​ការ​ងាក​មក​ច្រៀង​​បទ Original Song របស់​តារា​ចម្រៀង​មួយ​ចំនួន​ធំ នា​ពេល​បច្ចុប្បន្ន​នេះ។ លោក ​ថ្លែង​​ថា ” បើ​១ខែ​​គាត់​ធ្លាប់​ផលិត​បាន​១០ បទ គាត់​រក​​ចំណូល​បាន​៥០០ ទៅ៧០០ដុល្លារ បទ​គាត់​ចេញ​មក​ល្អ​ខ្លះ​អត់​ខ្លះ តែ​ផលិតកម្ម​ ឬ​ក្រុមហ៊ុន​ទិញ​​ពី​​អ្នក​និពន្ធ​ហ្នឹង​តម្លៃ​ឲ្យ​​ថ្លៃ ខ្ញុំ​គិត​ថា គាត់​នឹង​និពន្ធ​បាន​ល្អ​ជាង​នេះ ព្រោះ​គាត់​មិន​សម្រុក​យក​តែ​បរិមាណ​ទេ ច្បាស់​ជា​យក​គុណភាព​ច្រើន​ជាង ហើយ​ជីវភាព​គាត់​ក៏​​អាច​រស់​បាន​ប្រសើរ​ជាង​នេះ​ដែរ”។

 

តារា​ចម្រៀង​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​នេះ​ បាន​បន្ត​ថា លោក​ពិត​ជា​គាំទ្រ ដល់​តារា​ចម្រៀង ​​ក៏​ដូច​ជា​ផលិតកម្ម​ទាំង​អស់​ដែល​បាន​រួម​គ្នា​បង្កើត​បទ​​ចម្រៀង​​ថ្មីៗ។ យ៉ាង​ណា​ទន្ទឹម​គ្នា​នោះ​ លោក​ក៏​មិន​សូវ​ពេញ​ចិត្ត​ផង​ដែរ ទៅ​​ហ្នឹង​តារា​ចម្រៀង​ចាស់ៗ​មួយ​ចំនួន​ដែល​យក Original Song ធ្វើ​ជា​លេស ​ទាញ​ចំណាប់​អារម្មណ៍​។ “សូម​កុំ​យក Original Song ធ្វើ​​​ជា​លេស ​កាល​ខ្លួន​នៅ​​​ល្បី​ ម៉េច​មិន​ច្រៀង​ទៅ អាហ្នឹង​មកពី​​ច្រៀង​ទៅ​លែង​សូវ​ល្បី បាន​ទាញ​ Original Song មក​ឲ្យ​គេ​ចាប់​អារម្មណ៍​វិញ​នោះ” ។

 

ខេម វែក​ញែក​ជុំ​វិញ​រឿង​ Original Song

 

ម្ចាស់​បទ “បែក​ពី​អូន ​បង​មាន​លុយ​ចាយ​ជាង​មុន” បាន​បន្ថែម​ទៀត​ថា រឿង​បទ​ចម្លង​ ឬ Original Song មិន​ចាំ​បាច់​​ប្រាប់​គេ​ក៏​បាន ព្រោះ​​ពេល​​​ចេញ​ទៅ​ទស្សនិកជន​នឹង​​ដឹង​ខ្លួន​ឯង​​ហើយ សំខាន់​​ធ្វើ​បទ​ឲ្យ​តែ​ល្អ ហើយ​​ច្រៀង​ឲ្យ​ពីរោះ​ទៅគឺ​បាន​ហើយ។ មួយ​វិញ​ទៀត លោក​ថា ​ផលិតកម្មនានា គួរតែ​កុំ​លើក​តារា​ចម្រៀង​តាម​រយៈ​​​ខ្សែ​​តែ​ច្រៀង​មិន​កើត ហួសហេតុ​ពេក ផ្ទុយ​ទៅ​វិញ ​គួរ​ផ្ដល់​ឱកាស​ដល់​អ្នក​មាន​សមត្ថភាព​ជា​ជំនួស​វិញ​។

 

ទោះបី​ជា​គាំទ្រ ព្រម​ទាំង​លើក​ទឹក​ចិត្ត ដល់​ការ​ផលិត​បទ​ចម្រៀង Original Song ក្ដី តែ ខេម ក៏​​នៅ​តែ​បន្ត​ឲ្យ​ផលិតកម្ម​នានា​​ ចេញ​​បទ​ចម្លង​ពី​បរទេស​ខ្លះ​ៗ​ដដែល ព្រោះ​លោក​គិត​ថា ភ្លាម​ៗ​​ផលិតកម្ម​ មិន​អាច​ធ្វើ​បាន​១០០% ​ឡើយ។ ប៉ុន្តែ​យ៉ាង​ណា ចំពោះ​ការ​យក​បទ​ចម្រៀង​បរទេស​មក​ច្រៀង​នោះ ​​លោក​បាន​សំណូមពរ​ថា ផលិតកម្ម​ទាំង​អស់​ គួរតែ​ទិញ​សិទ្ធិ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជៀសវាង​ការ​រិះគន់៕

 

អត្ថបទ៖ ខុត សីហា