អាជ្ញាធរ​អប្សរា​នៅតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​

ជម្លោះដីធ្លី​រវាង​អាជ្ញាធរ​អប្សរា និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​នោះ​នៅតែ​មិនទាន់មាន​ដំណោះស្រាយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ បញ្ហា​នេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​រក​ដំណោះស្រាយ​សមស្រប​ជូន​ប្រជាពលរដ្ឋ​នោះទេ ហើយ​បណ្ដោយ​ឲ្យ​អាជ្ញាធរ​អប្សរា​បំពាន​លើ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​។ ហេតុនេះហើយ​ទើប​ថ្មីៗ​កន្លងទៅនេះ​ប្រជាពលរដ្ឋ​៣៨​គ្រួសារ​រស់នៅ​ស្រុក​បន្ទាយស្រី នាំគ្នា​ប្រមូលផ្ដុំ​ដេក​តវ៉ា​នៅលើ​ដី​មាន​ជម្លោះ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​ទំនាស់​ដីធ្លី​នេះ​អូសបន្លាយ​ជិត​១០​ឆ្នាំ​មកហើយ​។

មន្ត្រី​សង្គម​ស៊ីវិល​នៅក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តាំងពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​ក្នុងភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី បាននាំគ្នា​ទៅ​បោះជំរំ​ត​ដេក​តវ៉ា​លើដី​មានទំនាស់ ហើយ​ប្ដេជ្ញា​តវ៉ា​រហូត​មាន​ដំណោះស្រាយ​។ មន្ត្រី​សង្គម​ស៊ីវិល​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​លើដី​មាន​ជម្លោះ ដោយ​មិនទាន់មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​លើដី​មានទំនាស់​តែម្តង ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក អាជ្ញាធរខេត្ត និង​ស្ថាប័ន​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​ជាបន្ទាន់​។

តំណាង​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា បាន​អះអាងថា កន្លងមក​អាជ្ញាធរ​ស្រុក​បន្ទាយស្រី បាន​សន្យា​ដោះស្រាយ​ដូរ​ដី​ដែរ ប៉ុន្តែ​ពួកគាត់​មិន​ព្រម​ដោយសារតែ​ការដោះស្រាយ​នោះ​មាន​ត្រឹម​១៣​គ្រួសារ ហើយ​មិនដឹងថា ដី​ត្រូវ​ដូរ​នោះ​មាន​ទីតាំង​នៅឯណា​ឡើយ​។ ដោយសារតែ​ដំណោះស្រាយ​មិន​ច្បាស់លាស់​របស់​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ស្រុក​បន្ទាយស្រី ទើប​ជម្លោះដីធ្លី​ត្រូវ​អូសបន្លាយ​អស់​រយៈពេល​ជិត​១០​ឆ្នាំ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រឈម​នឹង​ទុក្ខលំបាក​គ្មាន​ទីបញ្ចប់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដី​មាន​ជម្លោះ​មាន​ទំហំ​១៦១​ហិកតា ដែល​ពួកគាត់​កាន់កាប់​បន្ត​តាំងពី​ដូនតា​មក បែរជា​អាជ្ញាធរ​អប្សរា​ចង់​បណ្ដេញ​ពួកគាត់​ចេញ​យ៉ាង​កំរោល​ដោយ​ពុំមាន​ដំណោះស្រាយ​សមស្រប​ដែល​អាច​ទទួលយកបាន​ឡើយ​៕

KhumBunSongលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប
sr-land-conflict-03-01-16-2016-01-03