ប៉ូលិស​ឃាត់​ខ្លួន​មនុស្ស​បី​នាក់​ក្រោយពី​ការ​ចាប់​ជំរិត​មិន​សម្រេច​នៅ​កំពង់​ស្ពឺ

ប៉ូលិស​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​និយាយ​ថា ពួកគេ​បាន​ឃុំ​ខ្លួន​បុរស​បី​នាក់​កាលពី​ថ្ងៃ​អាទិត្យ​ទាក់ទិន​នឹង​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ប៉ុនប៉ង​ចាប់​ជំរិត​ឈ្មួញ​ស្បៀង​ចម្រុះ កាលពី​ពីរ​ថ្ងៃ​មុន។

លោក សំ សាក់ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​សុក្រ​នៅ​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ផុង គី កំពុង​ជិះ​ម៉ូតូ​របស់​ខ្លួន​តាម​ផ្លូវ​ស្ងាត់​មួយ​ក្នុង​ស្រុក​ឧត្តុង្គ ស្រាប់តែ​​ពេល​នោះ​បុរស​ម្នាក់​បាន​ឃាត់​ម៉ូតូ​របស់​អ្នក​ស្រី និង​ចាប់​អ្នក​ស្រី​ចូល​ព្រៃ​ក្បែរ​នោះ។

លោក សំ សាក់ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា “យោង​តាម​ការ​រៀបរាប់​របស់​អ្នក​ស្រី​ឲ្យ​ដឹង​ថា អ្នក​ស្រី​កំពុង​ជិះ​ម៉ូតូ​ដើម្បី​ប្រមូល​ស្រូវ​ដែល​ទើប​ច្រូត​កាត់ ដែល​អ្នក​ស្រី​បាន​ទិញ​បណ្តាក់ ស្រាប់តែ​ពេលនោះ​ជន​សង្ស័យ​បាន​ចេញ​មក​និង​ឃាត់​អ្នកស្រី”។

លោក សាក់ បាន​និយាយ​ថា បន្ទាប់ពី​ចង​ក​ដៃ​ទៅ​ក្រោយ​និង​ចង​ជើង​ទាំង​ពីរ​របស់​អ្នកស្រី​ជាប់​នឹង​ដើម​ឈើ​តូច​មួយ​ដើម ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​នរណា​ម្នាក់​ពី​គ្រួសារ​របស់​អ្នក​ស្រី​តាម​ទូរស័ព្ទ​របស់​អ្នក​ស្រី ដើម្បី​ទារ​ប្រាក់​២០.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះលែង។ លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ជនសង្ស័យ​កំពុង​ដើរ​ចេញ​ទៅ​រង់ចាំ​ទទួល​យក​ប្រាក់ អ្នក​ស្រី​បាន​ប្រឹង​គេច​ខ្លួន។

លោក​នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សំ សាក់ បាន​មាន​ប្រសាសន៍​ថា “គាត់​បាន​ស្រាយ​ចំណង​ជើង​រួច ហើយ​បាន​រត់​ចេញ​ពី​ព្រៃ​នោះ​ទៅ​កាន់​ផ្ទះ​ប្រជាជន ដែល​នៅ​ទីនោះ​ហើយ​គាត់​បាន​សុំ​ឲ្យ​ជួយ​ស្រាយ​ចំណង​ពី​ដៃ​របស់​គាត់”។

លោក សាក់ បាន​និយាយ​ថា “គាត់​បាន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ភ្លាម​ដើម្បី​ដាក់​ពាក្យ​បណ្តឹង ក្រោយ​មក​កម្លាំង​ប៉ូលិស​របស់​យើង​បាន​ចាប់​ផ្តើម​តាម​រក​ចាប់​ខ្លួន​ជន​សង្ស័យ​ទៅ​តាម​ការ​រៀបរាប់​ប្រាប់​របស់​ជន​រងគ្រោះ​អំពី​ភិនភាគ ដូចជា សំឡេង មុខ និង​ខោ​អាវ”។

លោក​បាន​បន្ថែម​ថា “ការ​រៀបរាប់​របស់​គាត់​ពិតជា​ដូច​ជនសង្ស័យ​ដែល​យើង​បាន​ចាប់​ខ្លួន​នេះ​ណាស់”។

លោក សាក់ បាន​និយាយ​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​ឃុំ​ដំណាក់​រាំង នៅ​ចម្ងាយ​ប្រហែល​ពីរ​គីឡូម៉ែត្រ​ពី​ផ្ទះ​ជន​រងគ្រោះ និង​បាន​បញ្ជូន​ទៅ​ប៉ូលិស​ខេត្ត​កាលពី​រសៀល​ថ្ងៃ​សុក្រ។

លោក​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ល្អិតល្អន់​អំពី​ការ​ចាប់​ខ្លួន ឈ្មោះ​របស់​ជនសង្ស័យ ឬ​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​នេះ​របៀប​ណា​នោះ​ទេ។

លោក សំ សាក់ បាន​និយាយ​ថា “ជនល្មើស​នៅ​កន្លែង​[អធិការដ្ឋាន​នគរបាល​ខេត្ត]​របស់​ខ្ញុំ​នៅ​ឡើយ ហើយ​យើង​នឹង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​ព្រឹក​ស្អែក” ហើយ​ថា ឯកសារ​តុលាការ​បាន​រៀបចំ​រួច​ហើយ៕ និត

 

The post ប៉ូលិស​ឃាត់​ខ្លួន​មនុស្ស​បី​នាក់​ក្រោយពី​ការ​ចាប់​ជំរិត​មិន​សម្រេច​នៅ​កំពង់​ស្ពឺ appeared first on ខេមបូឌា ដេលី.